ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា មួន ច​ន្ធី ចង់​ក្លាយជា​គ្រូបង្រៀន​ភាសា​ជប៉ុន​ដ៏​ពូកែ​ម្នាក់​
15, Aug 2020 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​៖ ហៀ​ត វណ្ណា  ​
​ភាសា​ជប៉ុន​ហាក់​មិនសូវ​ជាមាន​ការចាប់អារម្មណ៍​ច្រើន ពី​សំណាក់​និស្សិត​ខ្មែរ​នោះទេ​។ ប៉ុន្តែ​កញ្ញា មួន ច​ន្ធី បានជ្រើសរើស​រៀន​បរិ​ញ្ញាប​ត្រ​អក្សរសាស្ត្រ​ជប៉ុន ព្រោះ​នាង​ចង់​ក្លាយជា​គ្រូបង្រៀន​ភាសា​ជប៉ុន​ដ៏​ពូកែ​ម្នាក់​ទៅ​ថ្ងៃ​អនាគត​។ និស្សិត​ស្រី វ័យ​២០​ឆ្នាំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នាង​ស្រឡាញ់​ភាសា​ជប៉ុន និង​របៀបរបប​រស់​នៅ​របស់​ប្រជាជន​ជប៉ុន​តាំងតែ​នៅ​ក្មេង​មកម្ល៉េះ​។ សម្រាប់​យុវតី​រូបនេះ  រៀន​ភាសា​ជប៉ុន នឹងមិន​ពិបាក​រក​ការងារ​ធ្វើ​នោះទេ មានតែ​សម្បូរ​ឱកាស ហើយ​មាន​បៀវត្ស​ខ្ពស់​ទៀតផង​។​


​មួន ច​ន្ធី ជា​កូនច្បង​នៅក្នុង​គ្រួសារ​មួយ ដែលមាន​បងប្អូន​បួន​នាក់ និង​មាន​ឪពុកម្តាយ​ជា​កសិករ​។ យុវតី​រូបនេះ បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ​២០១៧ ពី​វិទ្យាល័យ​សំពៅ​លូន ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ក្រោយ​ចប់​ថ្នាក់​វិទ្យាល័យ និស្សិត​វ័យ ២០​ឆ្នាំ​រូបនេះ បានជ្រើសរើស​ការសិក្សា​អក្សរសាស្ត្រ​ជប៉ុន នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន នៃ​វិទ្យាស្ថាន​ភាសាបរទេស ដែលជា​ភាសា​នាង​ស្រឡាញ់​តាំងពី​តូច​។ បច្ចុប្បន្ន ច​ន្ធី ជា​និស្សិត​ឆ្នាំ​ទី​បី ។ 
 
​ភាសា​ជប៉ុន​ហាក់​មិនសូវ​ជាមាន​ការចាប់អារម្មណ៍​ច្រើន ពី​សំណាក់​និស្សិត​ខ្មែរ​នោះទេ បើ​ប្រៀប​ជាមួយនឹង​ភាសា​អង់គ្លេស និង​ភាសា​ចិន​។ ទោះជា​យ៉ាងណាក៏ដោយ ច​ន្ធី មាន​ការគិត​ផ្សេង និង​បាន​សម្រេចចិត្ត​រៀន​ភាសា​នេះ​ឲ្យ​ខាន​តែ​បាន​។ និស្សិត​មកពី​ខេត្តបាត់ដំបង​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ ដែល​រូបគេ​សម្រេចចិត្ត​រៀន​ភាសា​ជប៉ុន គឺ​ដោយសារតែ រូបគេ​ស្រឡាញ់​ភាសា​នេះ តាំងពី​រូបគេ​រៀន​នៅ​វិទ្យាល័យ​មក​ម្លេះ​។ ម្យ៉ាងវិញទៀត រូបគេ​ចូលចិត្ត​និង​ចាប់អារម្មណ៍​វប្បធម៌​របស់​ជប៉ុន ម្ហូប​របស់​ជប៉ុន និង​ចូលចិត្ត​មើល​តុ​កត្តា​របស់​ជប៉ុន​ផងដែរ​។ 
 
​យុវតី​រូបនេះ បន្ថែម​ជុំវិញ​មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​រៀន​បរិញ្ញាបត្រ​ភាសា​ជប៉ុន​ថា​៖«​ប្រទេស​ជប៉ុន​ជា​ប្រទេសមួយ​ដែល​ស្អាត ខ្ញុំ​ស្រឡាញ់​និង​គោរព​អត្តចរិត​របស់​ជនជាតិ​ជប៉ុន​។ ជនជាតិ​ជប៉ុន ជា​ជនជាតិ​មួយ ដែល​គោ​ពពេល​វេលា គោរព​ការសម្រេចចិត្ត​របស់ខ្លួន​ឯង ច្បាស់លាស់​ជាមួយ​ការងារ និង​មាន​វិន័យ​តឹងរឹង​»​។ 
 
