ភ្នំពេញ៖ ថ្ងៃឈប់សម្រាក៥ថ្ងៃនេះ ពលរដ្ឋប្រាកដជាមានគោលដៅទៅដើរលេងកម្សាន្តរៀងៗខ្លួនហើយ។ ជាក់ស្តែងថ្ងៃឈប់សម្រាកគឺចំរដូវវស្សា ប្រាកដណាស់ថា ពលរដ្ឋនឹងទៅកម្សាន្តលេងនៅតាមតំបន់ទេសចរណ៍ណា ដែលងាយស្រួលក្នុងការធ្វើដំណើរ និងអំណោយផលលើធនធានធម្មជាតិ។ ខេត្តព្រះវិហារ ក៏កំពុងទង្ទឹងរង់ចាំភ្ញៀវ នៅថ្ងៃឈប់សម្រាក៥ថ្ងៃនេះ ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានបញ្ជាក់ថា តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ តំបន់ទេសចរណ៍ដែលស្ថិតនៅក្នុងខេត្តព្រះវិហារទាំងអស់ គឺនៅតែបន្តបើកដំណើរការជាធម្មតា គ្រាន់តែតំបន់នីមួយៗទទួលបានភ្ញៀវទេសចរតិច ឬច្រើន។
បើតាមលោក គង់ វិបុល តំបន់ទេសចរណ៍ដែលអាចឲ្យពលរដ្ឋទៅកម្សាន្តលេងបានយ៉ាងសប្បាយរីករាយនោះមានដូចជា ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ ប្រាសាទព្រះខ័នកំពង់ស្វាយ ប្រាសាទក្រពុំឈូក ប្រាសាទអ្នកបួស ប្រាសាទនរាយណ៍ តំបន់សត្វស្លាប ទឹកធ្លាក់តេជោបុស្សស្បូវ ទឹកជ្រោះព្រះនិម្មិត ភ្នំត្បែង រមណីយដ្ឋានផ្ទះតាម៉ុក រមណីយដ្ឋានចំបក់ហោះ សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន និងមានសហគមន៍ទេសចរណ៍ចំនួន៦កន្លែងផងដែរ។
ក្នុងចំណោមតំបន់ទេសចរណ៍ទាំងអស់នេះ គឺមានតែតំបន់ទេសចរណ៍បែបបេតិកភណ្ឌពិភពលោក តំបន់ភ្នំ សហគមន៍ទេសចរណ៍ តំបន់សត្វស្លាប តំបន់ទឹកជ្រោះ និងទឹកធ្លាក់ ដែលជាគោលដៅទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តលេងនៅរដូវវស្សានេះ។ នេះបើតាមលោក គង់ វិបុល ដែលបានរៀបរាប់ដូច្នេះទៀតថា៖«ទីតាំងផ្សេងទៀតដូចជាប្រាសាទអ្នកបួស គឺពិបាកធ្វើដំណើរ ដោយសារមានភ្លៀងធ្លាក់។ ប៉ុន្តែតាមតំបន់ទឹកធ្លាក់ នៅលើភ្នំ តំបន់សត្វស្លាប តាមសហគមន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្ញៀវអាចទៅកម្សាន្តលេងបាន»។
ដើម្បីត្រៀមទទួលភ្ញៀវទេសចរមកកម្សាន្តលេងនៅថ្ងៃឈប់សម្រាកខាងមុខនេះប្រកបដោយសុវត្ថិភាព ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហាររូបនេះបានណែនាំឲ្យម្ចាស់សណ្ឋាគារចំនួន៤កន្លែង ផ្ទះសំណាក់៣៤កន្លែង(ជាង៧០០បន្ទប់) អូតែល២កន្លែង និងមានភោជនីយដ្ឋាន១៥កន្លែង ដែលស្ថិតនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តព្រះវិហារអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះ លោក គង់ វិបុល ក៏បានណែនាំដល់ម្ចាស់អាជីវកម្មពង្រឹងការទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ និងពង្រឹងវិធានការទប់ស្កាត់គ្រោះហានិភ័យដែលកើតឡើងដោយសារជំនន់ទឹកភ្លៀងនារដូវវស្សានេះផងដែរ។
«យើងនឹងបន្តសហការបន្ថែមទៀតទាក់ទងនឹងសុវត្ថិភាពតាមគោលដៅតំបន់ទេសចរណ៍សំខាន់ៗជាមួយនឹងអាជ្ញាធរ ម្ចាស់តំបន់ទេសចរណ៍ ក្នុងការធានាសុវត្ថិភាពដល់ភ្ញៀវ»។ នេះការរៀបរាប់របស់លោក គង់ វិបុល ដែលសង្ឃឹមថានឹងមានភ្ញៀវទេសចរចំនួន៣ម៉ឺននាក់ ទៅ៤ម៉ឺននាក់មកកម្សាន្តលេងនៅថ្ងៃឈប់សម្រាកខាងមុខនេះ។
ក្នុងរយៈពេល៧ខែក្នុងឆ្នាំ២០២០នេះ ខេត្តព្រះវិហារមានភ្ញៀវទេសចរមកកម្សាន្តលេងចំនួនជាង២២ម៉ឺននាក់ បើប្រៀបធៀបនឹង៧ខែដូចគ្នាឆ្នាំ២០១៩ មានចំនួន មានការថយចុះចំនួន៤៧,៥៥ភាគរយ។
គួរបញ្ជាក់ថា ម្ចាស់រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ជាង៣ពាន់កន្លែងត្រូវបានផ្អាកដំណើរការមួយរយៈ ដោយសារជួបវិបត្តិកូវីដ-១៩ និងមានមនុស្សជាង៥ម៉ឺននាក់ត្រូវបានបាត់បង់ការងារ។ នាថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ម្ចាស់អាជីវកម្ម នៅតំបន់នានា ក្រៅពីខេត្តព្រះវិហារ បានបើកដំណើរការវិញដោយកំពុងតែស្វះស្វែងរៀបចំសេវាកម្ម និងសោភណភាព ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិឡើងវិញ។