អន្តរជាតិ
ស្រីលង្កា​៖ ប្អូន​ជា​ប្រធានាធិបតី​, បង​បន្ទាប់​ធ្វើ​នាយករដ្ឋមន្ត្រី​, បងធំ និង​ក្មួយ​ធ្វើ​រដ្ឋមន្ត្រី​...
14, Aug 2020 , 4:21 pm        
រូបភាព
លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (ស្ដាំ) ប្រធានាធិបតីស្រីលង្កា លើកដៃគោរពលោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា ដែលជាបងប្រុស និងជានាយករដ្ឋមន្រ្តី។ រូបភាព AFP
លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (ស្ដាំ) ប្រធានាធិបតីស្រីលង្កា លើកដៃគោរពលោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា ដែលជាបងប្រុស និងជានាយករដ្ឋមន្រ្តី។ រូបភាព AFP
​ប្រធានាធិបតី​ស្រីលង្កា លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា បាន​ដឹកនាំ​ការស្បថ​ចូលកាន់​តំណែង​របស់​គ​ណៈ​រដ្ឋមន្ត្រី​ថ្មី​កាលពី​ថ្ងៃទី​១២ ខែសីហា​កន្លងទៅ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ សមាជិកគ្រួសារ​ត្រកូល រ៉ា​ចា​ប៉ាក់​សា ដែល​កាន់តំណែង​ដឹកនាំ​ប្រទេស​ជាច្រើន​ឆ្នាំ​ចំនួន​បីនាក់ ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​សមាសភាព​រដ្ឋាភិបាល​ទាំង​២៦​រូប ដែល​ត្រូវបាន​បង្កើតឡើង​ក្រោយ​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នា​ការបោះឆ្នោត​នៅ​ដើមខែ​សីហា​របស់​បក្សនយោបាយ​របស់​ត្រកូល​មួយ​នេះ និង​សម្ព័ន្ធមិត្ត​។​

 
​ក្នុងចំណោម​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​ស្រីលង្កា នាយករដ្ឋមន្ត្រី គឺ​លោក ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា ដែលជា​បងប្រុស​ប្រធានាធិបតី​សព្វថ្ងៃ ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា ។ លោក ម៉ា​ហ៊ី​ន​ដា ក៏​ធ្លាប់ជា​ប្រធានាធិបតី​ស្រីលង្កា​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៥ ហើយ​លោក​ជា​អ្នកដឹកនាំ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ជាមួយ​ក្រុម​ឧទ្ទាម​ខ្លា​តា​មិ​ល ដែល​រង​ការរិះគន់​ខ្លាំង​លើ​ការបំពាន​សិទ្ធិមនុស្ស​។ បន្ថែម​ពីលើ​តំណែង​នាយករដ្ឋមន្ត្រី លោក ម៉ា​ហ៊ី​ន​ដា ក៏​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ អភិវឌ្ឍន៍​ទីក្រុង និង​សាសនា​។​
 
​បងប្រុស​ច្បង​ត្រកូល រ៉ា​ចា​ប៉ាក់​សា គឺ​លោក ចា​ម៉ា​ល រ៉ា​ចា​ប៉ាក់​សា ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ធារាសាស្ត្រ​។ ចំ​ណែ​លោក ណា​ម៉ា​ល់ រ៉ា​ចា​ប៉ាក់​សា កូនប្រុស​លោក ម៉ា​ហ៊ិ​ន​ដា ហើយ​ត្រូវជា​ក្មួយប្រុស​លោក ហ្គោ​តា​បា​យ៉ា ដែរនោះ ជា​រដ្ឋមន្ត្រី​កីឡា និង​យុវជន​។ ណា​ម៉ា​ល ត្រូវបាន​មើលឃើញថា កំពុង​ទទួល​ការបណ្ដុះបណ្ដាល​ដើម្បី​បន្តវេន​ឪពុក​របស់ខ្លួន​។ 
 

 លោក ហ្គោតាបាយ៉ា ប្រគល់លិខិតតែងតាំងឲ្យលោក ណាម៉ាល រ៉ាចាប៉ាក់សា។ រូបភាព AFP

​ដោយឡែក លោក Ali Sabry មេធាវី​លោក​ប្រធានាធិបតី ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​។ នេះ​តាម​ការផ្សាយ​របស់​ទូរ​ទស្សន៍ Al Jazeera ។​
 
​នៅ​សភា​វិញ គ្រួសារ រ៉ា​ចា​ប៉ាក់​សា មាន​ដល់​ទៅ​៥​នាក់​ដូចជា​លោក ម៉ា​ហ៊ី​ន​ដា​, លោក ចា​ម៉ា​ល​, លោក ណា​ម៉ា​ល​, លោក សា​ហ៊ី​ន​ដ្រា កូនប្រុស​លោក ចា​ម៉ា​ល និង​លោក នី​ពូ​ណា រ៉ា​ណា​វ៉ា​កា ដែលជា​ក្មួយប្រុស​។ សភា​ស្រីលង្កា គ្រប់គ្រង​ដោយ​បក្ស Sri Lanka Podujana Peramuna ដែលមាន​កៅអី​ចំនួន​១៤៥​លើ​២២៥ ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com