ជាតិ
សង្គមជាតិ
អាជ្ញាធរ​ស្នើឱ្យ​ពលរដ្ឋ​ចូលរួម​រក្សា​អនាម័យ​បរិស្ថាន​ពេល​មកលេង​អង្គរវត្ត​កំឡុង​ថ្ងៃ​ឈប់សម្រាក​
15, Aug 2020 , 4:04 pm        
រូបភាព
 សៀមរាប​៖ ខេត្តសៀមរាប ជា​គោលដៅ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​មក​ទស្សនា​កំឡុងពេល​ថ្ងៃ​ឈប់សម្រាក​ពេញ​មួយ​សប្ដាហ៍ ដែល​រាជរដ្ឋាភិបាល​សម្រេច​ស​ង​ជំនួស​ថ្ងៃ​សម្រាក​បុណ្យចូលឆ្នាំ​កាលពី​ខែមេសា​។ កំឡុង​ពេលនេះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ពិធី​កម្សាន្ត ដែលមាន​ទាំង​កម្មវិធី​កម្សាន្ត និង​កម្មវិធី​សាសនា​ផង​។ អង្គរវត្ត ជា​គោលដៅ​ទស្សនា​ដែល​មិនអាច​រំលង​បាន​សម្រាប់​ទេសចរ​ពេល​មកលេង​ខេត្តសៀមរាប​។ ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ដើម្បី​រួមចំណែក​ថែរក្សា​តម្លៃ​បេតិកភណ្ឌ​របស់​អង្គរ​។​

 
​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ស្នើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែលមាន​ដំណើរ​កម្សាន្ត​មក​ខេត្តសៀមរាប​នា​កំឡុង​ថ្ងៃ​ឈប់សម្រាក​ពេញ​មួយ​សប្ដាហ៍​នេះ ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ ដោយ​មិនត្រូវ​បោះ​សំរាម​ផ្ដេ​ស​ផ្ដា​យ និង​ពាសវាល​ពាសកាល​នោះទេ​។ អ្នកនាំពាក្យ​រូបនេះ មាន​សុទិដ្ឋិនិយម​ថា ភ្ញៀវទេសចរ​ទាំងអស់ នឹង​ចេះ​ស្រឡាញ់​អង្គរ ហើយ​យល់​ពី​តម្លៃ​ដ៏​អស្ចារ្យ​របស់​អង្គរ ដែលជា​មរតក​បេតិកភណ្ឌ និង​ជា​ដួងព្រលឹង​របស់​ជាតិ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន នៅ​រសៀល​ថ្ងៃទី​១៤ សីហា លោក ឡុង កុសល ក៏​ស្នើឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ថែរក្សា​សណ្ដាប់ធ្នាប់​ឱ្យ​ល្អប្រសើរ​ផងដែរ ដោយ​ក្នុងនោះ​ត្រូវ​ចត​យានយន្ត​តាម​ចំណត​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ ដើម្បី​រួមចំណែក​ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​មាន​សោភ័ណភាព និង​បរិស្ថាន​ល្អ​៕
 
 

 

Tag:
 អង្គរវត្ត​
  សម្រាក​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com