កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel៖ PSG សមនឹងឈ្នះ! ហើយ២គ្រាប់ដែលរកបានចុងម៉ោងមិនមែនសំណាងឡើយ
× Paris Saint-Germain បានវាយបកយកឈ្នះ Atalanta ក្នុងលទ្ធផល ២-១ វិញនៅចុងម៉ោង ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ លោក Thomas Tuchel អះអាងថា២គ្រាប់ដែល PSG រកបាននៅនាទី៩០បូក មិនមែនកើតឡើងដោយសំណាងឡើយ ក្រោយការនាំមុខ១គ្រាប់របស់គូប្រជែងរយៈពេល៩០នាទី។
នេះជាការឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលអឺរ៉ុបជាលើកដំបូងរបស់ PSG ក្នុងរយៈពេល២៥ឆ្នាំ បន្ទាប់ពីខ្សែការពារ Marquinhos និងខ្សែប្រយុទ្ធ Eric Maxim Choupo-Moting ស៊ុតម្នាក់មួយគ្រាប់នៅនាទី៩០ និង៩៣។
នាការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅទឹកដីកណ្តាលក្នុងកីឡដ្ឋាន Estadio da Luz ប្រទេសព័រទុយហ្គាល់ នៅរាត្រីថ្ងៃទី១២ ខែសីហា ក្រុមអ៊ីតាលី Atalanta បានរកគ្រាប់បាល់នាំមុខមុនតាំងពីនាទី២៧ ដោយខ្សែប្រយុទ្ធ Mario Pasalic ហើយលទ្ធផល ១-០ នៅរក្សាដល់នាទី៩០។ យ៉ាងណាក៏ដោយ តាមរយៈការវាយសម្រុកយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមយក្សបារាំងដែលមានកីឡាករឆ្នើម Neymar និង Kylian Mbappe នោះ បានបង្កើតឱកាសសម្រាប់ក្រុមលោក Tuchel អាចបានដល់ទៅ២គ្រាប់វិញ។
លោក Tuchel បានប្រាប់កាសែត RMC Sport ថាជ័យជម្នះដោយការវាយបករបស់ PSG លើក្រុម Atalanta ក្នុងលទ្ធផល ២-១ នៅចុងម៉ោងនេះមិនមែនកើតឡើងដោយសំណាង ឬចៃដន្យនោះទេ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ដែលរងរបួសជើងផងនោះប្រាប់ថា៖« ចាប់តាំងពីនាទី៨៥ ដល់៨៨ ដែលគូប្រជែងកំពុងនាំមុខ ១-០ ខ្ញុំនៅតែប្រាកដថា PSG នឹងអាចរកបាន១គ្រាប់មិនខាន។ ខ្ញុំបាននិយាយទៅកាន់ជំនួយការរបស់ខ្ញុំថា ខ្ញុំប្រាកដថាយើងនឹងរកគ្រាប់បាល់ទីពីរភ្លាមៗប្រសិនបើយើងរកបានគ្រាប់បាល់តាមស្មើហើយនោះ។ ខ្ញុំមានអារម្មណ៍នេះ។ យើងសមនឹងទទួលបានលទ្ធផលនេះ ទោះយឺតបន្តិចក្តី។ ខ្ញុំពេញចិត្តរបៀបលេងរបស់កូនក្រុមខ្ញុំសម្រាប់ជំនួបនេះខ្លាំងណាស់»។
ដោយសារការប្រកួតតម្រូវឲ្យប្រកួតតែមួយជើង នោះ PSG អាចទទួលបានកៅអីទៅអង្គុយចាំនៅវគ្គ១/២ផ្តាច់ព្រ័ត្រតែម្តង ដោយត្រូវរង់ចាំការជួយគ្នារវាង RasenBallsport Leipzig និង Atletico Madrid ដែលត្រូវប្រជែងគ្នានៅរាត្រីថ្ងៃទី១៣ ខែសីហានេះ វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]៕
Tag:
Paris Saint-Germain
Thomas Tuchel
Champions League
© រក្សាសិទ្ធិដោយ thmeythmey.com