ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩
13, Aug 2020 , 9:59 pm        
រូបភាព
អ្នក​អុំទូកនៅមុខ​ព្រះបរមរាជវាំងកាលពីឆ្នាំ២០១៨
អ្នក​អុំទូកនៅមុខ​ព្រះបរមរាជវាំងកាលពីឆ្នាំ២០១៨
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ពិធីបុណ្យ​ជាតិ​នេះ នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០១ ខែតុលា ។​នេះ​បើតាម​លិខិត​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ជម្រាប​ដំណឹង​ទៅ​សម្តេចចៅហ្វា​វាំង គង់ សំអុល កាលពី​ថ្ងៃទី​១១ សីហា​។​

 
​លោក ប៊ូ ជុំ​សេរី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក​មិនទាន់​ទទួលបាន​ដំណឹង​ពី​ការផ្អាក​ពិធីបុណ្យ​អុំទូក​នេះ​នៅឡើយ​ទេ​។ 
 
​តែ​យ៉ាងណា លោក ប៊ូ ជុំ​សេរី យល់ថា ការសម្រេច​ផ្អាក​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​នេះ ពិតជា​រឿង​ដ៏​ត្រឹមត្រូវ​ដែល​រាជរដ្ឋាភិបាល​គិតគូរ​ពី​សុវត្ថិភាព​ពលរដ្ឋ​។ លោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ដូចជា​មាន​មូលហេតុ​តែមួយ​ទេ គឺ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​ពិធីបុណ្យ​នេះ​មាន​មនុស្ស​រាប់សែន រាប់ម៉ឺន​នាក់ មកពី​គ្រប់​ខេត្ត ស្នាក់នៅ​រួមគ្នា​។ អាហ្នឹង យើង​ការពារ​មិន​បានទេ​»​។ 
 
​ទាក់ទង​នឹង​ថា​តើ​ថ្ងៃបុណ្យ​អុំទូក​ឆ្នាំនេះ​ឈប់សម្រាក​ឬ​អត់​នោះ លោក ប៊ូ ជុំ​សេរី បាន​អះអាង​ដូច្នេះ​ថា​៖«​តាមពិត​យើង​អត់​ធ្វើ​ឆ្នាំ​ហ្នឹង អ៊ីចឹង​អាច​នឹង​ឆ្នាំក្រោយ​។ បើ​ថ្ងៃ​ឈប់​គឺ​យើង​ប្រហែលជា​ឈប់​ធម្មតា​។ ខ្ញុំ​មិនទាន់​ច្បាស់​ដែរ ព្រោះ​យើង​មិនទាន់​ទទួល​ជា​ផ្លូវ​ការណែនាំ​អ្វី​ឡើយ​»៕ 
 
 

Tag:
 ពិធីបុណ្យ​អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com