COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីវៀតណាម៖ ១០ថ្ងៃខាងមុខ គឺជាពេលដ៏សំខាន់ ក្នុងការប្រយុទ្ធជាមួយCOVID-19 នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ួនហ្វុក និយាយនៅក្នុងកិច្ចប្រជុំតាមអនឡាញជាមួយថ្នាក់ដឹកនាំខេត្តក្រុងចំនួន ១៥ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ VGP
× ក្នុងរយៈពេល ១០ថ្ងៃខាងមុខ វាគឺជាពេលដ៏សំខាន់បំផុតសម្រាប់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងជាមួយCOVID-19 ដែលកំពុងតែរាតត្បាតនៅក្នុងប្រទេស។ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ួនហ្វុក បានលើកឡើងបែបនេះ នៅថ្ងៃទី១២ ខែសីហា។
នៅល្ងាចថ្ងៃទី១២ ខែសីហា អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ថា មានករណីឆ្លងចំនួន ១៤ករណី និងព្រឹកថ្ងៃទី១៣ ខែសីហា មាន៣ករណីបន្ថែម។ តួលេខឆ្លងនេះ គឺថយចុះបន្តិច បើធៀបនឹងតួលេខឆ្លងកាលពីផ្ទុះ COVID-19 ដំបូងនៅក្នុងទីក្រុងដាណាង ដែលមានជាង ៤០ករណីឯណោះ។ ចំណែកអ្នកស្លាប់វិញ វៀតណាម បានកើនដល់ ១៨នាក់ហើយ ដោយសុទ្ធសឹងមានជំងឺរ៉ាំរ៉ៃប្រចាំខ្លួនទាំងអស់។
ពាក់ព័ន្ធករណីឆ្លងនេះ លោកង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងយ៉ាងដូច្នេះថា៖ « គួរកត់សម្គាល់ រយៈពេលចាប់ពីសប្តាហ៍នេះ ដល់ពាក់កណ្តាលសប្តាហ៍ក្រោយ គឺជាពេលដ៏សំខាន់បំផុត»។ លោកនាយករដ្ឋមន្ត្រី ក៏លើកជាសំណួរថា តើវៀតណាម គួរជ្រើសរើសយកវិធីសាស្ត្របែបណា ដើម្បីយកឈ្នះCOVID-19 ហើយ តើមេរៀនអ្វី ដែលវៀតណាម បានរៀនពីការផ្ទុះCOVID-19 ក្នុងពេលបច្ចុប្បន្ន?
តាមការចុះផ្សាយរបស់កាសែតរដ្ឋាភិបាលវៀតណាមVGP News លោក ហ្វុក បានអះអាងថា ពេទ្យចំនួន ៣០០នាក់ ត្រូវបានបញ្ជូនទៅខេត្តQuang Nam ដែលជាប់ក្រុងដាណាង។ កន្លងមក វៀតណាម ក៏បានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រជាច្រើនទៅទីក្រុងដាណាងរួចហើយដែរ។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ទីក្រុងដាណាង និងទីក្រុងហាណូយ បានចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនហើយ និងដាក់ចត្តាឡីស័ក អ្នកដែលធ្លាប់ទាក់ទងជាមួយអ្នកផ្ទុកCOVID-19 ទាំងអស់។
យ៉ាងណាក៏ដោយ ការធ្វើតេស្តទ្រង់ទ្រាយធំ អាចធ្វើបាន ទាល់តែមានសម្ភារធ្វើតេស្តគ្រប់គ្រាន់។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលវៀតណាម បានអំពាវនាវឲ្យបង្កើនការផលិតសម្ភារធ្វើតេស្តបន្ថែមទៀត ដើម្បីស្វែងរក COVID-19 ។
សូមបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលវៀតណាម បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃCOVID-19។ មិនតែប៉ុណ្ណោះ វៀតណាម បានយកកីឡដ្ឋានមួយធ្វើជាមន្ទីរពេទ្យ ដែលមានគ្រែចំនួន ១០០០ ថែមទៀតសម្រាប់ដាក់អ្នកជំងឺCOVID-19។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា វៀតណាម មានករណីឆ្លងសរុបចំនួន ៨៨៣ករណី, អ្នកស្លាប់មានចំនួន ១៨នាក់ និងអ្នកជាសះស្បើយមានចំនួន ៤០៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com