ជាតិ
អាជ្ញាធរ​អប្សរា​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​នៅ​បរិវេណ​អង្គរ ដើម្បី​ការពារ​កុំ​ឲ្យ​ងាយ​ពុកផុយ​
14, Aug 2020 , 10:14 am        
រូបភាព
ដោយ:
​អ្នកជំនាញ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ជួសជុល និង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ចាស់​នៅលើ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ឱ្យ​ដំណើរការ​ឡើងវិញ ដើម្បី​សង្គ្រោះ​រចនាសម្ព័ន្ធ​ប្រាសាទ កុំឱ្យ​ថ្ម​ងាយ​ខូច​ពុកផុយ ដោយសារ​បញ្ហា​ទឹក​ដក់ និង​ទឹក​ហូរ​ច្រោះ​នា​រដូវវស្សា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​


​បើតាម​ក្រុមបច្ចេកទេស បាន​អះអាងថា បញ្ហាសំខាន់​ដែល​ធ្វើឱ្យមាន​ការកកស្ទះ ដោយសារ​តែមាន​កម្ទេច​ក​ម្ទី​,​សំណល់​ប្លា​ស្ទិ​ក​, និង​ដី​បិទ​ជិត ដូច្នេះ ដើម្បីឱ្យ​ប្រព័ន្ធ​រំដោះ​ទឹក អាច​ដំណើរការ​ឡើងវិញ ក្រុមបច្ចេកទេស​បា​នស​ម្អា​ត​រន្ធ​បង្ហូរទឹក សរុប​ទាំងអស់​៧​ទីតាំង​។ គួរ​បញ្ជាក់ថា កន្លងទៅ ប្រព័ន្ធ​បង្ហូរទឹក​នេះ ត្រូវបាន​រៀបចំ​ម្ដង​រួចមកហើយ នៅពេល​ជួសជុល​ស្ពាន​ហាល ប៉ុន្តែ​មិនបាន​បន្សល់ទុក​នូវ​ប្លង់​លម្អិត​នោះទេ​។ 
 
​ការស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​នេះ ក្រុមការងារ​បច្ចេកទេស បាន​ប្រើប្រាស់​ឧបករណ៍​ទំនើប សម្រាប់​ពិនិត្យ​បញ្ហា​ដែល​កកស្ទះ​ក្នុង​ប្រព័ន្ធ​បង្ហូរទឹក ហើយ​បាប​ប្រើ​ម៉ាស៊ីន ដើម្បី​ខួង និង​លាង​សម្អាត​រន្ធ​កកស្ទះ​ទាំងនោះ​។​
 
​ប្រព័ន្ធ​រំដោះ​ទឹក​នៅលើ​ផ្លូវ​ដើរ​ស្ពាន​ហាល​ខាងមុខ​ប្រាសាទអង្គរវត្ត​ខាងលិច នឹង​ដំណើរការ​ឡើងវិញ​ដោយ​ពុំមាន​ដក់​ទឹក​ទៀត​ទេ​។ នេះ​បើតាម​អ្នកជំនាញ​៕

Tag:
 អាជ្ញាធរ​អប្សរា​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com