​ចំពោះ​ការជំរុញ​ក្នុងការ​សម្រេចចិត្ត​រៀន​ភាសា​ជប៉ុន​វិញ និស្សិត​វ័យ ២០​ឆ្នាំ​រូបនេះ ប្រាប់ថា រូបគេ​មិនមាន​អ្នកណា​ជំរុញ​ឲ្យ​រៀន​ឡើយ គឺ​រូបគេ​សម្រេចចិត្ត​ខ្លួនឯង​ដោយ​ការស្រលាញ់​ខ្លួនឯង​ផ្ទាល់ តែ​ក៏​មិនមាន​អ្នកណា​ជំទាស់​ដែរ​។ រីឯ​គោលបំណង​ក្នុង​ការរៀន​ភាសា​ជប៉ុន គឺ​រូបគេ​ចង់​ក្លាយជា​គ្រូបង្រៀន​ភាសា​ជប៉ុន​ដ៏​ពូកែ​ម្នាក់​នៅពេល​អនាគត​។ 
 
​ការរៀន​ភាសា​ថ្មី​មួយ ដែល​មិនមែនជា​ភាសា​ដើម​របស់ខ្លួន ពុំមែន​ជា​រឿង​ងាយស្រួល​នោះទេ​។ សម្រាប់​ច​ន្ធី​ផ្ទាល់ ក៏មាន​ផលវិបាក​ក្នុង​ការរៀន​ភាសា​ជប៉ុន​ដែរ​។ និស្សិត​មកពី​ស្រុក​សំពៅ​លូន​រូបនេះ លើកឡើងថា​៖«​ចំណុច​ពិបាក​នៅក្នុង​ការរៀន​ភា​សា​ជប៉ុន គឺ​ភាសា​ជប៉ុន​ជា​ភាសា​មួយ​ខុសស្រឡះ​ពី​ភាសា​ខ្មែរ​យើង វា​គ្មាន​លក្ខណៈ​ស្រដៀង​សូម្បីតែ​បន្តិច​។ ចំពោះ​វេយ្យាករណ៍​និង​អក្សរ​វិញ ក៏មាន​លក្ខណៈ​ពិបាក​ខ្លាំង​ផងដែរ​សម្រាប់​ខ្ញុំ​»​។ 
 
​យុវតី​រូបនេះ បន្ត​ជុំវិញ​ផលវិបាក​នេះ​ថា ជប៉ុន​មាន​អក្សរ​បី​ប្រភេទ​គឺ ហ៊ី​រ៉ា​កា​ណា កាតា​កា​ណា និង​កាន់​ជិ​។ ចំពោះ​ហ៊ី​រ៉ា​កា​ណា វា​ជា​អក្សរ​របស់​ជប៉ុន​ផ្ទាល់ ដែល​ប្រើប្រាស់​សម្រាប់​ការសរសេរ​ទូទៅ​។ ចំណែកឯ​កាតា​កា​ណា ជា​អក្សរ​មួយ​ប្រភេទ ដែល​គេ​ប្រើ​សម្រាប់​សរសេរ​ពាក្យ​កម្ចី​ពី​បរទេស ឧទាហរណ៍ ដូចជា​ពាក្យ​ថា «Simple, Internet, Water» ជា​ភាសា​អង់គ្លេស គេ​អាច​សរសេរ​ជា​ភាសា​ជប៉ុន ដោយ​ប្រើ​កាតា​កា​ណា​បាន​។ ចំពោះ​កាន់​ជិ​វិញ ជា​អក្សរ​ដែល​ពិបាក​ជាងគេ ដោយ​វា​ជា​ប្រភេទ​អក្សរ​ចិន ដែល​ប្រទេស​ជប៉ុន​យកមក​ពី​ចិន និង​មាន​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែលជា​របស់​ជប៉ុន​ផ្ទាល់ ប៉ុន្តែ​វា​មាន​លក្ខណៈពិសេស​របស់​វា​។ គេ​ប្រើ​កាន់​ជិ ក្នុង​គោលបំណង​បង្រួម​អក្សរ​ពី​ច្រើន​មក​តិច តែ​រក្សា​អត្ថន័យ​ដដែល ព្រោះថា កាលណា​គេ​ប្រើ ហ៊ី​រ៉ា​កា​ណា ច្រើនពេក នោះ​ពាក្យ​នៅ​អត្ថបទ​របស់គេ​ក៏​ច្រើន​ដែរ​។​
 
