ពីនេះ ពីនោះ
ប្រភេទ​ត្រី​ទឹកសាប​ជាច្រើន​បាន​ធ្លាក់ចុះ ៧៦ ភាគរយ ក្នុង​រយៈពេល​តិចជាង ៥០ ឆ្នាំ (​ត​)​​​​​
14, Aug 2020 , 7:59 am        
រូបភាព
​ត្រី​រាជ រស់នៅក្នុង​ទន្លេមេគង្គ ដែលជា​ត្រី​កំពុង​គ្រោះថ្នាក់​ជិត​ផុត​ពូជ​។ ត្រី​ប្រភេទ​នេះ វា​អាច​លូតលាស់​ដល់ ៣០០​គ​ឡូ​ក្រាម វា​កំពុងស្ថិត​នៅក្បែរ​មាត់ជ្រោះ​នៃ​ការ​ផុត​ពូជ​ពី​ធម្មជាតិ​ទៅហើយ ។ រូបភាព​៖ ហ្សេ​ប ហូ​ហ្គេ​ន​។
​ត្រី​រាជ រស់នៅក្នុង​ទន្លេមេគង្គ ដែលជា​ត្រី​កំពុង​គ្រោះថ្នាក់​ជិត​ផុត​ពូជ​។ ត្រី​ប្រភេទ​នេះ វា​អាច​លូតលាស់​ដល់ ៣០០​គ​ឡូ​ក្រាម វា​កំពុងស្ថិត​នៅក្បែរ​មាត់ជ្រោះ​នៃ​ការ​ផុត​ពូជ​ពី​ធម្មជាតិ​ទៅហើយ ។ រូបភាព​៖ ហ្សេ​ប ហូ​ហ្គេ​ន​។
​ដោយ​៖ STEFAN LOVGREN / National Geographic
 
​លោក ហ្សេ​ប ហូ​ហ្គេ​ន ជា​ជីវ​វិទូ​ជលផល នៃ​សាកលវិទ្យាល័យ​ណេ​វ៉ា​ដា ក្នុង​ទីក្រុង​រី​ណូ និង​ជា​សហ​អ្នកនិពន្ធ នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ មានការ​សង្ស័យថា ការធ្លាក់ចុះ​នៃ​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​នៅ​អាស៊ី មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​របាយការណ៍​ដែល​បានលើកឡើង​ទៅទៀត​។ គាត់​លើកឡើង​ពី​ទន្លេមេគង្គ ដែល​ហូរ​កាត់​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន​៦ និង​ជាទី​ជម្រក​របស់​ប្រភេទ​ត្រី​ទឹកសាប ដែលមាន​ទំហំ​ខ្លួន​ធំជាងគេ​នៅលើ​ពិភពលោក​។ ភាគច្រើន វា​ជា​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ឆ្ងាយ និង​ងាយ​រងគ្រោះ​ដោយសារ​ទំនប់​វារិ​អគ្គិសនី និង​ការនេសាទ​ហួស​កម្រិត​។

 
​លោក​បណ្ឌិត ហូ​ហ្គេ​ន ដែលជា​អ្នករុករក​របស់ National Geographic និង​ជា​អ្នកដឹកនាំ​គម្រោង​ស្រាវជ្រាវ «​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​» ដែល​គាំទ្រ​ដោយ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ USAID បាន​និយាយថា​៖ «​ដោយសារតែ​កង្វះខាត​ទិន្នន័យ ពពួក​ត្រី​ទាំងនេះ មិនត្រូវ​បាន​គេ​រាប់បញ្ចូល​ទៅក្នុង​របាយការណ៍​ទេ ក៏ប៉ុន្តែ ជាការ​ធ្លាក់ចុះ​ដ៏​មហន្តរាយ​មួយ​។​
 
​ការសិក្សា​មួយ​ដែល​ធ្វើ​ដោយ​គម្រោង​នេះ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​កាលពី​ខែ​មុន ក្នុង​ទស្សនា​វ​ដ្តី «​ទឹក​» បាន​បង្ហាញថា ត្រី​យក្ស​ជាច្រើន​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​នៅតាម​ដង​ទន្លេមេគង្គ បាន​បាត់បង់​ស្ទើរ​អស់​។ ត្រី​រាជ ដែល​អាច​លូតលាស់​ធំធាត់​ដល់ ៣០០​គីឡូក្រាម គឺ​បាន​ខិតជិត​ទៅរក​ការ​ផុត​ពូជ​ពី​ក្នុង​ទីជម្រក​ធម្មជាតិ​ទៅហើយ​។​
 
​នៅលើ​កំណត់ចំណាំ​ជា​វិជ្ជមាន​មួយ  ក្នុង​របាយការណ៍​បាន​បង្ហាញថា នៅពេល​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​មិន​ប្រឈម​នឹង​ការគំរាមកំហែង​អ្វី​ទេ នោះ​ចំនួន​របស់​វា​ច្រើន​នឹង​កើនឡើង​។ លើសពីនេះ​ទៀត ប្រភេទ​ត្រី​ដែល​ទទួលបាន​ការអន្តរាគមន៍ ដើម្បី​ធ្វើការ​អភិរក្ស​ពី​មនុស្ស រួមមាន សកម្មភាព​រឹតបន្តឹង​ច្បាប់​ជលផល ការកំទេច​ទំនប់​វារិ​អគ្គិសនី​ចោល ឬ ការការពារ​ស្របច្បាប់ ចំនួន​នៃ​ការធ្លាក់ចុះ គួរតែមាន​តិចជាង​ប្រភេទ​ត្រី​ដែល​មិន​ទទួលបាន​ការអន្តរាគមន៍​ដើម្បី​ធ្វើការ​អភិរក្ស​។​
 
​របាយការណ៍​នេះ បានទាមទារ​ឱ្យមាន​ផែនការ​ស្តារឡើងវិញ​បន្ទាន់​មួយ ដែល​រួមមាន ការអនុញ្ញាតឱ្យ​ទន្លេ​ហូរ​បាន​ដោយ​សេរី និង​តាម​ធម្មជាតិ ធ្វើឱ្យ​ប្រសើរឡើង​នូវ​តំណ​ភ្ជាប់​ទន្លេ និង​ផ្លូវទឹក កាត់បន្ថយ​ការបំពុល និង​ការនេសាទ​ហួស​កម្រិត និង​ការការពារ​តំបន់ដីសើម​ជាដើម​។ របាយការណ៍​នេះ ក៏​អំពាវនាវ​ផងដែរ ឱ្យមាន​ការត្រួតពិនិត្យ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ឱ្យបាន​ប្រសើរ​ជាង​មុន​អំពី​ប្រភេទ​ត្រី​ទាំងនោះ យុទ្ធនាការ​ជម្រុញ​ឆន្ទៈ​នយោបាយ និង​សាធារណៈ ដើម្បី​ការពារ​សត្វ​រស់នៅក្នុង​ទឹកសាប និង​ការវិនិយោគ​លើ​ជម្រើស ដែលមាន​និរន្តរភាព ជំនួស​ឱ្យ​វារិ​អគ្គិសនី​៕

© រក្សាសិទ្ធិដោយ thmeythmey.com