ជាតិ
សម្ដេច ស ខេង ផ្ដាំអាជ្ញាធរទាំងអស់ថា មុននឹងប្រឆាំងបដិវត្តព័ណ៌ ត្រូវប្រឆាំងខ្លួនឯងជាមុនសិន
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ប្រាប់ឱ្យមន្ត្រី និងអាជ្ញាធរ ដែលប្ដេជ្ញាប្រឆាំងបដិវត្តព័ណ៌ ដើម្បីការពាររដ្ឋាភិបាលស្របច្បាប់នោះ ត្រូវតែប្រឆាំងខ្លួនឯងជាមុនសិន សឹមទៅប្រឆាំងគេ។ សម្ដេច ស ខេង ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំង និងសមិទ្ធផលនានា របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ សីហានេះ។
សម្ដេច ស ខេង បានពន្យល់ថា ពាក្យប្រឆាំងបដិវត្តព័ណ៌ មិនមែនយកកាំភ្លើង ទៅគំរាមកំហែងអ្នកដទៃទេ ប៉ុន្តែជាពាក្យសម្រាប់ប្រើទប់ស្កាត់សកម្មភាពនានា ដែលធ្វើល្មើសច្បាប់ ចង់ផ្ដួលរំលំរដ្ឋាភិបាល។ ត្រង់ចំណុចនេះ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា បើមន្ត្រី ឬអាជ្ញាធរ ប្ដេជ្ញាប្រឆាំងបដិវត្តព័ណ៌នោះ ត្រូវប្រឆាំងខ្លួនឯងជាមុនសិន ពោលបានន័យថា មិនត្រូវរំលោភបំពានលើពលរដ្ឋឡើយ។
«យើងថាប្រឆាំងដាច់ខាតបដិវត្តព័ណ៌ ឥឡូវនិយមន័យពិតប្រាកដ ប្រឆាំងបដិវត្តព័ណ៌ហ្នឹងធ្វើម៉េច មិនមែនយកកាំភ្លើងទៅបាញ់គេទេ មិនមែនទេ ធ្វើអ៊ីចឹងខុសហើយ។(មុនប្រឆាំងបដិវត្តព័ណ៌) គឺយើងត្រូវប្រឆាំងខ្លួនយើងជាមុនសិន បានន័យថា យើងធ្វើល្អជាមួយប្រជាពលរដ្ឋ។ អាហ្នឹងហើយជាអាវុធដ៏ធំបំផុត។ ចុះបើយើងអាងអំណាចយើងទៅយកដីប្រជាជន ទៅរំលោភសិទ្ធ ឬក៏ផលប្រយោជន៍ផ្សេងទៀតរបស់ប្រជាជន អាហ្នឹងគេម៉េចសុខចិត្ត គេតវ៉ាអីហ្នឹង វាត្រឹមត្រូវរបស់គេហើយ…»។ នេះបើតាមសម្ដេច ស ខេង។
មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីមហាផ្ទៃ ក៏ផ្ដាំមន្ត្រី និងអាជ្ញាធរទាំងអស់ថា កុំមើលឃើញតែកំហុស ឬបញ្ហាអ្នកដទៃ ដោយភ្លេចមើលបញ្ហាខ្លួនឯង។«ដូចពាក្យខ្មែរថា បើអ្នកឯងចង្អុលគេ គឺចង្អុលតែ(ម្រាម)ដៃមួយទេ តែអាម្រាមដៃ៣នេះ វាចង្អុលមកយើងវិញ»។ នេះបើតាមសម្ដេច ស ខេង ដែលបន្ថែមថា ពេលខ្លះអាជ្ញាធរ មិនត្រូវយកឈ្នះ យកចាញ់លើពលរដ្ឋពេកទេ ប៉ុន្តែត្រូវចេះសម្របសម្រួលជាមួយពួកគាត់។
ជាមួយគ្នានេះសម្ដេច ស ខេង បានឆ្លៀតលើកយកករណីបញ្ហាដីធ្លីនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើឡើងវិញ នៅតំបន់អន្លុងថ្ម ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំកន្លងមកដែរ។ សម្ដេច បានបញ្ជាក់ថា ដីធ្លីនោះ គឺប្រជាពលរដ្ឋបាននាំគ្នារស់នៅ នឹងបង្កបង្កើនផលជាយូរឆ្នាំមកហើយ ស្រាប់តែខាងក្រសួងកសិកម្ម បានទៅឆ្វៀលដីសម្រាប់ស្ដារព្រៃឈើឡើងវិញនោះ ក៏ប៉ះពាល់ដីប្រជាពលរដ្ឋតែម្ដង។ រដ្ឋមន្ត្រីមហាផ្ទៃ ដែលបានដឹងពីបញ្ហានេះ បានហាមមិនឱ្យអាជ្ញាធរប្រើប្រាស់កម្លាំងហួសហេតុ ដែលធ្វើឱ្យពលរដ្ឋរងគ្រោះជាយថាហេតុណាមួយឡើយ។
ថ្លែងចំពោះមុខអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តត្បូងឃ្មុំ សម្ដេច ស ខេង បានបញ្ជាក់ដូច្នេះថា៖«មិនដឹងយ៉ាងម៉េចក្រសួងកសិកម្ម គាត់ទៅឆ្វៀលយកដីហ្នឹង ធ្វើជាស្ថានីយ(ស្ដារព្រៃឈើឡើងវិញ) វាប៉ះដីប្រជាជនកំពុងប្រើយកផលនោះ ដូចថា គាត់ដាំដំឡូង ដាំដំណាំផ្សេងទៀតយកផលប្រចាំរដូវរបស់គាត់ហ្នឹង(តែក្រសួងកសិកម្ម)ទៅឆ្វៀលយកដីគាត់ ទៅដាំដើមឈើ ។ នយោបាយបែបហ្នឹងវាត្រូវហើយ ។ ប៉ុន្តែយកដីប្រជាជនកំពុងអាស្រ័យផលយ៉ាងម៉េច ? ឥឡូវខ្ញុំកំពុងឱ្យពិនិត្យរឿងជាក់ស្ដែង ប៉ុន្តែយកកម្លាំងទៅចុះ ប៉ុន្តែមិនត្រូវប្រើអំពើហិង្សាដាច់ខាត។ អត់បានទេ»។
ប្រមុខក្រសួងមហាផ្ទៃ ក៏ផ្ដាំមន្ត្រីមុខងារសាធារណៈ ទាំងស៊ីវិល និងនគរបាល ត្រូវបំពេញមុខងារតាមតួនាទីជាមន្ត្រីមុខងារសាធារណៈ ដោយប្រកាន់ខ្ជាប់វិជ្ជាជីវៈខ្លួន ហើយមិនត្រូវរើសអើង និងបែងចែកប្រជាជន ដែលមាននិន្នាការនយោបាយផ្សេងគ្នាឡើយ៕
Tag:
ស ខេង
បដិវត្តព័ណ៌
© រក្សាសិទ្ធិដោយ thmeythmey.com