កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Bayern Munich លត់ Barcelona ៨-២ ឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ
× Bayern Munich បានផ្តល់មេរៀនអាម៉ាស់ដល់ Barcelona ជាមួយនឹងលទ្ធផលគ្រាប់បាល់ស៊ុតបញ្ចូលទី ៨-២ ក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី១៤ ខែសីហា។ ជ័យជម្នះដ៏មិនគួរឲ្យជឿនេះ បាននាំក្រុម Bayern ក្លាយជាក្រុមរបស់អាល្លឺម៉ង់ទី២បន្ទាប់ពី RasenBallsport Leipzig ដែលឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នាការជួបគ្នានៅកីឡដ្ឋាន Estadio da Luz ក្រុម Bayern Munich បានបង្កើតឲ្យមានគ្រាប់បាល់នាំមុខមុននៅ៤នាទីដំបូងដែលសម្រេចទីបានដោយកីឡាករ Thomas Mueller មុនពេលខ្សែការពារ David Alaba ធ្វើឲ្យចូលទីខ្លួនឯងនៅ៣នាទីបន្ទាប់។
Ivan Perisic បានជួយឲ្យក្រុមដែលមានលោក Hans-Dieter Flick ជាអ្នកចាត់ការនាំមុខ Barcelona ជាថ្មីនៅនាទី២២។ នៅមុនបញ្ចប់វគ្គទី១ ខ្សែបម្រើវ័យក្មេង Serge Gnabry និង Thomas Mueller បន្ថែមម្នាក់មួយគ្រាប់ទៀតដើម្បីធ្វើឲ្យ Bayern នាំមុខ Barca ៤-១។
ឈានដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន១២នាទី ខ្សែប្រយុទ្ធ Luis Suarez បានសម្រេចទីឲ្យក្រុមយក្សអេស្ប៉ាញបានពីរគ្រាប់វិញ។ យ៉ាងណាក៏ដោយ ក្រុមយក្សអាល្លឺម៉ង់បានបង្ហាញភាពខ្លាំងរបស់ខ្លួន ដើម្បីផ្តល់ភាពអាម៉ាស់ទៅឲ្យក្រុមរបស់លោក Quique Setien តាមរយៈការស៊ុតបញ្ចូលទីចំនួន៤គ្រាប់ជាបន្តបន្ទាប់ទៀត។
នៅនាទី៦៣ ខ្សែការពារ Joshua Kimmich បានបន្ថែមគ្រាប់ទី៥ ឲ្យ Bayern មុនពេលខ្សែប្រយុទ្ធ Robert Lewandowski រកបាន១គ្រាប់ដែរនៅនាទី៨២។ Philippe Coutinho ដែលខ្ចីពី Barca រកបានដល់ទៅ២គ្រាប់ម្នាក់ឯងនៅនាទី៨៥ និង ៨៩ ដើម្បីជួយ Bayern Munich ឈ្នះ Barca ៨-២។
ជ័យជម្នះជាមួយនឹងលទ្ធផលគ្រាប់បាល់សន្ធឹកសន្ធាប់នេះ បាននាំឲ្យ Bayern Munich បន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលអឺរ៉ុបរដូវកាល ២០១៩-២០ ដោយត្រូវរង់ចាំការប្រកួតរវាង Manchester City ទល់នឹង Lyon។ ក្រៅពី Bayern មានក្រុមពីអាល្លឺម៉ង់១ទៀតបានបង្ហាញខ្លួននៅវគ្គនេះដែរ គឺ Leipzig ដែលត្រូវតតាំងជាងមួយ PSG៕
© រក្សាសិទ្ធិដោយ thmeythmey.com