កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Leipzig ឡើងទៅជួបPSG នៅវគ្គ១/២ ក្រោយទម្លាក់At Madrid ដោយលទ្ធផល២ទល់១
× ភ្នំពេញ៖ ក្លិបមកពីអាល្លឺម៉ង់RB Leipzig បានទម្លាក់ក្លិបចាស់វស្សា Atletico Madrid ដោយលទ្ធផល២ទល់១ នៅវគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌពានរង្វាន់ Champion League នៅថ្ងៃទី១៤ សីហានេះ (ម៉ោងនៅកម្ពុជា)។ RB Leipzig នឹងត្រូវឡើងទៅជួបក្រុម Paris St Germain នៅវគ្គ១/២ នៅថ្ងៃទី១៩ សីហាខាងមុខ។
ក្រុម RB Leipzig ដែលទើបតែបង្កើតឡើងបានរយៈពេល១១ឆ្នាំនេះ បានទម្លាក់ក្រុមជើងឯករងឆ្នាំ២០១៤ និង២០១៦ At Madrid ដោយលទ្ធផល២ទល់១។ គ្រាប់បាល់ដំបូងរបស់RB Leipzig រកបានដោយខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Dani Olmo នៅនាទី៥១ មុននឹងកីឡាករវ័យក្មេងសញ្ជាតិព័រទុយហ្គាល់ Joao Felix រកមួយគ្រាប់ឱ្យ At Madrid តាមស្មើ១ទល់១ នៅនាទី៧១ ដោយសារការទាត់បាល់ពិន័យ១១ម៉ែត្រ។
At Madrid ព្យាយាមដាក់សម្ពាធលើក្រុម RB Leipzig ខ្លាំងណាស់ដែរ ប៉ុន្តែគ្មានសំណាងរកគ្រាប់បាល់បន្ថែមឡើយ។ ការប្រកួតនៅសល់២នាទីទៀតទើបចប់ការប្រកួត៩០នាទី ស្រាប់តែខ្សែបម្រើសញ្ជាតិអាមេរិក Tyler Adams ស៊ុតបាល់ពីចម្ងាយលើតំបន់គ្រោះថ្នាក់ ទៅបុកជើងខ្សែការពារ At Madrid ធ្វើឱ្យបាល់ផ្លាតចូលទី នៅនាទី៨៨ ដែលនាំឱ្យ RB Leipzig យកឈ្នះលើក្រុមមកពីអេស្ប៉ាញនេះ ដោយលទ្ធផល២ទល់១។
នៅពេលនេះ រកឃើញក្រុម២ដែលត្រូវឡើងជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ១/២ ហើយ គឺក្រុម RB Leipzig នឹងត្រូវឡើងទៅជួបក្រុម Paris St Germain នៅថ្ងៃទី១៩ សីហា ។ ចំណែកក្រុម៤ទៀតត្រូវប្រកួតតទល់គ្នា នៅវគ្គ៨ក្រុមចុងក្រោយនោះរួមមាន ក្រុមManchester City ត្រូវជួបជាមួយLyon នៅម៉ោង២ រំលងអធ្រាតឈានចូលថ្ងៃទី១៥ សីហា ខណៈក្រុម Barcelona ត្រូវប៉ះក្រុម Bayern Munich នៅម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី១៦សីហា(ម៉ោងនៅកម្ពុជា) ៕
© រក្សាសិទ្ធិដោយ thmeythmey.com