ជាតិ
បច្ចេកទេស​ចិញ្ចឹម​ត្រី​អណ្ដែង​លក្ខណៈ​គ្រួសារ​
18, Aug 2020 , 8:59 am        
រូបភាព
រូបពី Facebook អ៊ាង សុផល្លែត
រូបពី Facebook អ៊ាង សុផល្លែត
ដោយ:
​ដើម្បី​រួមចំណែក​ក្នុង​វិស័យ​វារីវប្បកម្ម ដល់​កសិករ​នៅ​ជនបទ ពិសេស​ការចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ​ក្នុង​គោលដៅ​បង្កើន​ផលិតភាព​ត្រី សម្រាប់​កសិករ​ដែលមាន​បំណង​ចិញ្ចឹម​ត្រី​អណ្ដែង​ក្នុង​ស្រះ ឬ​អាង​តូច​។ ត្រី​អណ្ដែង​ដែល​សមស្រប​សម្រាប់​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ជា​ប្រភេទ​ត្រី​អណ្ដែង​អា​ហ្វ្រិ​ច​បង្កាត់​ជាមួយ​ត្រី​អណ្ដែង​ក្នុងស្រុក​។ នេះ​បើតាម​ការដកស្រង់​ពី​សៀវភៅ​បច្ចេក​ទេ​ចិញ្ចឹម​ត្រី​អណ្ដែង​លក្ខណៈ​គ្រួសារ របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​។​

 
​ដើម្បី​អាច​ចិញ្ចឹម​ត្រី​អណ្ដែង​លក្ខណៈ​គ្រួ​សារបាន មុនដំបូង​កសិករ​ត្រូវ​ជ្រើសរើស​ទីតាំង​ក្នុង​ការជីក​ស្រះ ត្រូវ​ជ្រើសរើស​កន្លែង​ជិត​ផ្ទះ​ព្រោះ​ងាយស្រួល​ក្នុងការ​មើលថែ និង​មាន​ប្រភពទឹក​គ្រប់គ្រាន់​ដើម្បី​អាច​ផ្លាស់ប្ដូរ​ទឹកបាន (១-២​ដង​/​ខែ​)​។ បន្ទាប់ពី​ជ្រើសរើស​ទីតាំង​ហើយ ត្រូវ​រៀបចំ​ជីក​ស្រះ​ទៅតាម​ទំហំ​ដែល​កសិករ​ចង់បាន​និង​តាម​លទ្ធភាព​។ ប៉ុន្តែ​ទំហំ​ស្រះ​ដែល​សមស្រប​សម្រាប់​ការចិញ្ចឹម​ត្រី​អណ្ដែង​លក្ខណៈ​គ្រួសារ​មាន​ទំហំ​ចន្លោះ​ពី ៨​ម៉ែត្រការ៉េ ទៅ ២០​ម៉ែត្រការ៉េ និង​ជម្រៅ​ពី ៦​តឹក​ទៅ ១​ម៉ែត្រ​។ ក្នុង​លក្ខខណ្ឌ​ស្រះ​ទំហំ​ទទឹង ២​ម៉ែត្រ បណ្ដោយ ៥​ម៉ែត្រ (​ស្មើ​១០​ម៉ែត្រការ៉េ​) អាចដាក់​បានកូន​ត្រី​ចំនួន ៥០០​ក្បាល​។​
 
​ចំពោះ​ស្រះ​ថ្មី​ក្រោយ​ជីក​រួច​ត្រូវ​សំអាត​បាត​ស្រះ​ឲ្យ​បាន​ស្អាត រួច​ក្រាល​កៅស៊ូ​ប្លា​ស្ទិ​ក​។ បន្ទាប់ពី​ក្រាល​កៅស៊ូ​ប្លា​ស្ទិ​ករួច គប្បី​យក​ភក់​បាត​ត្រពាំង ឬ​បឹង​ក្រាល​នៅ​បាត​ស្រះ កម្រាស់ ០.៥-១​តឹក អាច​បន្ថែម​លាមក​សត្វ​ស្ងួត​ដូចជា គោ ជ្រូក មាន់ ឬ​ទា ពង្រាយ​នៅ​បាត​ស្រះ នូវ​បរិមាណ ០.៥ គីឡូក្រាម​ក្នុង ១​ម៉ែត្រការ៉េ រួច​បញ្ចូល​ទឹក​ក្នុង​បរិមាណ ០.២-០.៤​ម៉ែត្រ និង​ត្រាំ​ទុក​រយៈពេល ៣ ទៅ ៥​ថ្ងៃ​។ បន្ទាប់ពី​ត្រាំ​ទឹក​រយៈពេល​ពី ៣ ទៅ ៥​ថ្ងៃ​រួច គឺអាច​ព្រលែង​កូន​ត្រី​បាន មុននឹង​លែង​កូន​ត្រី​ចូល​ស្រះ ត្រូវ​តាំ​ថង់​កូន​ត្រី​នៅក្នុង​ទឹកស្រះ​ជាមុនសិន រយៈពេល​ពី ១៥-២០​នាទី ដើម្បី​ឲ្យ​សីតុណ្ហភាព​ទឹក​ខាងក្រៅ និង​ក្នុង​ថង់​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា​។ 
 
​ដោយឡែក​ចំណី​ត្រី​អណ្ដែង​អាចជា​រុក្ខជាតិ​ដូចជា ត្រកួន ពោត ស្លឹក​ដំឡូងជ្វា សណ្ដែកសៀង កន្ទក់ ចុងអង្ករ កាកសំណល់​ផ្ទះបាយ​។ ការផ្ដល់​ចំណី​ដល់​កូន​ត្រី​ត្រូវធ្វើ​បន្ទាប់ពី​លែង​ចូល​ស្រះ​រយៈពេល ២-៣​ម៉ោង ប៉ុន្តែ​ក្នុង​បរិមាណ​តិច​បំផុត​។ សម្រាប់​ការផ្ដល់​ចំណី​ត្រី​ពេញវ័យ​អាច​ផ្ដល់​ពី ២ ទៅ ៣​ដង​ក្នុង ១​ថ្ងៃ ហើយ​ពេលវេលា​ល្អ​គឺ​នៅ​ម៉ោង ៨​ព្រឹក និង​ម៉ោង ៤​ឬ ៥​ល្ងាច​។ ចំពោះ​ការចិញ្ចឹម​ត្រី​អណ្ដែង​ក្នុង​ស្រះ​ក្រាល​កៅស៊ូ​ប្លា​ស្ទិ​ក​ចិញ្ចឹម​តែ​រយៈពេល ២ ទៅ ៤ ខែ​ប៉ុណ្ណោះ​អាច​ប្រមូល​ផល​បាន​ហើយ​៕

Tag:
 ​ការចិញ្ចឹម​ត្រី​អណ្ដែង​
 ​វារីវប្បកម្ម​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com