ជាតិ
សង្គមជាតិ
មន្ត្រីនគរបាល៧រូបនៅខេត្តព្រៃវែង ដែលទារប្រាក់ពីជនសង្ស័យគ្រឿងញៀន ត្រូវបានដកតំណែង និងផ្ទេរកិច្ច
× ភ្នំពេញ៖ មន្ត្រីនគរបាលមួយក្រុមនៅខេត្តព្រៃវែង ដែលជាប់ពាក់ព័ន្ធនឹងករណីទារប្រាក់ពីជនសង្ស័យគ្រឿងញៀន ត្រូវបានដកតំណែង និងផ្ទេរកិច្ច។ នេះបើតាមលិខិតពីរដោយឡែកពីគ្នា របស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចេញសេចក្តីសម្រេចជាបន្តបន្ទាប់ពីថ្ងៃទី៤ ដល់១១សីហា។
សម្ដេច ស ខេង បានសម្រេចដកហូតមុខតំណែង លោកអនុសេនីយ៍ឯក ទូច ធារ៉ា ពីនាយរងការិយាល័យប្រឆាំងគ្រឿងញៀន ឲ្យមកជាមន្ដ្រី និងបន្ដឋានន្ដរស័ក្ដិមួយថ្នាក់ មកនៅត្រឹមអនុសេនីយ៍ទោ ក្រោមមូលហេតុល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ សម្ដេច ស ខេង ក៏បង្គាប់ឱ្យមន្ដ្រីនគរបាលរូបនេះ ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រៀងរាល់ម៉ោងធ្វើការ រហូតមានការសម្រេចជាថ្មី។
ក្រៅពីលោក ទូច ធារ៉ា , សម្ដេច ស ខេង ក៏សម្រេចផ្ទេរសម្រួលភារកិច្ច លោក ថោង វណ្ឌី ពីស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង មកជាស្នងការរង ដោយមិនទទួលផែនអ្វីទាំងអស់ ក្រោមហេតុផល ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ សម្រាប់លោក ថោង វណ្ឌី នេះគឺជាលក្ខខណ្ឌព្រមានលើកទី១។
ដោយឡែកវរសេនីយ៍ឯក ពៅ ជីវ័ន្ដ នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រៃវែង ក៏ត្រូវវិន័យក្រោមរូបភាព ព្រមានលើកទី១ដែរ ក្រោមមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិនេះ។ នេះបើតាមលិខិតសម្ដេច ស ខេង ដែលទុកឱកាសឱ្យបុគ្គល ពៅ ជីវ័ន្ដ កែប្រែកំហុសខ្លួនឱ្យបានត្រឹមត្រូវ ប៉ុន្តែបើបុគ្គលរូបនេះ នៅតែអនុវត្តផ្ទុយពីការណែនាំទៀតនោះ នឹងត្រូវអនុវត្តតាមវិន័យនគរបាលជាតិ។
ងាកមកលោកអនុសេនីយ៍ឯក ស៊ី បូ វិញ ក៏ត្រូវដកតំណែងពីនាយផ្នែកស្រាវជ្រាវ និងស៊ើបអង្កេត នៃការិយាល័យប្រឆាំងគ្រឿងញៀន ឲ្យមកជាមន្ដ្រី ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ បុគ្គលរូបនេះ ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រៀងរាល់ម៉ោងធ្វើការ រហូតមានការសម្រេចជាថ្មី។ នេះបើតាមការសម្រេចដោយឡែកមួយទៀត របស់លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក នេត សាវឿន បានសម្រេចដាក់វិន័យលើមន្ដ្រីនគរបាល៣រូបទៀត នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមរូបភាពបន្ថយឋានន្ដរស័ក្ដិមួយថ្នាក់វិញដែរ។ ក្នុងនោះរួមមាន អនុសេនីយ៍ឯក ហេង ចាន់រតនា ឲ្យមកជាមន្ដ្រីត្រឹមអនុសេនីយ៍ទោ, អនុសេនីយ៍ឯក សៀក ចាន់ធឿន ជាមន្ដ្រីមកនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ និងអនុសេនីយ៍ទោ យុន តារាភ័ស្ដ ជាមន្ដ្រីឲ្យមកនៅត្រឹមអនុសេនីយ៍ត្រី ក្រោមមូលហេតុល្មើសវិន័យរបស់កងកងកម្លាំងនគរបាលជាតិ។
ស្នងការរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទទួលបន្ទុកការងារគ្រឿងញៀនចំនួន ៧រូបនេះ ត្រូវបានរកឃើញថា ពួកគេពាក់ព័ន្ធនឹងករណីប្រើហិង្សា និងយកលុយប្រមាណ ៤លានរៀល ពីជនសង្ស័យពេលចុះបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ជាថ្នូរនឹងការដោះលែងវិញ។ ក្រោយប្រតិបត្តិការនេះ ជនសង្ស័យឈ្មោះ ថៃ សាមាឌ ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ហឿន រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ បានដាក់ពាក្យបណ្ដឹងទៅតុលាការ លើមន្ត្រីនគរបាលទាំងនោះតែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com