អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តៃវ៉ាន់ ​ទិញ​យន្តហោះ​ចម្បាំង F-16 តម្លៃ​៦២​ពាន់​លាន​ដុល្លារ​ពី​អាមេរិក​
15, Aug 2020 , 2:50 pm        
រូបភាព
យន្តហោះចម្បាំង F-16 អាមេរិក (ប្រភពរូប៖ កងទ័ពជើងអាកាសអាមេរិក)
យន្តហោះចម្បាំង F-16 អាមេរិក (ប្រភពរូប៖ កងទ័ពជើងអាកាសអាមេរិក)
ដោយ:
​រដ្ឋាភិបាល​តៃវ៉ាន់់ នៅ​ថ្ងៃទី​១៤ ខែសីហា បាន​បិទ​បញ្ចប់​កិច្ចសន្យា​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-16 ដ៏​ទំនើប​ពី​ក្រុមហ៊ុន Lockheed Martin របស់​សហរដ្ឋអាមេរិក​។ ប្រភព​មួយ​បានបញ្ជាក់​ទីភ្នាក់ងារ​ព័ត៌មាន AFP បែបនេះ ដោយ​បន្ថែមថា កិច្ចសន្យា​រយៈពេល​១០​ឆ្នាំនេះ គិត​ជា​ទឹកប្រាក់​រហូតដល់ ៦២​ពាន់​លាន​ដុល្លារ​។ 

 
​ដោយ​ទទួលស្គាល់​ពី​ភាព​រសើប​នៃ​ការ​ទិញដូរ​យន្តហោះ​ចម្បាំង​នេះ មន្ទីរ​បញ្ច​កោណ​អាមេរិក បានប្រកាស​កិច្ចសន្យា​នេះ ដោយ​មិន​បញ្ជាក់​អ្នកទិញ​នោះឡើយ ។ ក៏ប៉ុន្តែ ប្រភព​ដែល​ដឹងឮ​អំពី​រឿងនេះ បានបញ្ជាក់​ប្រាប់​AFP​ថា អ្នកទិញ​នោះ​គឺជា កោះ​តៃវ៉ាន់​។ 
 
​កោះ តៃវ៉ាន់ ដែល​រដ្ឋាភិបាល​ចិន​ចាត់ទុកជា​ផ្នែក​មួយ​នៃ​ដែន​អធិបតេយ្យ​ខ្លួន កាលពី​ឆ្នាំមុន ទទួលបាន​ភ្លើង​បៃតង​ពី​ក្រុង​វ៉ាស៊ីនតោន​សម្រាប់​ការបញ្ជាទិញ​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី F-16 សរុប ៦៦​គ្រឿង ។ ការទិញ​នេះ នឹង​អនុញ្ញាត​ឲ្យ​តៃវ៉ាន់​អាចធ្វើ​ទំនើបកម្ម​វិស័យ​យោធា​ខ្លួន​នៅ​ចំពោះមុខ​ការគំរាមកំហែង​របស់​ចិន ។ តៃវ៉ាន់​ក៏​ធ្លាប់​បញ្ជា​ទិញ​យន្តហោះ F-16 ម្ដង​រួចហើយ ក្នុង​ឆ្នាំ​១៩៩២​។ 
 
​រដ្ឋាភិបាល ប៉េកាំង បន្ត​ប្រកាន់​ជំហរ​រឹងត្អឹង​ថា កោះ តៃវ៉ាន់ ដែលមាន​ប្រជាជន​២៣​លាន​នាក់ គឺ​ផ្នែក​មួយ​នៃ​ដែន​អធិបតេយ្យ​ខ្លួន ហើយ​ប្តេជ្ញា​ឆ្លើយតប​ជាមួយ​កម្លាំងយោធា ប្រសិនបើ​រដ្ឋាភិបាល​ក្រុង តៃប៉ិ ហ៊ាន​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​នោះ​។ 
 
​ក្រុង​វ៉ាស៊ីនតោន ដែល​ប្ដូរ​ការទទួលស្គាល់​ការទូត​ពី​តៃប៉ិ​ទៅ​ប៉េកាំង ក្នុង​ឆ្នាំ​១៩៧៩ នៅតែ​ជា​សម្ព័ន្ធមិត្ត​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​កោះ​តៃវ៉ាន់ ហើយក៏​ជា​ប្រទេស​ផ្គត់​ផ្គង​អាវុធ​ដ៏​ធំ​សម្រាប់​ដែន​កោះ​នេះ​ផងដែរ​។  
 
​កិច្ចសន្យា​របស់​ក្រុមហ៊ុន​អាមេរិក Lockheed នេះ កើតឡើង​ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស​ម្ងែ​ង​សាច់ដុំ​ក្នុង​ទីក្រុង ហុងកុង ដោយ​ដាក់​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ ។ ទង្វើ​នេះ គឺ​បង្ក​ជា​ក្តីកង្វល់​ដល់​រដ្ឋាភិបាល​តៃវ៉ាន់​។ 
 
​ម្យ៉ាងទៀត កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង​នេះ ក៏​កើតឡើង​២​ថ្ងៃក្រោយ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ពី​សំណាក់​គណៈប្រតិភូ​ជាន់ខ្ពស់​មួយក្រុម​របស់​អាមេរិក រាប់​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក ។ ទស្សនកិច្ច​នេះ ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​ថែមទៀត ខណៈ​ចំណងទាក់ទង​រវាង​មហាអំណាច​ទាំងពីរ​កំពុង​ល្អក់កករ​ទាំង​ទិដ្ឋភាព​នយោបាយ សន្តិសុខ សិទ្ធិមនុស្ស និង​ជំងឺ​រាតត្បាត​សកល COVID-19 ជាដើម​៕ 
 
 

Tag:
 តៃវ៉ាន់​
  សហរដ្ឋអាមេរិក​
  F-16
© រក្សាសិទ្ធិដោយ thmeythmey.com