ជាតិ
លោកស្រី​ទូត​ឥណ្ឌា​៖ ទោះ​កូ​វីដ​-១៩ តែ​កិច្ចសហប្រតិបត្តិការ​ខ្មែរ​-​ឥណ្ឌា មិន​ថមថយ​ឡើយ​
14, Aug 2020 , 11:29 pm        
រូបភាព
លោកស្រី Manika Jain នាជំនួបជាមួយ​សម្តេចហ៊ុន សែន កាលពីឆ្នាំ២០១៨។ រូបថត SPM
លោកស្រី Manika Jain នាជំនួបជាមួយ​សម្តេចហ៊ុន សែន កាលពីឆ្នាំ២០១៨។ រូបថត SPM
ដោយ: រួបរួម
​ចំណងមិត្តភាព រវាង​កម្ពុជា​-​ឥណ្ឌា មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ និង​មាន​ភាពរឹងមាំ​។ ន​ជ​ជាការ​គូសបញ្ជាក់​របស់​លោកស្រី ម៉ា​នី​កា ជេន (Manika Jain) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា នាឱកាស​ដែល​ឥណ្ឌា ត្រូវ​ប្រារព្ធ​ខួប​បុណ្យ​ឯករាជ្យ​លើក​ទី​៧៤ នា​ថ្ងៃ​សៅរ៍ ទី​១៥ ខែសីហា​។​

 
​តាមរយៈ​សារ​របស់ខ្លួន លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​អះអាងថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​ឥណ្ឌា បាន​ជួយ​ពង្រីក​ដល់​វិស័យ​ជាច្រើន ក្នុងនោះ​រួមមាន​ទាំង​ផ្នែក​វប្បធម៌ បេតិកភណ្ឌ សាសនា តន្ត្រី របាំ ស្ថាបត្យកម្ម ទស្សនវិជ្ជា ភាសា សាសនា ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច រួមទាំង​ជំនួយ​មនុស្សធម៌ គម្រោង​អភិវឌ្ឍន៍ និង​កិច្ចសហការ​ផ្សេងៗ​នៅលើ​ឆាក​អន្តរជាតិ​។ 
 
​លោកស្រី ម៉ា​នី​កា ជេន បានលើកឡើង​ផងដែរ​ថា ទោះបី​ជាមាន​បញ្ហា​ប្រឈម​កូ​វីដ​-១៩​ក្តី  ក៏​កិច្ច សហប្រតិបត្តិការ​ទ្វេភាគី​នៅតែមាន និង​មិន​ថមថយ​ចុះ​នោះទេ​។ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ លោក Narendra Modi  នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ដោយ​ពិភាក្សា​អំពី​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា និង​មធ្យោបាយ​នៃ​ការចូលរួម​ក្រោម​ការផ្លាស់ប្តូរ​តាម​កាលៈទេសៈ​។​
 
​ជាមួយគ្នានេះ រដ្ឋាភិបាល​ឥណ្ឌា និង​កម្ពុជា​បាន​ជួយ​សម្រួល​ឲ្យ​មាន​ជើងហោះហើរ​ដើម្បី​ជម្លៀស​ពលរដ្ឋ​ជាប់គាំង​ដោយផ្ទាល់​ពី​ប្រទេស​កម្ពុជា​និង​ឥណ្ឌា​។ 
 
​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ទ្វេភាគី ពាណិជ្ជកម្ម​សរុបរ​វា​ង​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំ ២០១៧ មាន 
១៦៨,០២ លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង ៣៥ ភាគរយ ក្នុង​ឆ្នាំ ២០១៨ រហូតដល់ ២២៧,២៣ លាន​ដុល្លារ​អាមេរិក​និង​កើនឡើង ១០,១៩​ភាគរយ ក្នុង​ឆ្នាំ​២០១៩ ដល់ ២៥០,៤១ លាន​ដុល្លារ​។​
 
