សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រោម​ការត្រួសត្រាយ​រប​ស់​អាមេរិក អ៊ីស្រាអែល​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​បង្កើត​ចំណង​ការទូត
14, Aug 2020 , 10:58 am        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរជ្ជទាយាទអេមីរ៉ាតអារ៉ាប់រួម​ មូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់-ណាយ៉ាន់។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរជ្ជទាយាទអេមីរ៉ាតអារ៉ាប់រួម​ មូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់-ណាយ៉ាន់។
​អ៊ីស្រាអែល និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅ​ថ្ងៃទី​១៣ ខែសីហា បាន​ឈានដល់​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​បង្កើត​ទំនាក់ទំនង​ការទូត​ទ្វេភាគី ក្រោយ​មានការ​ត្រួស​ត្រាយផ្លូវ​ពី​អាមេរិក​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​ក្លាយជា​ប្រទេស​អារ៉ាប់​ទី​បី​មាន​ចំណង​ការទូត​ជាមួយ​អ៊ីស្រាអែល ដែល​មិនត្រូវ​គ្នា​ជាមួយ​ពិភព​អារ៉ាប់​សោះ​។ ប្រទេស​ជាច្រើន​សាទរ​កិច្ចព្រមព្រៀង​នេះ ដែល​រំពឹងថា នឹង​ជួយ​នាំ​សន្តិភាព​ទៅកាន់​មជ្ឈិមបូព៌ា​។ ប៉ុន្តែ​ប៉ា​ឡេ​ស្ទី​ន​និយាយ​ទាំង​ខកចិត្ត​ថា នេះ​ជាការ​ចាក់​ខ្លួន​ពីក្រោយ​ខ្នង​។​

 
​ជា​ចំណុច​របត់​មួយ​ក្នុងភូមិ​សាស្ត្រ​នយោបាយ​មជ្ឈិមបូព៌ា អ៊ីស្រាអែល និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានប្រកាស​ពី​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​។ កន្លងទៅ ដូច​ប្រទេស​អារ៉ាប់​ភាគច្រើន អេ​មី​រ៉ា​ត​អារ៉ាប់​រួម មិនមាន​ទំនាក់ទំនង​អ្វី​សោះ​ជាមួយ​អ៊ីស្រាអែល ដែល​ត្រូវបាន​ចាត់ទុកជា​សត្រូវ មិន​ថា​ទំនាក់ទំនង​ការទូត ឬ​ទំនាក់ទំនង​សេដ្ឋកិច្ច​អ្វី​ឡើយ​។ មានតែ​អេ​ហ្ស៊ី​ប និង​ហ្ស៊​កដា​នី​ប៉ុណ្ណោះ ដែលមាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​។​
 
​អាមេរិក ជា​អ្នក​តម្រែតម្រង់​សម្របសម្រួល​ប្រទេស​ទាំងពីរ​នេះ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​ជា​អ្នក​ប្រកាស​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ ដែល​បើកផ្លូវ​ឲ្យ​អ៊ីស្រាអែល និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ភ្ជាប់​ទំនាក់ទំនង​ការទូត​ទ្វេភាគី​។ លោក ត្រាំ បង្ហើប​ថា កិច្ចព្រមព្រៀង​បែបនេះ នឹងមាន​ជា​បន្តបន្ទាប់​ទៀត តែ​លោក​មិនទាន់​អាចនិយាយបាន​ឡើយ​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ថ្ងៃទី​១៣ ខែសីហា លោក ត្រាំ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ និង​រជ្ជទាយាទ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ព្រះអង្គម្ចាស់ មូ​ហា​ម៉េ​ដ ប៊ី​ន ហ្សា​យ៉េដ អាល់​-​ណា​យ៉ាន់ និយាយថា ប្រទេស​ទាំងបី​យល់ព្រម​ភ្ជាប់​ទំនាក់ទំនង​អ៊ីស្រាអែល និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​
 
​ក្រោម​កិច្ចព្រមព្រៀង​ដែល​នឹងត្រូវ​ចុះហត្ថលេខា​នៅពេល​ខាងមុខ ប្រទេស​ទាំងពីរ នឹង​ផ្លាស់ប្ដូរ​អគ្គរដ្ឋទូត​ទៅមក ហើយ​បង្កើត​ស្ថានទូត​នៅ​ប្រទេស​នីមួយៗ​ផង​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ អ៊ីស្រាអែល សុខចិត្ត​ផ្អាក​គម្រោង​បញ្ចូល​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​សិន​ផងដែរ ដែល​ជាការ​អនុវត្តតាម​ទស្សនវិស័យ​សន្តិភាពរ​ប​ស់លោក ត្រាំ ហើយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ក៏បាន​គាំទ្រ​ការផ្អាក​នេះដែរ​។    
 
​ប្រយោជន៍​អាមេរិក និង​អ៊ីស្រាអែល​
 
​អាមេរិក និង​អ៊ីស្រាអែល ទទួល​ប្រយោជន៍​ច្រើនជាងគេ​ពី​កិច្ចព្រមព្រៀង​នេះ​។ សម្រាប់​អ៊ីស្រាអែល គឺ​អស់​សត្រូវ​មួយទៀត​ហើយ​។ បច្ចុប្បន្ន អ៊ីស្រាអែល​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អេ​ហ្ស៊ី​ប​ដែល​ចុះ​ក្នុង​១៩៧៩ និង​ហ្ស៊​កដា​នី​នៅ​ឆ្នាំ​១៩៩៤​។ ម្យ៉ាងទៀត អ៊ីស្រាអែល ក៏មាន​មិត្ត​មួយទៀត​ដែលមាន​សត្រូវ​រួមគ្នា គឺ​អ៊ីរ៉ង់​ផងដែរ​។ ក្នុង​សេចក្ដីថ្លែងការណ៍​រួម អ៊ីស្រាអែល និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ឯកភាពគ្នា​គូសវាស​ផ្លូវ​ថ្មី​ដើម្បី​ប្រើប្រាស់​សក្ដានុពល​តំបន់​។ 
 
