ជាតិ
សេដ្ឋកិច្ច
COVID-19 ធ្វើឱ្យ​កម្ពុជា​បាត់​ចំណូល​៣,០០០​លាន​ដុល្លារ ពី​វិស័យ​ទេសចរណ៍ ក្នុង​ឆ្នាំ​២០២០
13, Aug 2020 , 5:15 pm        
រូបភាព
ភ្ញៀវទេសចរ​២​នាក់ កំពុង​អង្គុយ​នៅមុខ​ប្រាសាទអង្គរវត្ត កាលពី​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០​។ រូបថត​៖ សែម វណ្ណា​/ThmeyThmey
ភ្ញៀវទេសចរ​២​នាក់ កំពុង​អង្គុយ​នៅមុខ​ប្រាសាទអង្គរវត្ត កាលពី​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០​។ រូបថត​៖ សែម វណ្ណា​/ThmeyThmey
​ភ្នំពេញ​៖  កម្ពុជា​នឹង​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ ៣,០០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២០​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួងទេសចរណ៍ និង​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា​។​

 
​លោក ថោង ខុន បាន​បញ្ជាក់ថា ការបាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ គឺ​ដោយសារតែ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ធ្លាក់ចុះ​ដ៏​ច្រើន​លើសលុប ពិសេស​ភ្ញៀវទេសចរ​អន្តរជាតិ​។  បើតាម​រដ្ឋមន្ត្រី​ទេសចរណ៍ នៅ​ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​អាច​ធា្ល​ក់​ចុះ​ដល់​រង្វង់​៨០​ភាគរយ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្លាក់ចុះ ក្នុង​វ​ង្វ​ង់​៥០​ភាគរយ​។ 
 
​របាយការណ៍​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០ កម្ពុ​ជាមាន​ភ្ញៀវទេសចរ​អន្តរជាតិ ត្រឹម​១,១៨​លាន​នាក់ ប៉ុណ្ណោះ​។ ចំនួន​នេះ​គឺ​បាន​ធ្លាក់ចុះ​៦៤,៦​ភាគរយ បើ​ធៀប​ម​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។  ការ​ធា្ល​ក់​ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​នេះ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​បិទទ្វារ​អស់​ជាង ៣​ពាន់​ទីតាំង និង​មនុស្ស​ដែល​ធ្វើ​ការងារ​ផ្ទាល់​ក្នុង​វិស័យនេះ បាត់បង់​ការងារ​ចំនួន​៥​ម៉ឺន​នាក់ ដោយ​គិត​ត្រឹមតែ​ដើមខែ​សីហា​នេះ ប៉ុណ្ណោះ​។ 


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងគណៈកម្មការទី៧នៃរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣សីហា។
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត បទដ្ឋាន​គតិយុត្ត​ដាក់ឱ្យអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជំហាន​ទី​១ សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​និង​ផែនការ​អនុវត្ត​បន្ត នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩​មិថុនា ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អះអាងថា​ឥទ្ធិពល​រាតត្បាត​នៃ​ឆ្លង​កូ​វីដ​-១៩ ក្នុង​សកលលោក​នេះ នឹងធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ដើរ​ថយ​ក្រោម​ក្នុង​រយៈពេល​៥​ឆ្នាំ​។ 
 
​លោក​បន្តថា សម្រាប់​ឆ្នាំ​២០២០​នេះ កម្ពុជា​អាច​ទទួលភ្ញៀវ​អន្តរជាតិ​បាន​ប្រហែល  ២​លាន​នាក់​ប៉ុណ្ណោះ ខណៈ​មុន​មាន​វិបត្តិ​កូ​វីដ​-១៩ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ រហូត​ទៅដល់​ជាង​៧​លាន​នាក់​។ បើតាម​លោក ថោង ខុន ចំនួន​ភ្ញៀវទេសចរ​ដែល​បាត់បង់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះ នឹង​ងើប​ឡើងវិញ ២,៥​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២១ ប្រសិនបើ​ជំងឺ​កូ​វីដ​-១៩ លែងមាន ឬ​ពិភពលោក​អាច​ទប់ស្កាត់​ជំងឺ​នេះ​បាន​នៅ​ខែធ្នូ ឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១​។ 
 
​លោក ថោង​ខុន មានប្រសាសន៍​ដូច្នេះ​៖«​ផែនការ​ដែល​យើង​គិតថា​ទទួលបាន​ភ្ញៀវទេសចរ​៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០​នោះ លុះត្រា​ដល់​ឆ្នាំ​២០២៥ បាន​យើង​ទទួលបាន​ចំនួន​៧​លាន​នាក់​នោះ​»​។ 
 
​មុន​មាន​វិបត្តិ​កូ​វីដ​-១៩​ជា​សកលលោក​នេះ កម្ពុជា​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៦,៦១​លាន​នាក់ និង​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​រហូត​ជិត​៥,០០០​លាន​ដុល្លារ ដែល​បាន​ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ ក្នុង​ឆ្នាំ​២០១៩​កន្លងមក​។ ចំណូល​នេះ​បាន​ចូលរួមចំណែក​ប្រមាណ​១៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​។​
 
​សម្រាប់​ឆ្នាំ​២០២០​នេះ​ផងដែរ លោក ថោង ខុន ធ្លាប់​រំ​ពឺ​ង​ថា កម្ពុជា​នឹង​ទទួល​ចំណូល​បាន​ជាង​៥​ពាន់​លាន​ដុ​លា្ល​រ ពី​ភ្ញៀវទេសចរ​ជាង​៧​លាន​នាក់ និង​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០៣០ ពី​ភ្ញៀវទេសចរ​អន្តរជាតិ​១៥​លាន​នាក់​៕

លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​



Tag:
 ទេសចរណ៍​
  លោក ថោង ខុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com