សម្ដេច ស ខេង​៖ ស៊ុយអែត​បង្វែរ​ជំនួយ​ពី​រដ្ឋាភិបាល មិនមែនជា​កំហុស​ទេ តែ​យើង​ត្រូវ​ភ្ញាក់​រឭក​ខ្លួនឯង​
ជាតិ
សម្ដេច ស ខេង​៖ ស៊ុយអែត​បង្វែរ​ជំនួយ​ពី​រដ្ឋាភិបាល មិនមែនជា​កំហុស​ទេ តែ​យើង​ត្រូវ​ភ្ញាក់​រឭក​ខ្លួនឯង​
13, Aug 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​ស៊ុយអែត បង្វែរ​ជំនួយ​ពី​រដ្ឋាភិបាល ដើម្បី​យកទៅ​ពង្រឹង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ មិនមែនជា​កំហុស​ទេ តែ​វា​ជាការ​ដាស់​ឱ្យ​កម្ពុជា ភ្ញាក់​រឭក​ខ្លួន​ទៅវិញ​។ សម្ដេច ស ខេង ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ទីតាំង និង​សមិទ្ធផល​នានា របស់​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៣ សីហា​នេះ​។​


​សម្ដេច ស ខេង បាន​បញ្ជាក់ថា ការ​បង្វែរ​ជំនួយ​ទៅ​លើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ វា​ក៏​ជា​ផ្នែក​មួយ​ល្អ​សម្រាប់​កម្ពុជា ដែល​ត្រូវ​ពង្រឹង​ការងារ​ខ្លួន ដើម្បី​កុំឱ្យ​មាន​កំហុសឆ្គង​ដែរ​។ ថ្លែង​ចំពោះមុខ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ សម្ដេច ស ខេង បានបញ្ជាក់​ដូច្នេះ​ថា​៖«(​ស៊ុយអែត​)​គាត់​ថា គាត់​នៅតែ​ជួយ​កម្ពុជា ប៉ុន្តែ​លុយ​នោះ បង្វែរ​ទៅ​រឿង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដូច្នេះ​គាត់​នឹង​ប្រើ​លុយ​នេះ តាមរយៈ​NGO(​សង្ក​ម​ស៊ីវិល​) ។ អ៊ីចឹង​ហើយ យើង​ត្រូវ​គិតថា វា​ជា​នយោបាយ​របស់គេ ដោយ​យើង​មិនត្រូវ​ចាត់ទុក​ស៊ុ​អែ​ត​ខុស​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​យើង ក៏​ប្រកាន់យក​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស​ដែរ​។ ដូច្នេះ​គឺថា វា​អត់​មានអី​ខុស​ទេ​។ ប៉ុន្តែ​យើង ដល់ពេល​ហ្នឹង យើង​ត្រូវ​ភ្ញាក់​រឭក​ខ្លួនឯង ត្រូវខិតខំ​ប្រឹងប្រែង​យ៉ាងម៉េច ដើម្បី​កុំឱ្យ​មាន​កំហុស​ធំដុំ ដែល​គេ​អាច​យក​ទៅជា​ឈ្នាន់​»​។ 



 
​កន្លងមក​រដ្ឋាភិបាល​ស៊ុយអែត បានផ្ដល់​ជំនួយ​ថវិកា​ជាង​២០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ដល់​រដ្ឋាភិបាល សម្រាប់​អនុវត្ត​លើ​គម្រោង​បរិស្ថាន អប់រំ និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​។​នេះ​បើតាម​សម្ដេច ស ខេង​។​
 
​កាលពី​ថ្ងៃទី​១២ មិថុនា​កន្លងមក រដ្ឋាភិបាល​ស៊ុយអែត បានសម្រេច​បង្វែរ​ជំនួយ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា ដោយ​ផ្ដោតទៅលើ​ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​វិញ​។ ស៊ុយអែត ក៏បាន​រៀបរាប់ថា​មូលហេតុ​ដែល​ខ្លួន​ចង់​ពង្រឹង​លើ​វិស័យ​ទាំង​៣​នេះ ព្រោះ​មើលឃើញ​ពី​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រយៈពេល​ចុងក្រោយ​នេះ មានការ​រឹតត្បិត​សេរីភាព​ធ្ងន់ធ្ងរ​។ ស៊ុយអែត នឹង​ផ្ដល់ជំនួយ​គាំទ្រ​លើ​ការលើកកម្ពស់​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នេះ តាមរយៈ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។​
 
​ជំនួយ​អភិវឌ្ឍន៍​របស់​ស៊ុយអែត​សម្រាប់​កម្ពុជា កាលពី​ឆ្នាំ ២០១៩  មាន​ទឹកប្រាក់​ជិត ២៤ លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​៕

Tag:
 ស ខេង​
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com