ពីនេះ ពីនោះ
រូបត្លុក
សង្គមជាតិ
ស្លៀកខ្លីឲ្យហើយ និងដោះអាវឲ្យហើយ មុនច្បាប់ចេញ…!
× ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ ធ្លាប់បានបញ្ជាក់ថា ការហាមពលរដ្ឋ មិនឱ្យស្លៀកពាក់លេចលើលេចក្រោមនៅតាមទីសាធារណៈ ដែលមានចែងក្នុងសេចក្តីព្រាងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ នេះ គឺដើម្បីរក្សាការពារតម្លៃប្រពៃណី និងវប្បធម៌ជាតិ។ សម្រាប់លោក អ៊ុក គឹមលេខ ការតាក់តែងច្បាប់នេះ ក៏មិនមែនរឹតបន្តឹងសេរីភាពពលរដ្ឋដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក អ៊ុក គឹមលេខ ដែលដឹកនាំរៀបចំសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា៖«យើងបង្កើតច្បាប់នេះឡើង ដើម្បីរៀបចំរបៀបរៀបរយសង្គម និងរក្សាសេចក្តីថ្លៃថ្នូរជាតិ។ ដូច្នេះទើបយើងហាមពលរដ្ឋមិនឱ្យស្លៀកពាក់ហួសហេតុនេះ ដើម្បីឱ្យពួកគេស្លៀកពាក់ឱ្យបានសមរម្យ»។
សេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៨មាត្រា។ ត្រង់ជំពូកទី៥ មាត្រា៣៦ បានចែងថា «ហាមស្លៀកពាក់ដែលប៉ះពាល់ប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរ នៅទីសាធារណៈជាអាទិ៍៖ក- បុរសស្លៀកតែខោអត់អាវនៅទីប្រជុំជន ឬស្លៀកតែខោទ្រនាប់បង្ហាញផ្នែកខ្លះនៃកេរភេទ។ ខ-នារីស្លៀកពាក់ខើចលើខើចក្រោម ឬស្លៀកពាក់ស្ដើងមើលឃើញកេរភេទ ឬស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរភេទ។ ការអនុវត្តកឋាខណ្ឌខាងលើ ត្រូវបានលើកលែងចំពោះតែវិស័យទេសចរណ៍ សិល្បៈ កីឡា ប្រពៃណីឬតំបន់ ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»៕
© រក្សាសិទ្ធិដោយ thmeythmey.com