ជាតិ
សេដ្ឋកិច្ច
អ្នកស្រីអ៊ិន ឡៃហួត ពីអ្នកដាំស្វាយចន្ទីធម្មតា ក្លាយជាម្ចាស់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីលំដាប់អន្តរជាតិ
× ភ្នំពេញ៖ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ២០ម៉ឺនដុល្លារ របស់អ្នកស្រី អ៊ិន ឡៃហួត កំពុងសាងសង់ឡើងនៅក្នុងខេត្តកំពង់ធំ។ រោងចក្រមួយនេះបង្កើតឡើងដោយមានការសហការជាមួយក្រុមហ៊ុនជប៉ុនមួយឈ្មោះ Top Planning Japan Co., Ltd ក្នុងគោលបំណងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យមានគុណភាព និងស្តង់ដារ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ពិសេសនាំចេញទៅប្រទេសជប៉ុន។
តាមរយៈបទពិសោធន៍៨ឆ្នាំនៃការដាំដុះ កែច្នៃ ទីផ្សារ និងកិច្ចការមួយចំនួនលើផលិតផលគ្រាប់ស្វាយចន្ទី អ្នកស្រី អ៊ិន ឡៃហួត បានបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចមួយដែលបានដំណើរការអស់រយៈពេលជាង១ឆ្នាំមកហើយ នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សព្វថ្ងៃនេះ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចមួយនេះ កំពុងវិវត្តន៍ខ្លួនទៅជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីស្តង់ដារអន្តរជាតិ ដែលនឹងចេញជារូបរាងនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០។
បើតាមស្រី្តមានសម្បុរស្រអែមស្រស់ និងភាពរួសរាយរាក់ទាក់រូបនេះ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី គឺបានដំណើរការនៅដើមឆ្នាំ២០១៩មក ដោយមានបុគ្គលិក១៥នាក់ ហើយកើនដល់៣២នាក់ ភាគច្រើនជាស្ត្រីមេផ្ទះដែលកំពុងបម្រើការសព្វថ្ងៃ។ អ្នកស្រី ឡៃហួត បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា នៅពេលដែលសិប្បកម្មនេះបានក្លាយទៅជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីហើយនោះ នឹងបង្កើតការងារដល់ពលរដ្ឋក្នុងតំបន់បានរហូតដល់ជិត១០០នាក់ ព្រមទាំងបង្កើននូវជំនាញការងារតាមផ្នែកនីមួយៗផងដែរ។
«រោងចក្រនេះមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីពី ២-៣តោន និងមានលទ្ធភាពបកគ្រាប់ស្វាយចន្ទីស្រស់១០ តោនក្នុងមួយថ្ងៃ។ តាមការគ្រោងទុកនៅដើមឆ្នាំ២០២១ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីយើងនឹងដំណើរការ ហើយយើងសង្ឃឹមថាឆ្នាំទីមួយនៃដំណើរការរោងចក្រនេះ នឹងមានបុគ្គលិកយ៉ាងតិច៨០នាក់ធ្វើការងារជាមួយយើង»។ នេះជាការលើកឡើងរបស់អ្នកស្រី ឡៃហួត ដោយបន្តថា៖«ក្រោយពេលដំណើរការរោងចក្រនេះ ជាជំហានដំបូងយើងនឹងនាំផលិតផលយើងទៅទីផ្សារប្រទេសជប៉ុនចំនួន៩០តោនក្នុងមួយឆ្នាំ តាមរយៈក្រុមហ៊ុន Top Planning »។
ស្ត្រីជាសហគ្រិនក្នុងវិស័យកសិកម្មរូបនេះបានបញ្ជាក់ថា បន្ទាប់ពីមានវត្តមាននៃរោងចក្រគ្រាប់ស្វាយចន្ទីនេះ ក្រុមហ៊ុន Top planning នឹងជំរុញឱ្យសម្រេចការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃស្រស់ទៅទីផ្សារអន្តរជាតិឱ្យបានពី៤០០ ទៅ១០០០តោន ក្នុងមួយឆ្នាំ។
ក្រុមហ៊ុន Top planning បានចុះអនុសារណៈនៃការយោគយល់គ្នា(MOU)ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់អ្នកស្រី អ៊ិន ឡៃហួត កាលពីថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២០។ អនុសារណៈនៃការយោគយល់នេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ទៅជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ដោយធានាបាននូវអនាម័យ គុណភាព សុវត្ថិភាព និងបច្ចេកទេសកែច្នៃ ស្របតាមស្តង់ដារអន្តរជាតិ។ នេះបើយោងតាមឯកសារចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការទិញ-លក់ រវាង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់អ្នកស្រី អ៊ិន ឡៃហួត និងក្រុមហ៊ុនជប៉ុន Top planning។
សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់អ្នកស្រី អ៊ិន ឡៃហួត បានសហការពីក្រុមហ៊ុនTop planningនេះ គឺមានគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ ការគាំទ្រពីស្ថាប័នពាក់ព័ន្ធទាំងពីរនេះ ក្នុងគោលបំណងកសាងផែនការអភិវឌ្ឍ និងលើកកម្ពស់ផលិតផលស្វាយចន្ទីកម្ពុជា ដែលអាចឈានការដល់បង្កើតខ្សែច្រវ៉ាក់តម្លៃគ្រាប់ស្វាយចន្ទី ក្នុងខេត្តកំពង់ធំ ព្រះវិហារ កំពង់ធំ និងខេត្តកំពង់ចាម ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានលើកឡើងថា ក្រោយរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់អ្នកស្រីអ៊ិន ឡៃហួត បានដំណើរការហើយនោះ តម្រូវការគ្រាប់ស្វាយពីសំណាក់ទីផ្សារបរទេសនឹងកើនឡើង ហើយថែមទាំងអាចសពង្រីកទីផ្សារបានទៀតផង។ បើតាម លោក វណ្ណរិទ្ធ កន្លងមកមានក្រុមហ៊ុនប្រទេសអាមេរិក កូរ៉េ ចិន បានចុះសិក្សា និងវាយតម្លៃចង្វាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ជាហូរហែរ ប៉ុន្តែមិនទទួលបានកិច្ចព្រមព្រៀងនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសទាំងនោះណាមួយឡើយ ដោយសារកម្រិតកែច្នៃគ្រាប់ស្វាយចន្ទីក្នុងសហគមន៍ នៅមានការអនុវត្តជាលក្ខណៈសិប្បកម្មតូចៗនិងជាលក្ខណៈគ្រួសារនៅឡើយ។ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំរូបនេះបាននិយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«នៅពេលរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដែលមានកម្រិតស្តង់ដារអន្តរជាតិ ពិសេសស្តង់ដារជប៉ុន របស់អ្នកស្រី អ៊ិន ឡៃហួតនោះ បង្កើតឡើងយើងសង្ឃឹមថា ក្រុមហ៊ុនប្រទេសទាំងនោះ នឹងមកសហការជាមួយយើងក្នុងការនាំចេញគ្រាប់ស្វាយចន្ទី នាពេលឆាប់ៗខាងមុខនេះ»។
រយៈពេល៧ ខែឆ្នាំ ២០២០ កម្ពុជានាំចេញផលិតផលកសិកម្មជាង២,៦៨លានតោន។ ក្នុងនោះគ្រាប់ស្វាយចន្ទីមាន១៩៤,៥២៥តោន ទៅកាន់ទីផ្សារ វៀតណាម ថៃ កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី ចិន ហុងកុង និងបារាំង៕ Tag:
កសិកម្ម
គ្រាប់ស្វាយចន្ទី
កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com