អន្តរជាតិ
រដ្ឋាភិបាលតៃវ៉ាន់ ស្នើដំឡើងថវិកាយោធា១០ភាគរយនៅក្នុងឆ្នាំ២០២១ រូបភាព៖ AP
× គណៈរដ្ឋមន្ត្រីតៃវ៉ាន់របស់លោកស្រីប្រធានាធិបតី Tsai Ing-wen នៅថ្ងៃទី១៣ ខែសីហា បានស្នើដំឡើងថវិកាការពារជាតិប្រមាណ ១០ភាគរយ។ សំណើស្នើដំឡើងថវិកានេះ ធ្វើឡើងស្របពេលតៃវ៉ាន់ កំពុងរងសម្ពាធពីទីក្រុងប៉េកាំងកាន់តែខ្លាំង។
រដ្ឋាភិបាលតៃវ៉ាន់ បានដាក់សំណើជាទឹកប្រាក់ប្រមាណ ១៥,៤២ ពាន់លានដុល្លារ ក្នុងការចំណាយលើថវិកាយោធាសម្រាប់ឆ្នាំ២០២១ ដែលជាចំនួននេះ កើនឡើងប្រមាណ១០ភាគរយប្រៀបធៀបឆ្នាំនេះ ដែលមានចំនួន១៤ពាន់លានដុល្លារ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អគ្គនាយកដ្ឋានហិរញ្ញវត្ថុតៃវ៉ាន់។
បើតាមការអះអាងរបស់ក្រសួងការពារជាតិតៃវ៉ាន់ ការបង្កើនថវិកាយោធានេះ គឺសម្រួលឲ្យមានសំណង់អាគារយោធាមួយចំនួន និងការហ្វឹកហ្វឺនកងទ័ព ដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
ភ្លាមៗក្រោយតៃវ៉ាន់បានប្រកាសពីសំណើដំឡើងថវិកាយោធា កងទ័ពចិនវិញ ក៏បានប្រកាសថា ក្នុងពេលថ្មីៗនេះ ខ្លួនទើបបានធ្វើសមយុទ្ធយោធានៅភាគខាងជើង និងភាគខាងត្បូងច្រកសមុទ្រតៃវ៉ាន់ ដើម្បីឆ្លើយតបនឹងស្ថានភាពសន្តិសុខក្នុងពេលបច្ចុប្បន្ន និងការពារដែនអធិបតេយ្យ។ នេះជាសញ្ញព្រមានរបស់ប៉េកាំងទៅតៃប៉ិ។
កន្លងមក ប្រធានាធិបតី លោកស្រី Tsai Ing-wen ធ្លាប់បានលើកឡើងថា តៃវ៉ាន់ គឺធ្វើទំនើបកម្មយោធា និងបង្កើនថវិកាការពារជាតិជាអទិភាព ដើម្បីតទល់ជាមួយចិន។ ប្រមុខតៃវ៉ាន៉ បានលើកឡើងនៅក្នុងសមយុទ្ធយោធាមួយកាលពីខែកក្កដាកន្លងទៅ ថា សន្តិសុខជាតិតៃវ៉ាន់ មិនមែនបានមកដោយសារការឱនលំទោននោះទេ ប៉ុន្តែវាកើតចេញកម្លាំងការពារជាតិដ៏រឹងមាំ និងមានយោធាជាស្នូល។
តៃវ៉ាន់ ពឹងផ្អែកខ្លាំងលើអាមេរិកដើម្បីពង្រឹងសមត្ថភាពខ្លួន។ ក្នុងខែឧសភា អាមេរិក បានផ្តល់ភ្លើងបៃតង ក្នុងការលក់ មីស៊ីលបំពាក់លើនាវា Torpedo ចំនួន១៨ដើមឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃ១៨០លានដុល្លារ ហើយនៅក្នុងខែកក្កដា បានយល់ព្រមលក់គ្រឿងបង្គុំនៃខែលការពារមីស៊ីល Patriot ឲ្យតៃវ៉ាន់ថែមទៀត ក្នុងទំហំទឹកប្រាក់ប្រមាណជា ៦២០លានដុល្លារ។
សូមបញ្ជាក់ថា ក្រោមក្រសែភ្នែករបស់ចិន តៃវ៉ាន់ គឺជាផ្នែកមួយរបស់ខ្លួន ដោយផ្អែកទៅតាម «គោលនយោបាយចិនតែមួយ» ប៉ុន្តែតៃវ៉ាន់ មិនគិតដូច្នេះឡើយ។ ក្រោមការដឹកនាំរបស់លោកស្រី Tsai តៃវ៉ាន់តែងតែបង្ហាញពីសញ្ញាចង់ប្រកាសឯករាជ្យ។ ដោយសារបញ្ហានេះ ចិនបានព្រមានម្តងហើយម្តងទៀតថា លទ្ធភាពចុងក្រោយ គឺការប្រើប្រាស់កម្លាំងយោធា ដើម្បីវាយសង្គ្រប់យកកោះតៃវ៉ាន់ ប្រសិនបើហ៊ានប្រកាសឯករាជ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com