ជាតិ
សង្គមជាតិ
យុវ​សិស្ស​មួយក្រុម​នៅ​ឧ​ត្ត​រ​មានជ័យ ផលិត​ចាន​ពី​ស្លឹកឈើ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​បា្ល​ស្ទិ​ក
15, Aug 2020 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យុវ​សិស្ស​ចំនួន​៤​នាក់​ដែល​រៀន​នៅ​វិទ្យាល័យ​ឧ​ត្ត​រ​មានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បង្កើត​គំនិត​ផលិត​ចាន​ធ្វើ​ពី​ស្លឹកឈើ ដើម្បី​ប្រកួត​នៅក្នុង​កម្មវិធី​«​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ​» ជាមួយ​ក្រុម​យុវ​សិស្ស​រួម​ខេត្ត​គ្នា​ចំនួន​២​ក្រុម​ទៀត ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ បើ​ក្រុម​ណាមួយ​ឈ្នះ​នៃ​ការប្រកួត​នេះ ពួកគេ​នឹង​បន្ត​ការប្រកួត​ជាមួយនឹង​យុវ​សិស្ស​ចំនួន​១៨​ក្រុម​ទូទាំង​រាជធានី​ខេត្ត​បន្តទៀត​។ 

 
​លទ្ធផល​នៃ​ការប្រកួត​រវាង​៣​ក្រុម​របស់​យុវ​សិស្ស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ នឹង​ប្រកាស​ឈ្នះ​តែមួយ​ក្រុម​តែប៉ុណ្ណោះ ដើម្បី​តំណាង​ឲ្យ​ខេត្ត​របស់ខ្លួន​ទៅ​បន្ត​ប្រកួត​ជាមួយនឹង​ក្រុម​យុវ​សិស្ស​ទូទាំង​រាជធានី​ខេត្ត​ចំនួន​១៨​ក្រុម​ទៀត នៅ​ខែតុលា ឆ្នាំ​២០២០​។  
  
គ្រឿងពុម្ព សម្រាប់​ផលិត​ចាន​ស្លឹក​ឈើ

​ថ្វី​ដ្បិត​ការផលិត​ចាន​ធ្វើ​ពី​ស្លឹកឈើ ស្ថិតនៅ​ជា​ប្រធានបទ​សម្រាប់​ប្រកួត តែ​ពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​ជាមួយ​ក្រុម​យុវ​សិស្ស​ទាំងនោះ ពិតជា​មានការ​គាំទ្រ​លើ​ការផលិត​ចាន​ស្លឹកឈើ​របស់​ក្រុម​យុវ​សិស្ស​ទាំង​៤​នាក់​នោះ​យ៉ាង​ពេញទំហឹង​។ បច្ចុប្បន្ន​អភិបាលខេត្ត និង​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ជំរុញ​ឲ្យ​ក្រុម​យុវ​សិស្ស និង​យុវជន​ស្ម័គ្រចិត្ត​ជាច្រើន​នាក់​ទៀត​ផលិត​ចាន​នេះ​ជាប្រចាំ​ថ្ងៃ ដើម្បី​ឲ្យ​ពលរដ្ឋ​ដែលជា​ម្ចាស់​អាជីវកម្ម​លក់​ម្ហូបអាហារ ឬ​ចំណីអាហារ ជាវ​ប្រើប្រាស់​សម្រាប់​ដាក់​ម្ហូបអាហារ​ឲ្យ​ភ្ញៀវ​។  
 
​ការប្រើប្រាស់​ចាន​ស្លឹកឈើ ជា​ផ្នែក​មួយ​កាត់បន្ថយ​កំណើន​បា្ល​ស្ទិ​ក និង​កាត់បន្ថយ​ការ​កាត់​ព្រៃឈើ​
 