​លោកស្រី​ឯកអគ្គរដ្ឋទូត បាន​បន្ថែមថា​៖ «​ឥណ្ឌា​រីករាយ​ដែល​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​លក្ខខណ្ឌ​យោង (TOR) សម្រាប់​ក្រុមការងារ​ចម្រុះ​ស្តីពី​ពាណិជ្ជកម្ម​ទ្វេភាគី​។ យើង​ក៏​ពិចារណា អំពី​បំណងប្រាថ្នា​របស់​កម្ពុជា​ក្នុងការ​ចាប់ផ្តើម​ការចរចា​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​កម្ពុជា​និង​ឥណ្ឌា​»​។​
 
​ទោះ​មានការ​រាតត្បាត​កូ​វីដ​-១៩ ប៉ុន្តែ​ឥណ្ឌា​បន្តការងារ​ជួស និង​អភិរក្ស​ប្រាសាទតាព្រហ្ម​។ ឥណ្ឌា​នៅ​បន្ត​គម្រោង​សហប្រតិបត្តិការ​ផ្សេងទៀត​ដូចជា ការបន្ត​ធ្វើជា​ប្រធាន ក្រុមប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្ប​ធ​ម៍ (ICCR) និង​ទស្សនវិជ្ជា​នៅ​ពុទ្ធិ​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ការបង្រៀន​យូ​ហ្គា  ការ​ចែកចាយ​ថ្នាំពេទ្យ ម៉ាស់ និង​សម្ភារ​សុខាភិបាល​ផ្សេងទៀត​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ការគាំទ្រ​និង​ការផ្តល់ មូលនិធិ​ដល់​គម្រោង Quick Impact Projects​។​
 
​នៅ​ឆ្នាំ​២០២០ ឥណ្ឌា​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ចំនួន​១៥  ដែល​កំពុងដំណើរការ​នៅតាម​ក្រោម​មន្ទីរ និង​ក្រសួង​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​។​
 
«​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​ចំនួន​១,៥ លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយ​ទិញ ឧបករណ៍​ដោះមីន​នៅ​កម្ពុជា​។ យើង​ធ្លាប់​ប្រគល់​សុនខ​ហិតក្លិន​ផ្ទុះ​ចំនួន​១៥​ក្បាល​។ ក្នុង​ដំណើរ​ទស្សនកិច្ច​សុច្ឆន្ទៈ​ជា​ទៀងទាត់​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ចំនួន​ពីរ​គ្រឿង​គឺ​នាវា Kiltan និង Sahyadri បានមក​កាន់​ប្រទេស​កម្ពុជា​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៩»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​។​
 
​ឥណ្ឌា​ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញា​ធ្វើ​ឲ្យ​មាន​ការតភ្ជាប់​កាន់តែ​ប្រសើរ​ជាមួយ​តំបន់​អាស៊ាន​ផងដែរ​។ ឥណ្ឌា​មានកម្ម​វិធី​សុខភាព​និង​ការកសាង​សមត្ថភាព​ជាច្រើន​ទៀត​ស្ទើរតែ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​។  លោកស្រី ម៉ា​នី​កា បាន​លើកឡើងថា​៖ «​កម្ពុជា​បាន​ចូលរួម​នៅក្នុង​វេទិកា​ទាំងនេះហើយ​ខ្ញុំ​មាន​ទំនុកចិត្ត​ថា​ការចែករំលែក​បទពិសោធ​ន៍​នៅលើ​វេទិកា​ទាំងនេះ​នឹង​ជួយ​គ្នា​ទៅវិញទៅមក រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​ជម្នះ​ឧបសគ្គ​បច្ចុប្បន្ន​និង​កសាង​អនាគត​ដ៏​ល្អប្រសើរ​សម្រាប់​យើងទាំងអស់គ្នា​»៕  
 

Tag:
 ទំនាក់ទំនង​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com