​ទន្ទឹមនឹង​ផលវិបាក​ដែល ច​ន្ធី ជួបប្រទះ​អំឡុងពេល​រៀន​ភាសា​ជប៉ុន យុវតី​រូបនេះ បាន​ព្យាយាម​អស់ពី​លទ្ធភាព និង​បាន​រិះរក​ដំណោះស្រាយ​ផ្សេងៗ ដើម្បី​ឲ្យ​ការសិក្សា​របស់ខ្លួន​មាន​ភាពប្រសើរឡើង​។ និស្សិត​វ័យ​២០​ឆ្នាំ​រូបនេះ លើកឡើងថា​៖«​ដំណោះស្រាយ​សម្រាប់​ការរៀន​ភាសា​ជប៉ុន គឺ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការរៀន ការអនុវត្ត​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ជាពិសេស​គឺ​ការ​ទន្ទេញ ដែល​វា​ជា​កត្តា​សំខាន់​ជាងគេ​ក្នុង​ការរៀន​ភាសា​»​។ និស្សិត​រូបនេះ​បន្តថា សម្រាប់​រូបគេ​ផ្ទាល់ រូបគេ​ត្រូវ​ទន្ទេញ​កាន់​ជិ​រាល់ថ្ងៃ ក៏ដូចជា​វេយ្យាករណ៍​ផងដែរ ព្រោះថា​កាន់​ជិ និង​វេយ្យាករណ៍​គឺ​ថ្មី​រហូត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​វា​ទាមទារ​ឲ​និស្សិត​រូបនេះ​ប្រើពេល​វេលា​ច្រើន​ទៅលើ​វា​។ លើសពីនេះ រូបគេ​ត្រូវ​អាន​អត្ថបទ និង​សៀវភៅ​ជា​ភាសា​ជប៉ុន​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​ឱ្យបាន ១០​នាទី ហើយ​រូបគេ​ក៏​ព្យាយាម​ស្ដាប់​ចម្រៀង​និង​មើល​វីដេអូ​ជា​ភាសា​ជប៉ុន​ផងដែរ​។​
 
​ការសិក្សា​ភាសា​ជប៉ុន ដែលជា​ភាសា​មួយ​មិនសូវ​ពេញនិយម​នៅ​កម្ពុជា មនុស្ស​ភាគច្រើន​ជឿថា វា​អាច​នឹងមាន​ផលវិបាក ក្នុង​ការរក​ការងារ​ធ្វី​នៅពេល​អនាគត​។ ទោះជា​យ៉ាងណាក៏ដោយ និស្សិត​វ័យ ២០​ឆ្នាំ​រូបនេះ​មានការ​គិត និង​យល់ឃើញ​ផ្សេង​ពី​មតិ​ទាំងនោះ​។    ជាការ​ឆ្លើយតប​ទៅនឹង​មតិ​ទាំងនោះ យុវតី​រូបនេះ លើកឡើងថា ការរៀន​ភាសា​ជប៉ុន​មិន​ពិបាក​ក្នុង​ការរក​ការងារ​ធ្វើ​នោះទេ ហើយ​ថែមទាំង​មាន​ប្រាក់ខែ​ខ្ពស់​ទៀតផង សំខាន់​ឲ្យ​តែ​យើង​ចេះ​ភាសា​នេះ​ច្បាស់​និង​អាច​ប្រើការ​បាន​។ មិនមែន​តែ​ភាសា​ជប៉ុន​មួយ​នោះទេ គ្រប់​ភាសា​ទាំងអស់​គឺ​តម្រូវ​ឲ្យ​យើង​ចេះ​ច្បាស់​ទើប​ងាយស្រួល​ក្នុង​ការរក​ការងារ​ធ្វើ​។ និស្សិត​មកពី​ខេត្តបាត់ដំបង​រូបនេះ បន្ថែមថា​៖«​បើ​យើង​មាន​ជំនាញ​ផ្សេង​គួបផ្សំ​ជាមួយនិង​ភាសា​ជប៉ុន នោះ​វា​នឹង​កាន់តែ​ប្រសើរ សម្រាប់​យើង ក្នុង​ការរក​ការងារ​ធ្វើ​»៕
      

© រក្សាសិទ្ធិដោយ thmeythmey.com