កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន ថ្នាក់ជាតិ៖ បឹងកេតប៉ះសៀមរាប ខណៈស្វាយរៀងជួបសូលទីឡូអង្គរ កីឡាករ សៀង ចន្ធា ខ្សែប្រយុទ្ធរបស់ក្រុមបឹងកេត, រូបភាពពី CNCC
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានការប្រកួតចំនួនពីរគូ ក្នុងនោះក្រុមបឹងកេតតទល់ជាមួយសៀមរាប ខណៈព្រះខ័នរាជស្វាយរៀងស្វាគមន៍សូលទីឡូអង្គរ។ សម្រាប់ការប្រកួតកាលពីម្សិលមិញ កងយោធពលខេមរភូមិន្ទ ខេត្តព្រៃវែង ណាហ្គាវើល និងភ្នំពេញក្រោនសុទ្ធតែទទួលបានជ័យជម្នះ រីឯនគរបាលជាតិបានត្រឹមស្មើគីរីវង់សុខសែនជ័យ។
ក្រុមសៀមរាបត្រូវបើកទ្វារកីឡដ្ឋានខេត្តសៀមរាបទទួលស្វាគមន៍បឹងកេតនាជំនួបជើងទី១នៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិនៅម៉ោង៣:៣០នាទីរសៀលនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នេះ។ ក្រុមចំណាត់ថ្នាក់លេខ៤ថ្នាក់ខេត្ត សៀមរាប ត្រូវធ្វើការធ្ងន់បន្តិចនៅថ្ងៃនេះ ដ្បិតបឹងកេតជាក្រុមលេងក្នុងលីគកំពូល និងជាម្ចាស់ការពារតំណែងជើងឯកនៃពានរង្វាន់នេះ។
ចំណែកម្ចាស់ជើងឯករងឆ្នាំចាស់ព្រះខ័នរាជស្វាយរៀង ត្រូវតទល់ជាមួយក្រុមសូលទីឡូអង្គរ ដែលជាសមាជិកនៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគដូចគ្នា នៅម៉ោង៦ល្ងាច នាកីឡដ្ឋានខេត្តស្វាយរៀង។ បើមើលប្រវត្តិព្រះខ័នរាជស្វាយរៀងជាក្រុមដែលឈ្នះជើងឯកពានរង្វាន់នេះច្រើនជាងគេ គឺរហូតដល់៤រដូវកាល។
សម្រាប់ការប្រកួតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមកងយោធពលខេមរភូមិន្ទ, ណាហ្គាវើល, ភ្នំពេញក្រោន និងខេត្តព្រៃវែងសុទ្ធតែជាក្រុមមានប្រៀប ក្រោយពួកគេយកឈ្នះគូប្រកួតរៀងៗខ្លួននាជំនួបជើងទី១ ក្នុងនោះកងយោធពលខេមរភូមិន្ទយកឈ្នះខេត្តកែប ១០-២, ណាហ្គាវើលយកឈ្នះអគ្គិសនីកម្ពុជា ៣-២ ភ្នំពេញក្រោនយកឈ្នះអាស៊ីអឺរ៉ុប ៤-០ រីឯក្រុមព្រៃវែង ដែលជាម្ចាស់ជើងឯកថ្នាក់ខេត្តយកឈ្នះអង្គរថាយហ្គឺរ ៣-២។ ចំណែកក្រុមគីរីវង់សុខសែនជ័យបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីជាមួយនគរបាលជាតិ៕
Tag:
បាល់ទាត់
Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com