COVID-19
អន្តរជាតិ
ទោះ​រងគ្រោះ​ខ្លាំង​ដោយសារ​ទឹកជំនន់ លោក គីម ជុង​អ៊ុន ថា មិនអាច​យក​ជំនួយ​ទេ ព្រោះ​បារម្ភ​ពី COVID-19
14, Aug 2020 , 9:59 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។រូបភាព៖AFP
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។រូបភាព៖AFP
ដោយ:
កូរ៉េខាងជើង កំពុង​រងគ្រោះ​ខ្លាំង​ដោយសារ​ទឹកជំនន់​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​។ ប៉ុន្តែ​ប្រមុខ​ដឹកនាំ​ប្រទេស លោក​គីម ជុង​អ៊ុន ព្រមាន​នៅ​ថ្ងៃទី​១៣ ខែសីហា ថា កូរ៉េខាងជើង​មិនគួរ​ទទួលយក​ជំនួយ​ពី​ប្រទេស​ខាងក្រៅ​ឡើយ​ដោយ​បារម្ភ​ពី​គ្រោះថ្នាក់​នៃ​ជំងឺ COVID-19 ។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។​

 
«​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅ​នៃ​ជំងឺ COVID-19 នៅ​ជុំវិញ​ពិភពលោក​ទាមទារ​ឲ្យ​មាន​ការបិទ​ព្រំដែន និង​វិធានការ​យ៉ាង​តឹងរឹង​ក្នុងការ​បង្ការ​ជំងឺឆ្លង និង​មិន​អនុញ្ញាត​ឲ្យ​ទទួល​ជំនួយ​គ្រប់បែបយ៉ាង​ពី​ខាងក្រៅ​ទាក់ទង​នឹង​ទឹកជំនន់​»​។ នេះ​ជា​លើកឡើង​របស់លោក គីម ជុង​អ៊ុន ក្នុង​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​របស់​បក្ស​ពលករ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៣ ខែសីហា​។ 
 
​ទោះ​មិន​ទទួល​ជំនួយ​ខាងក្រៅ​មែន លោក គីម អះអាងថា បន្ថែមថា រដ្ឋាភិបាល​លិ​ក​មិនអាច​ឲ្យ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​រស់នៅ​តាមផ្លូវ​ឡើយ ខណៈ​ខួប​ពី​៧៥​ឆ្នាំ នៃ​បក្ស​ពលករ​កូរ៉េខាងជើង​ដែលជា​ទិវា​ជាតិ​ដ៏​សំខាន់​កាន់តែ​ខិត​មកដល់​នោះឡើយ​។ បើតាម KCNA ក្នុង​កិច្ចប្រជុំ​ដែល​សង្កត់ធ្ងន់​ពី​បញ្ហា​ជំនន់​ទឹកភ្លៀង​នេះ លោក គីម បានលើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​ស្តារ​តំបន់​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ស្វែងរក​វិធី​ក្នុង​ការបង្ការ​ទឹកជំនន់​ឬ​គ្រោះធម្មជាតិ​នៅពេល​អនាគត​។ 
 
​កាលពីដើម​ខែសីហា​នេះ ទឹកជំនន់​ទឹកភ្លៀង​នៅ​កូរ៉េខាងជើង បាន​បំផ្លាញ​វាលស្រែ​ជាង​៤​ម៉ឺន​ហិកតា ផ្ទះ​ចំនួន​១៦,៦៨០ និង​អាគារ​ចំនួន​៦៣០​ខ្នង​ត្រូវ​បំផ្លាញ​ឬ​រង​ការខូចខាត​នៅ​ទូទាំងប្រទេស ចំណែក​ផ្លូវ ស្ពាន និង​ផ្លូវដែក​ក៏​រង​ការខូចខាត​ផងដែរ​។ អង្គការ​មនុស្សធម៌​នានា ក៏​ចាប់ផ្ដើម​បញ្ជូន​ជំនួយ​ទៅកាន់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ផងដែរ​។  
 
​ចំពោះ​រឿង COVID-19 វិញ លោក គីម បានសម្រេច​បើក​តំបន់ឧស្សាហកម្ម​កៃ​សុង​ដែល​នៅជាប់​ព្រំដែន​កូរ៉េខាងត្បូង​។ ទីក្រុង​កៃ​សុង ត្រូវបាន​បិទ​រយៈពេល​៣​សប្តាហ៍​មកហើយ បន្ទាប់ពី​ជនជាតិ​កូរ៉េខាងជើង​ដែល​ភៀសខ្លួន​ទៅ​កូរ៉េខាងត្បូង​អស់បី​ឆ្នាំ​ហើយ​នោះ ត្រឡប់​ចូលមក​ក្នុងប្រទេស​វិញ​ដោយមាន​ចេញ​រោគសញ្ញា​ជំងឺ COVID-19 ផង​។ 
 
​ស្របពេល​បញ្ហា​កើតឡើង​ផ្ទួនៗ លោក គីម ក៏​សម្រេចចិត្ត​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​។ ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ លោក គីម បាន​ដក​លោក Kim Jae-ryong ពី​តំណែង និង​ជំនួយ​វិញ​ដោយ​លោក Kim Tok-hun ដែលជា​អនុប្រធាន​គណៈ​មជ្ឈិមបក្ស​ពលករ​៕ 

Tag:
 កូរ៉េខាងជើង​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com