ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អាជ្ញាធរ បន្តចាប់អ្នកចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន
14, Aug 2020 , 1:00 pm        
រូបភាព
អាជ្ញាធរនិងក្រុមយុវជន ប្រឈមដាក់គ្នា នៅមុខតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុក N1M)
អាជ្ញាធរនិងក្រុមយុវជន ប្រឈមដាក់គ្នា នៅមុខតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុក N1M)
ប្រជាពលរដ្ឋនិងក្រុមយុវជន មិនបញ្ឈប់ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ ឯអាជ្ញាធរ បានចាប់អ្នកចូលរួមទាមទារទាំងនោះជាបន្តបន្ទាប់។



មានយុវជន៦នាក់ទៀត ត្រូវចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ដោយសារតែការចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន នៅមុខតុលាការរាជធានីភ្នំពេញ។ ក្នុងចំណោមយុវជនទាំង៦នាក់ មានប្រុស៣នាក់ និងស្រី៣នាក់។

អ្នកទាំង៦ ដែលត្រូវចាប់ខ្លួន គឺ យុវជន ហ៊ុន វណ្ណៈ យុវជន ស្វាយ សំណាង យុវជន ថា ឡាវី យុវតី ឈឿន ដារ៉ាវី យុវតី យ៉ង សៀងហៃ និង យុវតី ជា គន្ធីន។ មានតែយុវតី ឈឿន ដារ៉ាវី ម្នាក់ប៉ុណ្តោះ ដែលត្រូវបញ្ជូនទៅតុលាការ ហើយចៅក្រមស៊ើបសួរ បានចោទប្រកាន់នាងពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងយកនាងទៅឃុំបណ្តោះអាសន្ន។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ថា ការបញ្ជូនយុវតី ឈឿន ដារ៉ាវី ទៅតុលាការ គឺសមត្ថកិច្ច ធ្វើតាមបញ្ជារបស់ព្រះរាជអាជ្ញា។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យុវជន៥នាក់ទៀត មិនទាន់ត្រូវបានចោទប្រកាន់ឡើយ ហើយបច្ចុប្បន្ន ពួកគេ កំពុងស្ថិតក្នុងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត។ លោក អះអាងថា មកដល់ពេលនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនទាន់អាចសម្រេចដោះលែងឬបញ្ជូនអ្នកទាំង៥ ទៅតុលាការនោះទេ ដោយត្រូវរង់ចាំបញ្ជាពីព្រះរាជអាជ្ញា។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លើកឡើងថា យុជនទាំង៦នាក់នោះ ភាគច្រើនជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈ។ លោក យល់ថា ការចាប់ពួកគេ ដែលចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ដោយសន្តិវិធី គឺបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពកាន់តែខ្លាំង។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ លោក មានប្រសាសន៍ថា៖«អាជ្ញាធរ ហាក់ដូចជាព្រួយបារម្ភខ្លាំងពេក»។

ក្នុងអំឡុងចាប់យុវជនទាំង៦នាក់ ការប៉ះទង្គិចគ្នារវាងយុវជននិងប្រជាពលរដ្ឋ ជាមួយនឹងអាជ្ញាធរ ក៏កើតឡើង។ មានមនុស្សមួយចំនួន បានរងរបួសក្នុងការប៉ះពាល់ទង្គិចនោះ។

លោក អំ សំអាត ចាត់ទុកការប្រើអំពើហិង្សាពីកម្លាំងអាជ្ញាធរ ទៅលើក្រុមយុវជននិងប្រជាពលរដ្ឋ ជាពិសេសទៅលើស្រ្តី ថាជាការរំលោភសិទ្ធិមូលដ្ឋាន។ លោក ថ្លែងថា៖«គួរតែមានដំណោះស្រាយសមរម្យ ដើម្បីឲ្យមានការគោរពសិទ្ធិមូលដ្ឋាន»។

លោកវរសេនីយ៍ឯក សាន សុខសីហា បដិសេធ ចំពោះការចោទថា ការឃាត់ខ្លូនក្រុមយុវជនទាំងនោះ ជាការរំលោភសិទ្ធិមនុស្ស។ លោក ឆ្លើយតបថា៖«អត់មានរំលោភសិទ្ធិមនុស្សអីទេ។ សមត្ថកិច្ច គ្រាន់តែអនុវត្តទៅតាមច្បាប់ប៉ុណ្ណោះ»។

លោក បកស្រាយថា ដោយសារតែយុវជនទាំងនោះ ទៅប្រមូលផ្តុំគ្នា លើកបដា និង បង្កភាពរញ៉េរញ៉ៃនៅមុខតុលាការ ទើបត្រូវចាប់ខ្លួន។ លោក ហៅទង្វើរបស់ពួកគេ ថាអាចប៉ះពាល់ដល់សន្តិសុខសង្គម ហើយបានរារាំងដល់ការងារអនុវត្តច្បាប់របស់អាជ្ញាធរនិងតុលាការ។

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ មានព្រះសង្ឃ៧-៨អង្គ និមន្តពីខេត្តបាត់ដំបង ដើម្បីចូលរួមជាមួយប្រជាពលរដ្ឋនិងក្រុមយុវជន ទៅមុខតុលាការរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ តែពេលមកដល់ភ្នំពេញ ដោយមិនទាន់បាននិមន្តទៅមុខតុលាការផង ព្រះអង្គ ក៏ត្រូវឃាត់ព្រះកាយទុកក្នុងវត្តថាន់ មិនឲ្យនិមន្តចេញក្រៅ ហើយអាជ្ញាធរ ក៏និមន្តព្រះអង្គ ទៅវត្តបទុមវតី ដើម្បីឲ្យមន្រ្តីសង្ឃ ជួយដោះស្រាយ។ ក្រោយមក ព្រះសង្ឃទាំងនោះ ក៏ត្រូវបានអាជ្ញាធរ និមន្តទៅខេត្តបាត់ដំបងវិញ។

