COVID-19
ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល​ក្រើនរំលឹក​ដល់​ពលរដ្ឋ​នា​ថ្ងៃ​ឈប់សម្រាក កុំ​មើលរំលង​ជំងឺ​កូ​វីដ​-១៩
15, Aug 2020 , 3:22 pm        
រូបភាព
 ពលរដ្ឋ​​​​ដែលមក​កម្សាន្ត​លេងនៅតាម​មុខ​ព្រះបរមរាជវាំងរាល​សម័យ​​កូវីដ-១៩
ពលរដ្ឋ​​​​ដែលមក​កម្សាន្ត​លេងនៅតាម​មុខ​ព្រះបរមរាជវាំងរាល​សម័យ​​កូវីដ-១៩
ដោយ:
 
​ភ្នំពេញ​៖ នា​ថ្ងៃ​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ឬ​ពលរដ្ឋ​ទៅ​កម្សាន្ត​លេង​នៅតាម​តំបន់​ទេសចរណ៍​នានា កុំ​ភ្លេចខ្លួន​ថា​គ្មាន​ជំងឺ​កូ​វីដ​-១៩ និង​ការពារ​ខ្លួន​ឲ្យ​សោះ បើទោះបី​ជំងឺ​នេះ​មិនទាន់​រាតត្បាត​ជា​សហគមន៍​ក៏ដោយ​។

 
​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នេះ​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​តាមបែប​គន្លង​ថ្មី ដោយ​កែប្រែ​ទម្លាប់ និង​ឥរិយាបថ​ថ្មី ទោះជា​ស្ថិតនៅក្នុង​កន្លែង​ណា និង​ពេលវេលា​ក៏ត្រូវ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​។ 
 
​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ដឹក​ពលរដ្ឋ​ទៅ​ស្រុកកំណើត ឬ​ទៅ​តំបន់​រមណីយដ្ឋាន ត្រូវ​សម្អាត​រថយន្ត​ដោយ​បាញ់​ទឹក​សម្លាប់​មេរោគ ម្ចាស់​រថយន្ត​ត្រូវ​មានទឹក​អាល់កុល ហើយ​អ្នកធ្វើដំណើរ​ក៏ត្រូវ​ពាក់​ម៉ាស់ និង​ឧស្សាហ៍​លាងដៃ​ផងដែរ​។ ពលរដ្ឋ​ទាំងអស់​ត្រូវ​ជៀសវាង​ការប្រើប្រាស់​មធ្យោបាយ​សាធារណៈ​ដែល​ផ្ទុក​មនុស្ស​ច្រើន ហើយ​រក្សា​គម្លាត​ពីគ្នា​យ៉ាងតិច​១​ម៉ែត្រ​កន្លះ​។​
 
​ចំណែក​ការ​ស្នាក់​នៅតាម​សណ្ឋាគារ​ឬ​ផ្ទះសំណាក់ រួមទាំង​ការទទួល​ទាន​អាហារ ពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​រក្សា​អនាម័យ​និង​លាង​សម្អាត​ដៃ​ជានិច្ច​។ ដោយឡែក ម្ចាស់​ទីតាំង​ត្រូវ​សម្អាត​កៅអី តុ បន្ទប់​ស្នាក់នៅ បន្ទប់ទឹក និង​រៀប​កន្លែង​ឲ្យ​មាន​គម្លាត​សុវត្ថិភាព ហើយ​ចាំបាច់​រៀបចំ​ឲ្យ​មាន​កន្លែង​លាង​សម្អាត​ដៃ​មុនពេល​ចូលក្នុង​ហាង​ឬ​កន្លែង​ស្នាក់នៅ​។ លើសពីនេះ បុ​គ្គិល​ត្រូវ​ពាក់​ម៉ាស់​ជាប្រចាំ​រាល់ពេល​បម្រើ​អតិថិជន​។ 
 
​ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ឲ្យ​ប្រជាជន កាត់បន្ថយ​ការ​ដំណើរ​កម្សាន្ត និង​បរិភោគ​អាហារ​ក្រៅ​ផ្ទះ​ផងដែរ រួមទាំង​កាត់បន្ថយ​ការ​ជប់លៀង​ទ្រង់ទ្រាយ​ធំ​។ លើសពីនេះ ការជួបជុំ​គ្រួសារ​ឬ​ដំណើរ​កម្សាន្ត ត្រូវធ្វើ​ឡើងជា​លក្ខណៈ​គ្រួសារ​និង​រើស​ទីតាំង​ដាច់ដោយឡែក​ឬ​មាន​ខ្យល់​ចេញចូល​ល្អ​។ 
 
​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឲ្យ​បុគ្គល​គ្រប់រូប​រក្សា​គម្លាត​សុវត្ថិភាព រាល់ពេល​ឈរ អង្គុយ ជជែក​គ្នា​នៅ​កន្លែង​ទីកន្លែង​សាធារណៈ ផ្សារ​ឬ​កន្លែង​ទិញ​ទំនិញ កន្លែងធ្វើការ ភោជនីយដ្ឋាន រួមទាំង​កន្លែង​កម្សាន្ត​នានា​។ ប្រសិនបើ​ពលរដ្ឋ​ណា​មាន​បញ្ហា​សុខភាព​មិនគួរ​ធ្វើដំណើរ​ឡើយ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​សុខភាព​៕ 
 
 

Tag:
 ពលរដ្ឋ​
 ​ ទេសចរណ៍​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com