ជាតិ
២៥ខេត្ត/រាជធានី
«​ផ្សារ​ចុង​សប្ដាហ៍​នៃ​គម្រោង AIMS» ជំរុញ​កសិផល​ក្នុង​តំបន់ ជួយ​បង្កើន​ចំណូល​ដល់​កសិករ​
15, Aug 2020 , 6:59 pm        
រូបភាព
ដោយ:
​គម្រោង​«​ផ្សារ​ចុង​សប្ដាហ៍​» បង្កើតឡើង ដើម្បី​ជួយ​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម​រប​ស់​កសិករ សហគមន៍​កសិកម្ម អ្នកប្រមូល​ទិញ និង​សហគ្រាស​នានា ដែល​គាំទ្រ​ដោយ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​។ «​ផ្សារ​ចុង​សប្ដាហ៍​» នឹង​បង្កើត​ឱកាស​ដល់​ក្រុម​កសិករ​ផលិត ចាប់​ដៃគូ​ជាមួយ​អ្នកប្រមូល​ទិញ​ធំៗ ក្នុង​តំបន់ និង​ក្រៅ​តំបន់ ដើម្បី​បង្កើន​ផលិតភាព និង​ផលិតកម្ម​។ នេះ​បើតាម​លោក សៀង កុ​មិ​រ៉ា ប្រធាន​គម្រោង​ផ្នែក​ខ្សែ​ច្រវាក់​តម្លៃ​របស់​គម្រោង AIMS បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​។​

 
​ត្រឹម​រយៈពេល​៣​ខែ​ប៉ុណ្ណោះ គម្រោង​ផ្សារ​ចុង​សប្ដាហ៍​របស់​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) បាន​អនុវត្ត​ចំនួន ១២​ខេត្ត ក្នុងចំណោម​ខេត្ត​គោលដៅ​ទាំង ១៨ រួមមាន​ខេត្តកំពត តាកែវ កំពង់ស្ពឺ កណ្ដាល បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្ទឹងត្រែង កំពង់ធំ ត្បូងឃ្មុំ រតនគិរី​។ គម្រោង​ខាងលើនេះ បាន​ចែកចេញជា ៣ មណ្ឌល​ភូមិភាគ​។  
​បើតាម​លោក សៀង កុ​មិ​រ៉ា ភូមិភាគ​និរតី​មាន​ខេត្តកំពត តាកែវ កំពង់ស្ពឺ កណ្ដាល និង​កែប​។ ចំណែក ភូមិភាគ​បូព៌ា​-​ឦសាន មាន​ខេត្តកំពង់ចាម កំពង់ធំ ស្ទឹងត្រែង ត្បូងឃ្មុំ រតនគិរី ព្រៃវែង មណ្ឌលគិរី ក្រចេះ ព្រះវិហារ​។ ដោយឡែក ភូមិភាគ​ពាយ័ព្យ មាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ប៉ៃលិន​។ លោក សៀង កុ​មិ​រ៉ា ប្រធាន​គម្រោង​ផ្នែក​ខ្សែ​ច្រវាក់​តម្លៃ លើកឡើងថា ខេត្តតាកែវ​ជា​ខេត្ត​ដឹកនាំ​ភូមិភាគ ដោយសារ​ខេត្ត​នេះ​មាន​សក្ដានុពល​លើ​ការ​ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​។ 
 
​ផលិតផល​ដែល​កសិករ​ដាក់លក់​ក្នុង​ផ្សារ​ចុង​សប្ដាហ៍​មានដូចជា បន្លែ មាន់​ស្រែ ស្រូវ​-​អង្ករ​ក្រអូប​។ ដោយឡែក ផលិតផល​ក្រៅពី​កសិកម្ម​ក៏​អាចដាក់​លក់​ក្នុង​ផ្សារ​ចុង​សប្ដាហ៍​បានដែរ ក្នុងនោះ​មាន​ផលិតផល​កែច្នៃ​ដូចជា គ្រាប់ស្វាយចន្ទី និង​ផលិតផល​សិប្បកម្ម​ធ្វើ​ដោយ​ដៃ​ស្ថិតក្នុង​តំបន់ ដោយមាន​ការស្នើសុំ​ជាមុន​។ នេះ​ជាការ​បញ្ជាក់​របស់លោក សៀង កុ​មិ​រ៉ា ប្រធាន​គម្រោង​ផ្នែក​ខ្សែ​ច្រវាក់​តម្លៃ​របស់​គម្រោង AIMS​។ 
 
​បច្ចុប្បន្ន​គម្រោង​ផ្សារ​ចុង​សប្ដាហ៍ កំពុងមាន​ការគាំទ្រ​ខ្លាំង ដោយ​ក្នុង​មួយថ្ងៃ​អាចមាន​មនុស្ស ៣០០​នាក់ ទៅ ៦០០​នាក់ ក្នុង​តំបន់​គោលដៅ​នីមួយៗ ដែល​មក​គាំទ្រ​នូវ​ផលិតផល​កសិកម្ម និង​ផលិតផល​ក្នុង​តំបន់​។ ដើម្បី​ក្លាយជា​សមាជិក​នៃ​គម្រោង AIMS កសិករ​ត្រូវ​ចុះបញ្ជី​ក្នុង​គម្រោង AIMS និង​ត្រូវជា​សមាជិក​របស់​ក្រសួងពាណិជ្ជកម្ម ជា​បណ្ដុំ​កសិករ​ដែល​បង្កើត​ដោយ​ក្រសួងកសិកម្ម និង​អង្គការ​ផ្សេងៗ​។ បើ​គិត​មកដល់ពេលនេះ​មាន​បណ្ដុំ​អាជីវកម្ម​ប្រមាណ ៤០០​បណ្ដុំ​ក្នុងចំណោម​ខេត្ត​គោលដៅ​៕


Tag:
 កសិកម្ម​
 ​ គម្រោង AIMS
© រក្សាសិទ្ធិដោយ thmeythmey.com