COVID-19
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ ប្រញាប់​រក​ប្រភព​ចម្លង COVID-19 ខណៈ​មាន​ករណី​១៤​ទៀត​
13, Aug 2020 , 11:27 am        
រូបភាព
ប្រជាជននូវែលសេឡង់ ទិញសម្ភារប្រើប្រាស់ចាំបាច់ទុក ក្រោយការប្រកាសការរឹតត្បិតជាថ្មី។ រូបភាព​AFP
ប្រជាជននូវែលសេឡង់ ទិញសម្ភារប្រើប្រាស់ចាំបាច់ទុក ក្រោយការប្រកាសការរឹតត្បិតជាថ្មី។ រូបភាព​AFP
​នូ​វែ​ល​សេ​ឡង់ កំពុង​ញាប់​ដៃជើង​ក្នុង​ការរក​ប្រភព​ចម្លងជំងឺ COVID-19 នៅ​ទីក្រុង Auckland ដែល​មកទល់ពេលនេះ​មាន​ករណី​ឆ្លង​ថ្មី​សរុប​១៧​ហើយ​។ ប្រជាជន​ក្នុង​ទីក្រុង Auckland នាំគ្នា​សម្រុក​ទៅ​ផ្សារ​ទំនើប​ដើម្បី​ទិញ​សម្ភារ​ប្រើប្រាស់​ចាំបាច់​ទុក ខណៈ​រដ្ឋាភិបាល​ប្រកាស​រឹតបន្តឹង​ជាថ្មី​ក្នុង​ទីក្រុង​មួយ​នេះ​។ នាយករដ្ឋមន្ត្រី ចា​ស៊ីន​ដា អា​ឌើ​ន ព្រមាន​នៅ​ថ្ងៃទី​១៣ ថា ករណី​ឆ្លង​ថ្មី​ទំនង​នឹងត្រូវ​បាន​រកឃើញ​បន្ថែមទៀត​។​

 
១០២​ថ្ងៃក្រោយ​គ្មាន​ករណី​ឆ្លង COVID-19 ក្នុង​សហគមន៍ នូ​វែ​ល​សេ​ឡង់​ក៏មាន​ការឆ្លង​ជា​ចង្កោម​ថ្មី​ក្នុងប្រទេស​។ នៅ​ថ្ងៃទី​១៣ ខែសីហា ក្រសួងសុខាភិបាល​នូ​វែ​ល​សេ​ឡង់ ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​១៣​នាក់​ថ្មី​នៅ​ទីក្រុង Auckland បន្ទាប់ពី​រកឃើញ​មួយ​គ្រួសារ​បួន​នាក់ ជា​ករណី​ឆ្លង COVID-19 ថ្មី​របស់​នូ​វែ​ល​សេ​ឡង់​កាលពី​ពីរ​ថ្ងៃមុន​។ ប្រទេស​នេះ​ក៏មាន​ករណី​ឆ្លង​នាំចូល​ពី​បរទេសមួយ​ផងដែរ ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​បច្ចុប្បន្ន​មាន​៣៦ ខណៈ​ករណី​ឆ្លង​សរុប​ទូទាំងប្រទេស​មាន​១៥៨៩​នាក់​។​
 
​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៣ ខែសីហា នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ ចា​ស៊ីន​ដា អា​ឌើ​ន និយាយថា នូ​វែ​ល​សេ​ឡង់​កំពុងស្ថិត​ក្នុងស្ថានភាព​យ៉ាប់យ៉ឺន តែ​វា​នឹង​ត្រូវបាន​ដោះស្រាយ​យ៉ាង​ប្រញាប់ តាម​វិធីសាស្ត្រ​សមស្រប​។ អ្នកស្រី ក៏​កត់សម្គាល់​ដែរ​ថា ស្ថានភាព​នឹង​អាក្រក់ មុន​ប្រែ​ទៅជា​ល្អ​នៅពេល​ក្រោយ ហើយ​ករណី​ឆ្លង​ថ្មី​ទំនងជា​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ខាងមុខ​ទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ពេលនេះ អាជ្ញាធរ​នូ​វែ​ល​សេ​ឡង់ កំពុង​តាមរក​ប្រភព​ចម្លង​ថ្មី​នេះ​។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី មាន​ករណី​បី​ធ្វើការ​នៅ​កន្លែង​ស្តុក ដែលជា​ទីតាំង​សមាជិក​ម្នាក់​ក្នុងចំណោម​គ្រួសារ​បួន​នាក់​ឆ្លង COVID-19 មុនគេ ធ្វើការ​ដែរ​។ អគ្គនាយក​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ Ashley Bloomfield និយាយថា អាជ្ញាធរ​ខិត​កាន់តែ​ជិត​ក្នុង​ការរក​អ្នកជំងឺ​ដំបូង​គេ​បង្អស់​។ លោក Bloomfield ធ្លាប់​និយាយថា វីរុស​ទំនង​ចូល​នូ​វែ​ល​សេ​ឡង់​តាម​ការ​ទំនិញ​កក​ដែល​ដឹកជញ្ជូន​ពី​ក្រៅប្រទេស​។​
 
​ជាមួយ​ករណី​ឆ្លង​ថ្មី ទីក្រុង Auckland ដែលជា​ទីក្រុង​ធំជាងគេ​នៅ​នូ​វែ​ល​សេ​ឡង់ ត្រូវ​ស្ថិតក្រោម​ការ​រឹតត្បិត​កម្រិត​បី ហើយ​ផ្នែក​ឯទៀត​របស់​ប្រទេស​នេះ ស្ថិតក្រោម​វិធានការ​កម្រិត​ពីរ​។ ប្រជាជន​ទីក្រុង​នេះ នាំគ្នា​ទិញ​សម្ភារ​ចាំបាច់​ផ្សេង​ទុក ព្រោះ​ប្រជាជន​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ដើរហើរ​ក្រៅ​ផ្ទះ​ឡើយ បើ​គ្មាន​ការចាំបាច់​អំឡុងពេល​ការ​រឹតបន្តឹង​នេះ​។ ប្រជាជន​ខ្លះទៀត តម្រង់​ជួរ​ទទួល​ការធ្វើ​តេស្ត​រក​ជំងឺ COVID-19 ផងដែរ​៕

Tag:
 នូ​វែ​ល​សេ​ឡង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com