COVID-19
អន្តរជាតិ
ចិន រកឃើញ​កូ​រ៉ូ​ណាវី​រុស​នៅជាប់​ស្លាបមាន់ និង​កញ្ចប់​បង្គា​ក្លាសេ ដែល​នាំចូល​ពី​ប្រេ​ស៊ី​ល​និង​អេ​ក្វា​ឌ័​រ​
13, Aug 2020 , 2:14 pm        
រូបភាព
រូបភាព៖ Global Times
រូបភាព៖ Global Times
​អាជ្ញាធរ​ក្រុង​សិន​ជិន នៅ​ថ្ងៃទី​១៣ ខែសីហា រាយការណ៍​ថា ខ្លួន​បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស មាន​ជាប់​នៅ​ស្លាបមាន់​ក្លាសេ ដែល​នាំចូល​មកពី​ប្រេ​ស៊ី​ល​។ មុននេះ​មួយថ្ងៃ ទីក្រុង​ចិន​មួយ ក៏​ប្រកាស​ពី​ការរកឃើញ​កូ​រ៉ូ​ណា​វីរុស​នៅលើ​កញ្ចប់​បង្គា​នាំចូល​ពី​អេ​ក្វា​ឌ័​រដែរ​។​

 
​តាម​ការអះអាង​របស់​រដ្ឋាភិបាល​ក្រុង​សិន​ជិន សំណាក​ស្លាបមាន់​មួយ ក្នុងចំណោម​ស្លាបមាន់​ក្លាសេ​ជាច្រើន​ទៀត ដែល​នាំចូល​មកពី​ប្រេ​ស៊ី​ល ត្រូវបាន​តេស្ត​រកឃើញ​មាន​កូ​រ៉ូ​ណាវី​រុស​។ អាជ្ញាធរ ក៏បាន​ប្រញាប់​ស្វែងរក​អ្នក​ដែល​បាន​ប៉ះពាល់​ស្លាបមាន់​ទាំងនេះ​។ អ្នក​ដែល​ប៉ះពាល់​ទាំងអស់ ត្រូវធ្វើ​តេស្ត និង​ចេញ​លទ្ធផល​អវិជ្ជមាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្រៅពី​ស្លាប​មាន់នៅ​ស៊ិន​ជិន អាជ្ញាធរ​ក្រុង​អ៊ូ​ហ៊ូ ខេត្ត​អាន​ហ៊ុយ នៅ​ថ្ងៃទី​១២ ខែសីហា ក៏បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស​នៅជាប់​កញ្ចប់​ខាងក្រៅ​នៃ​បង្គា​ក្លាសេ​ដែល​ត្រូវបាន​ទិញ​ដោយ​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ ហើយ​ជា​ផលិតផល​នាំចូល​មកពី​អេ​ក្វា​ឌ័​រ​។ បើតាម​ការអះអាង​រប​ស់​ភោជនីយដ្ឋាន​ក្រុង​Wuhu ផលិតផល​ទាំងនេះ ខ្លួន​បាន​ក្លាសេ​ទុក តាំងពី​ទិញ​មក​ម្លេះ ហើយ​គ្រប់​ផលិតផល​ទាំងអស់ គឺ​ខ្ចប់​ជិត​។ 
 
​អាជ្ញាធរ​សុខាភិបាល បានធ្វើ​តេស្ត បុគ្គលិក​នៅក្នុង​ភោជនីយដ្ឋាន​ក្នុង​ក្រុង​Wuhu ទាំងអស់ បូក​រួមទាំង​បុគ្គលិក​ក្រុមហ៊ុន​លក់​បង្គារ និង​សមាជិកគ្រួសារ និង​រកឃើញថា​មិនមាន​ផ្ទុក​COVID-19​។ 
 
​នាពេល​កន្លងមក ចិន​ក៏​ធ្លាប់​រកឃើញ​ករណីបែបនេះ​ដែរ នៅតាម​កំពង់ផែ​ក្រុង Xiamen និង​ក្រុង​Dalian​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ចិន ផ្អាក​ការ​នាំចូល​បង្គារ​ពី​ក្រុមហ៊ុន​នាំចូល​បង្គារ​ចំនួន​៣ ពី​អេ​ក្វា​ឌ័​រ​កាលពី​ខែកក្កដា​។ នៅ​ថ្ងៃទី​១២ ខែសីហា អាជ្ញាធរ​អេ​ក្វា​ឌ័​រ បាន​អះអាងថា ចិន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន ១​ក្នុងចំណោម​៣ នាំចូល​វិញ​ហើយ បន្ទាប់ពី​ក្រុមហ៊ុន យល់ព្រម​កែលម្អ​ការដឹកជញ្ជូន​ឡើងវិញ​។​
 
​កាលពី​ខែមិថុនា ករណី​ឆ្លង COVID-19 បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ប៉េកាំង ដោយ​អាជ្ញាធរ​ដាក់​ការសង្ស័យ​លើ​ផ្សា​របោះ​ដុំ​មួយ​ដែល​លក់ទំនិញ​នាំចូល​ពី​បរទេស​មាន​គ្រឿង​សមុទ្រ​ស្រស់​ជាដើម​។ បន្ទាប់មក អាជ្ញាធរ​ចិន ក៏បាន​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​បំផុត​លើ​សាច់ និង​គ្រឿង​សមុទ្រ ដែល​នាំចូល​មកពី​បរទេស​៕ 
 
​គិត​ត្រឹម​ថ្ងៃទី​១៣ ខែសីហា ចិន មាន​ករណី​COVID-19 សរុប​ចំនួន ៨៤៧៥៦​ករណី អ្នកស្លាប់​មាន​ចំនួន ៤៦៣៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៩៣៩៨​នាក់​។ 
 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com