​កិច្ចព្រមព្រៀង​នេះ ក៏​ជា​ជ័យជម្នះ​ការទូត​ដ៏​ធំ​មួយ​សម្រាប់​អាមេរិក ពិសេស​លោក ត្រាំ ផ្ទាល់​។ ខណៈ​កំពុង​ឈរ​ក្រោយ​លោក បៃ​ឌិន ក្នុង​ស្ទង់​មតិ​សម្រាប់​ការបោះឆ្នោត​ខែវិច្ឆិកា កិច្ចព្រមព្រៀង​នេះ នឹង​ជួយ​បង្កើន​ការគាំទ្រ​សម្រាប់​ការប៉ុនប៉ង​កាន់តំណែង​អាណត្តិ​ទី​ពីរ​ផងដែរ​។ មិន​ខុសពី​អ៊ីស្រាអែល​ឡើយ អាមេរិក ក៏​អាច​ប្រមូល​កម្លាំង​រដ្ឋ​ឈូង​សមុទ្រ​ដែល​មិនត្រូវ​គ្នា​ជាមួយ​អ៊ី​រ់ង់ ឲ្យ​ឈរ​នៅ​ខាង​ខ្លួន​ទៀតផង​។ 
 
​សុទិដ្ឋិនិយម និង​ការចាក់​មួយ​កាំបិត​ក្រោយខ្នង​
 
​ប្រទេស​ជាច្រើន​ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​សាទរ​កិច្ចព្រមព្រៀង​នេះ​។ ប្រធានាធិបតី​អេ​ហ្ស៊ី​ប អាប់​ឌែ​ល ហ្វា​តា អាល់​-​ស៊ី​ស៊ី បង្ហោះ​សារ​អបអរ​លើ Twitter ដោយ​ផ្ដោតលើ​ចំណុច​ដែល​អ៊ីស្រាអែល​ផ្អាក​គម្រោង​ភ្ជាប់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។ រដ្ឋាភិបាល​បា​រ៉ែ​ន ស្វាគមន៍​កិច្ចព្រមព្រៀង​នេះ ដោយ​ចាត់ទុកជា​ជំហាន​ទៅកាន់​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​។ បេក្ខជន​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន ក៏​សាទរ​ផងដែរ ព្រោះ​ជាការ​ភ្ជាប់​ការបែកបាក់​កន្លងទៅ​។​
 
​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ដូ​មី​និក រ៉ាប់ លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា នេះ​ជាការ​ជំហាន​ប្រវត្តិសាស្ត្រ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​រវាង​មិត្តភក្តិ​ដ៏​ល្អ​របស់​អង់គ្លេស​។ ដោយឡែក ប្រមុខ​ការទូត​ហ្ស៊​កដា​នី អៃ​ម៉ាន អាល់​-​សា​ហ្វា​ឌី វិញ បាន​និយាយ​ដោយ​ប្រយ័ត្ន​ថា​កិច្ចព្រមព្រៀង​នេះ​ជះឥទ្ធិពល​ដល់​សន្តិ​សន្តិភាព​តំបន់​ឬ​យ៉ាងណា គឺ​អាស្រ័យ​លើ​សកម្មភាព​អ៊ីស្រាអែល​ប៉ុណ្ណោះ​។ លោក​ប្រាប់​អ៊ីស្រាអែល​ឲ្យ​បញ្ចប់​សកម្មភាព​ខុសច្បាប់​របស់ខ្លួន និង​គោរព​សិទ្ធិ​ប៉ា​ឡេ​ស្ទី​ន  
 
​ប៉ា​ឡេ​ស្ទី​ន​ឯណោះ កំពុង​ខកចិត្ត​ខ្លាំង​ដោយ​ប្រដូច​ទៅនឹង​ការចាក់​ខ្លួន​ពីក្រោយ​ខ្នង​។ អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ដែលជា​អង្គការ​តំណាង​ប៉ា​ឡេ​ស្ទី​ន នៅ​ថ្ងៃទី​១៣ ខែសីហា បានប្រកាស​ជំទាស់ និង​ថ្កោលទោស​កិច្ចព្រមព្រៀង​នេះ ហើយ​ស្នើ​កោះប្រជុំ​បន្ទាន់​សម្ព័ន្ធ​អារ៉ាប់ និង​បាន​កោះហៅ​តំណាង​របស់ខ្លួន​ពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​វិញ​។ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន ម៉ា​មូ​ដ អាប់​បាស ក៏បាន​កោះប្រជុំ​មន្ត្រីជាន់ខ្ពស់​របស់លោក មុននឹង​ប្រកាស​ជំហរ​ផ្លូវការ​ទៅនឹង​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​
 
​ចំណែក​ក្រុម​ហា​ម៉ាស់​ដែល​គ្រប់គ្រង​តំបន់​ហ្កា​ហ្សា បាន​បដិសេធ​កិច្ចព្រមព្រៀង​នេះ​។ អ្នកនាំពាក្យ​ហា​ម៉ាស់ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា កិច្ចព្រមព្រៀង​ជាមួយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​រង្វាន់​សម្រាប់​ការ​គ្រប់ និង​ឧក្រិដ្ឋកម្ម​របស់​អ៊ីស្រាអែល​៕  
 

Tag:
 អាមេរិក​
  អ៊ីស្រាអែល​
  អេ​មី​រ៉ា​ត​អារ៉ាប់​រួម​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com