ក្នុងអំឡុងពេលព្រះសង្ឃ៧-៨អង្គនោះ ត្រូវឃាត់ព្រះកាយ ប្រជាពលរដ្ឋនិងយុវជនមួយចំនួន បានទៅតាមដល់វត្តថាន់ និងបន្តទៅវត្តបទុមវតី ដើម្បីសុំជួបព្រះអង្គ និងទាមទារឲ្យដោះលែងព្រះអង្គវិញ។ ពួកគេ មានកាមេរ៉ានិងទូរស័ព្ទ ថតទិដ្ឋភាពក្នុងវត្ត និងថតសកម្មភាពអាជ្ញាធរដែរ ពេលពួកគេ ទៅរកព្រះសង្ឃ ដែលត្រូវឃាត់ព្រះកាយ។ ពេលនោះ មានមនុស្ស៤នាក់ ត្រូវចាប់ខ្លួន។

អ្នកទាំង៤នាក់នោះ គឺអ្នកស្រី ឈិន វណ្ណា លោក ជុំ វុទ្ធី លោក ឈួ ផេង និង លោក អ៊ុក សំអូន។ តែអ្នកស្រី ឈិន វណ្ណា និង លោក អ៊ុក សំអូន ត្រូវសមត្ថកិច្ច ដោះលែងវិញ ក្រោយរកមិនឃើញទោសកំហុស។ ចំណែក លោក ជុំ វុទ្ធី និង លោក ឈួ ផេង ត្រូវសមត្ថកិច្ច បញ្ជូនទៅតុលាការ។ បច្ចុប្បន្ន អ្នកទាំង២ កំពុងជាប់ឃុំពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

មកដល់ពេលនេះ យ៉ាងតិច មានមនុស្ស១០នាក់ហើយ ដែលត្រូវចាប់ខ្លួន។ ក្នុងចំណោមពួកគេ មាន៣នាក់ ត្រូវចោទប្រកាន់និងយកទៅឃុំបណ្តោះអាសន្ន ៥នាក់ កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ២នាក់ ត្រូវបានដោះលែងវិញ។

ទោះជាត្រូវចាប់ខ្លួនបន្តបន្ទាប់ក្តី តែយុទ្ធនាការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មិនត្រូវបានបញ្ឈប់ឡើយ។ ក្រៅពីការទៅទាមទារនៅមុខតុលាការ សាច់ញាតិ យុវជន និង ប្រជាពលរដ្ឋ បានយកញត្តិទៅដាក់នៅតាមស្ថានទូតនានា ដូចជា ស្ថានទូតអាមេរិក ស្ថានទូតបារាំង និង ស្ថានទូតសហភាពអឺរ៉ុប ជាដើម ដើម្បីសុំកិច្ចអន្តរាគមន៍ ឲ្យមានការដោះលែងលោក រ៉ុង ឈុន។

កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២០ ក្រសួងយុត្តិធម៌ និងរដ្ឋបាលរាជធានីភ្នំពេញ បានចេញសារព្រមានព្រមគ្នាថា ការប្រមូលផ្តុំនៅមុខតុលាការរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន គឺអាចប្រឈមមុខនឹងផ្លូវច្បាប់។

លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាមេសហជីព និង ជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ត្រូវកម្លាំងសមត្ថកិច្ច ទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយតុលាការ ចោទថា លោក បំភ្លៃខុសការពិតពីបញ្ហាព្រំដែន។ បច្ចុប្បន្ន លោក កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងតាម៤៩៥ នៃក្រមព្រហ្មទណ្ឌ។ តុលាការ ចាត់ទុកបទល្មើសរបស់លោក ថាជាបទល្មើសជាក់ស្តែង។

កាលពីថ្មីៗនេះ លោក រ៉ុង ឈុន បានចុះទៅដើរមើលតាមតំបន់មួយចំនួន តាមបណ្តោយព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋជាង១០០គ្រួសារ។ ក្រោយមក លោក ក៏ចេញសេចក្តីថ្លែងការណ៍ ក្នុងនាមជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រជាពលរដ្ឋមួយចំនួន បានបាត់បង់ដីធ្លី ដោយសារតែអាជ្ញាធរវៀតណាម រំលោភយក ហើយការបោះបង្គោលព្រំដែនខ្លះ គឺបានឈានចូលមកដីខ្មែរ។

គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយវិញ ដោយបានច្រានចោលទាំងស្រុង ចំពោះខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន។ គណៈកម្មាធិការកិច្ចការព្រំដែន មើលឃើញថា សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន គឺបំភ្លៃខុសការពិត និងមានចេតនាវាយប្រហារដល់កិច្ចការផ្នែកព្រំដែនរបស់រដ្ឋាភិបាល។

ទាំងអង្គការជាតិនិងអង្គការអន្តរជាតិនានា ចេញមកជាបន្តបន្ទាប់ អំពាវនាវឲ្យទម្លាក់បទចោទនិងដោះលែងលោក រ៉ុង ឈុន តែមិនទាន់ទទួលបានលទ្ធផលអ្វីឡើយ៕

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com