COVID-19
អន្តរជាតិ
វៀតណាម សម្រេច​ចុះឈ្មោះ​ទិញ​វ៉ាក់សាំង COVID-19 ពី​រុស្ស៊ី
14, Aug 2020 , 2:39 pm        
រូបភាព
ដោយ:
​ក្រសួងសុខាភិបាល​វៀត​ណា​ម បានសម្រេច​ចុះឈ្មោះ​ទិញ​វ៉ាក់សាំង​របស់​រុស្ស៊ី ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​វៀតណាម នៅ​ថ្ងៃទី ១៤ ខែសីហា ខណៈ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ កំពុង​ញាប់ដៃ​ញាប់ជើង​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​រាលដាល COVID-19 ថ្មី ក្រោយ​គ្មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ច្រើនសប្តាហ៍​។



អត្ថបទទាក់ទង


​រុស្ស៊ី នៅ​ថ្ងៃ​១២ ខែសីហា បានប្រកាសថា វ៉ាក់សាំង​COVID-19​ដំបូងបង្អស់​របស់​ពិភពលោក នឹងត្រូវ​ផលិត​ក្នុង​រយៈពេល​២​សប្ដាហ៍​ខាងមុខ​។ ម្យ៉ាង រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ក៏បាន​ច្រានចោល​កង្វល់​ពាក់ព័ន្ធ​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នេះ​ដែល​ក្រុម​អ្នកជំនាញ​ខ្លះ​លើកឡើង ក្រោយ​រុស្ស៊ី​ប្រញាប់ប្រញាល់​អនុម័ត​ថ្នាំ​នេះ​ពេក ដោយ​អះអាងថា​ការលើកឡើង​ទាំងនោះ​គ្មាន​មូលដ្ឋាន​។

​ទោះ​សម្រេចចិត្ត​ទិញ​វ៉ាក់សាំង​ពី​រុស្ស៊ី​មែន ក្រសួងសុខាភិបាល នៅតែ​អះអាងថា​៖«​ក្នុង​ពេលនេះ វៀតណាម នឹង​នៅតែ​បន្ត​អភិវឌ្ឍ​វ៉ាក់សាំង COVID-19 ផ្ទាល់ខ្លួន​ដដែល​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​វៀតណាម VTV ។ 

​យ៉ាងណាមិញ ក្រសួងសុខាភិបាល​វៀត​ណា​ម ពុំបាន​បញ្ជាក់ថា​ខ្លួន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​រុស្ស៊ី​ប៉ុន្មាន​ដូ​ស​នោះទេ ឬក៏​ពេលណា​វៀតណាម​រំពឹង​នឹង​ទទួលបាន​ពួកវា​ផងដែរ​។ ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​ខែ​មុន បាន​អះអាងថា វ៉ាក់សាំង​ផលិត​ក្នុងស្រុក​របស់ខ្លួន នឹង​អាច​ប្រើប្រាស់​បាន​ត្រឹម​ចុងឆ្នាំ​២០២១ ។

​កន្លងទៅ វៀតណាម ត្រូវបាន​សាទរ​ចំពោះ​ការទប់ស្កាត់​ជោគជ័យ​លើ​ការផ្ទុះ​រាលដាល COVID-19 តាមរយៈ​ការធ្វើ​តេស្ត តាមដាន និង​ធ្វើ​ច​ត្តា​ឡី​ស័ក​យ៉ាង​តឹងរ៉ឹង​។ ក៏ប៉ុន្តែ​ឥឡូវនេះ​ប្រទេស​ដែលមាន​ប្រជាជន​ជាង​៩០​លាន​នាក់​នេះ កំពុង​ញាប់ដៃ​ញាប់ជើង​គ្រប់គ្រង​ការ​រាលដាល​ថ្មី ដែល​ផ្ដើមចេញពី​ទីក្រុង ដា​ណា​ង ទិសដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ កាលពី​ថ្ងៃទី​២៥ កក្កដា​។

​ដោយមាន​ករណី​ឆ្លង​សរុប ៩១១ ករណី និង​ស្លាប់ ២១​នាក់​ហើយ​នោះ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ួ​ន​ហ្វុ​ក បាន​ព្រមាន​ថា ហានិភ័យ​រាលដាល COVID-19 គឺមាន​កម្រិត​ខ្ពស់​ណាស់ ហើយ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ នឹង​កាន់​តែ​ស្វិតស្វាញ​ថែមទៀត​ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19 ។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធាន​ក្រុមការងារ​ប្រយុទ្ធ COVID-19​របស់​វៀតណាមលោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បញ្ជាក់​នៅ​ថ្ងៃទី ១៤ ខែសីហា​ថា បច្ចុប្បន្ន វៀតណាម គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ព្យាយាម​រស់នៅ​ដោយ​សុវត្ថិភាព​ជាមួយនឹង​វីរុស​នេះ​ទេ​។ ដកស្រង់​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម លោក Dam បន្តថា​៖«​យើង​កំពុង​អនុវត្ត​វិធានការ​ប្រឆាំង COVID-19 ដូច្នេះ​មនុស្ស​រាល់គ្នា ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច និង​ដឹង​ពី​របៀប​ការពារ​ខ្លួន​ពួកគេ​»​។​

​សូមបញ្ជាក់ថា លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លា​ឌី​មៀ ពូ​ទីន នៅ​ដើម​សប្តាហ៍​នេះ បានប្រកាសថា រុស្ស៊ី បាន​ចុះបញ្ជី​វ៉ាក់សាំង​ប្រឆាំង COVID-19 មុនគេ​លើ​ពិភពលោក​។ លោក​បញ្ជាក់ថា វ៉ាក់សាំង​នេះ មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើត​ភាពស៊ាំ​ប្រឆាំងនឹង​វីរុស​៕
 

 




© រក្សាសិទ្ធិដោយ thmeythmey.com