ជាតិ
សេដ្ឋកិច្ច
និយ័តករទូរគមនាគមន៍ឲ្យបញ្ឈប់ការលក់ និងចែកចាយស៊ីម ដោយមិនយកអត្តសញ្ញាណបណ្ណ
× ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា ប្រាប់ឲ្យក្រុមហ៊ុនទូរស័ព្ទចល័តនិងអ្នកចែកចាយស៊ីមបន្តទាំងអស់ បញ្ឈប់ការលក់ឬចែកចាយស៊ីម ដោយមិនយកអត្តសញ្ញាប័ណ្ណពីអតិថិជន។ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធទូរស័ព្ទ។
អ្នកនាំពាក្យក្រសួងប្រៃសណីយ និងទូរគមនាគមន៍ លោក អ៊ឹម វុត្ថា អះអាងថាប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៣ សីហានេះថា ការពង្រឹងវិធានការអនុវត្តច្បាប់ស្ដីពីទូរគមនាគមន៍ ពិសេសគឺការចែកចាយស៊ីមកាតនេះ ដើម្បីងាយស្រួលទប់ស្កាត់ និងបង្ក្រាបជនឆរបោកប្រាក់ពីពលរដ្ឋតាមប្រព័ន្ធទូរស័ព្ទ ។
លោក ថ្លែងថា៖ «ថ្មីៗនេះ មានជនខិលខូចជាច្រើនបានប្រើទូរស័ព្ទបោកប្រាស់រកលុយ ដោយប្រាប់ថាឈ្នះរង្វាន់ឬសុំគណនីធនាគារជាដើម។ ជនបោកប្រាស់នេះ បានប្រើប្រាស់ស៊ីមកាតដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ដែលជាដើមហេតុធ្វើឲ្យសមត្ថកិច្ចពិបាកកំណត់អត្តសញ្ញាណ។ អ៊ឹចឹងបានយើងឲ្យពង្រឹងវិធានការបញ្ឈប់ការចែកចាយឬលក់ស៊ីមកាតដោយមិនយកអត្តសញ្ញាប័ណ្ណ»។
អ្នកនាំពាក្យរូបនេះ អះអាងថា ដើមហេតុដែលបណ្ដាលឲ្យមានការចែកចាយឬលក់ស៊ីមកាត ដោយមិនត្រូវការអត្តសញ្ញាណច្បាស់លាស់ គឺដើម្បីប្រកួតប្រជែងរកអតិថិជនរបស់តំណាងចែកចាយឬក្រុមហ៊ុននីមួយៗ។
លោក អ៊ឹម វុត្ថា សង្កត់ធ្ងន់ថា ប្រសិនបើរកឃើញឬចាប់បានជនណាដែលចែកចាយ ឬលក់ស៊ីមដោយមិនយកអត្តសញ្ញាណប័ណ្ណ ជននោះនឹងត្រូវចាត់ការតាមផ្លូវច្បាប់។ លោក អំពាវនាវឲ្យពលរដ្ឋទាំងអស់បញ្ឈប់ការទិញលក់ស៊ីមកាតទូរស័ព្ទណា ដែលមិនយកអត្តសញ្ញាណបណ្ណឬព័ត៌មានច្បាស់លាស់ពីខ្លួន ដើម្បីចូលរួមបញ្ឈប់ការបោកប្រាស់តាមទូរសព្ទ។
គិតត្រឹមខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាមានក្រុមទូរស័ព្ទចល័ត៥ ហើយក្នុងនោះមានអ្នកប្រើប្រាស់ស៊ីមកាតចល័តទាំងអស់ប្រមាណ២០លានស៊ីម និងអ្នកប្រើប្រាស់ប្រព័ន្ធអចល័តទាំអស់ជាង៥ម៉ឺនស៊ីម៕
© រក្សាសិទ្ធិដោយ thmeythmey.com