COVID-19
អន្តរជាតិ
រដ្ឋាភិបាល​បារាំង ដាក់​ទីក្រុង​ប៉ារីស និង​តំបន់​ផ្សេងទៀត​ជា​តំបន់​គ្រោះថ្នាក់​កម្រិត​ខ្ពស់​
14, Aug 2020 , 6:14 pm        
រូបភាព
​រដ្ឋាភិបាល​បារាំង​នៅ​ថ្ងៃទី​១៤ ខែសីហា បានប្រកាស​ដាក់​ទីក្រុង​ប៉ារីស និង​តំបន់ Bouches-du-Rhone ដែល​នៅ​ជុំវិញ​ទីក្រុង Marseille ជា​តំបន់​ឆ្លង​COVID-19 កម្រិត​ខ្ពស់​ជាថ្មី​។ ការប្រកាស​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ករណី​ឆ្លង COVID-19 នៅ​បារាំង​កើនឡើង​ជាថ្មី​។


​រយៈពេល​ចុងក្រោយ​នេះ ករណី​ឆ្លង COVID-19 នៅ​បារាំង បាន​កើន​ជាថ្មី​។ នៅ​ថ្ងៃទី​១៣ ខែសីហា បារាំង បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន ២៦៦៩​ករណី និង​អ្នកស្លាប់​១៧​ករណី​។ ទីក្រុង​ប៉ារីស និង​ទីក្រុង Marseille បាន​បង្ខំ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់ នៅ​កន្លែង​មាន​មនុស្ស​ច្រើន​។ 
 
​ទាក់ទិន​ករណី​ឆ្លង​កើនឡើង​បែបនេះ រដ្ឋាភិបាល​បារាំង បានចេញ​អនុ​ក្រិ​ត្យ​មួយ ដោយ​ដាក់​ទីក្រុង​បារី​ស និង​តំបន់ Bouches-du-Rhone ជា​«​តំបន់​ក្រហម​»​។  តំបន់​ក្រហម​នេះ គឺជា​តំបន់ ដែលមាន​ករណី​ឆ្លង​កម្រិត​ខ្ពស់​។ តាមរយៈ​អនុ​ក្រិ​ត្រ​ដដែល​នេះ អាជ្ញាធរ​តំបន់ មានអំណាច ក្នុងការ​រឹតត្បិត​ការធ្វើដំណើរ​របស់​ប្រជាជន​, ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​, ការកម្រិត​ចំនួន​មនុស្ស​ចូល​អាគារ​សាធារណៈ និង​មាន​សិទ្ធិ​បិទ​កន្លែង​មួយចំនួនទៀត ដែលមាន​អត្រា​ឆ្លង​កម្រិត​ខ្ពស់​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ Reuters ការដាក់​ទីក្រុង​ប៉ារីស និង​តំបន់ Bouches-du-Rhone នេះ ជា​តំបន់​គ្រោះថ្នាក់​កម្រិត​ខ្ពស់ គឺអាច​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍​។ 
​កន្លងមក​អង់គ្លេស បានដាក់​បារាំង និង​ប្រទេស​មួយចំនួនទៀត ក្នុង​បញ្ជី​ច​ត្តា​ឡី​ស័ក​។ បានន័យថា រាល់​អ្នកដំណើរ ដែល​ត្រលប់​មកពី​បារាំង​ទាំងអស់ ត្រូវដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​។ គិត​ត្រឹម​ថ្ងៃទី​១៣ ខែសីហា បារាំង​មាន​ករណី COVID-19 សរុប​ចំនួន​ជិត ២១​ម៉ឺន អ្នកស្លាប់​ជាង ៣​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់​៕  

Tag:
 បារាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com