​យុវ​សិស្ស ជិម ហា​ន្នី ជា​សមាជិក​ក្រុម​នៃ​ក្រុម​ផលិត​ចាន​ពី​ស្លឹកឈើ​នោះបាន​បញ្ជាក់ថា ចាន​ស្លឹកឈើ​នេះ​មាន​៣​ប្រភេទ​ដូចជា ចានទាប ចានគោម និង​ចាន​ដាក់​ទឹកជ្រលក់ ដែល​ធ្វើ​ពី​ស្លឹកឈើ​ចំនួន​៥​ប្រភេទ ដូចជា ស្លឹករ​ម៉ាំង ស្លឹក​រវៃ និង​ស្លឹក​ខ្លុង ដែល​ទ្រាប់​ពីក្រោម​ស្លឹក​ឈូក និង​ស្លឹកចេក​។ យុវ​សិស្ស ហា​ន្នី បាន​អះអាងថា ប្រភេទ​ចាន​ស្លឹកឈើ​នេះ​មានលទ្ធភាព​ដាក់​ម្ហូបអាហារ​ស្រដៀង​នឹង​ចាន​ស្នោ​ដែរ តែ​ចាន​ប្រភេទ​នេះ​អាចមាន​សុ​ពុល​ភាព​ត្រឹមតែ​១​សប្តាហ៍ និង​ឆាប់​រលាយ​ទៅវិញ​ក្នុង​ធម្មជាតិ​។ 
 
​បើតាម​យុវ​សិស្ស ហា​ន្នី គំនិត​ផលិត​ចាន​ស្លឹកឈើ​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​កាត់បន្ថយ​ការប្រើប្រាស់​ចាន​ស្នោ ឬ​ប្លា​ស្ទិ​ក ហើយ​ងាក​មក​ប្រើ​ចាន​ស្លឹកឈើ​វិញ ដើម្បី​រួមចំណែក​ការពារ​បរិស្ថាន​។ យុវ​សិស្ស​រូបនេះ​ក៏​យល់ថា​ផលិតផល​នេះ​ក៏​ជំរុញ​ឲ្យ​មានការ​អភិរក្ស​ដើមឈើ​ផងដែរ​។​
 
«​កាលណា​យើង​ប្រើប្រាស់​ស្លឹក​ប្រភេទ​ហ្នឹង គឺ​យើង​នឹង​ចង់ទុក​ដើមឈើ​ហ្នឹង​ឲ្យ​បានយូរ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​យើង​ក្នុង​ការផលិត​ចាន​នេះ​ជា​បន្តទៀត​»​។ នេះ​ជាការ​រៀបរាប់​របស់​យុវ​សិស្ស​ហា​ន្នី ដែល​គ្រោង​នឹង​ប្រមូល​ពលរដ្ឋ​ដាំ​ដើមរ​ម៉ាំង ដើម​រវៃ ដើម​ខ្លុង ប្រមាណ​១​ម៉ឺន​ដើម​ជា​បន្តទៀត​នៅក្នុង​ព្រៃ​សហគមន៍​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​។  
 
​ក្រោយពី​បាន​ផ្តើម​ផលិត​ចាន​នេះ​បាន​ត្រឹម​២​សប្តាហ៍ រួមទាំង​មានការ​ចុះ​ផ្សព្វផ្សាយ​ពី​ក្រុមយុវជន និង យុវ​សិស្ស​ទៅ​ពលរដ្ឋ​ក្នុង​សហគមន៍ យុវ​សិស្ស​វ័យ​១៧​ឆ្នាំ​រូបនេះ បាន​កត់សម្គាល់ថា ពលរដ្ឋ​មួយចំនួន​បានចាប់ផ្តើម​ប្រើប្រាស់​ចាន​ស្លឹកឈើ​នេះ​ជា​បណ្តើរៗ​ហើយ​។ យុវ​សិស្ស​ដែល​ទើបតែ​រៀន​នៅ​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​ឧ​ត្ត​រ​មានជ័យ​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ក្រុម​របស់​យើង​នឹង​បន្ត​ផ្សព្វផ្សាយ​ទៀត ដើម្បី​ឲ្យ​ពួកគាត់​បាន​ដឹងឮ​ទាំងអស់គ្នា​»​។ 
 
​បើទោះបីជា​ក្រុម​របស់ខ្លួន​ឈ្នះ​លើ​ការប្រកួត​ក្តី ឬ​មិន​ឈ្នះក្តី ក៏​ក្រុម​យុវ​សិស្ស​ដែលមាន​អាយុ​ចន្លោះ​១៤ ទៅ​១៧​ឆ្នាំ នឹង​នៅតែ​បន្ត​ផលិត និង​ចុះ​បណ្តុះបណ្តាល​ពី​របៀប​ផលិត​ទៅដល់​ពលរដ្ឋ​ក្នុង​សហគមន៍ ដើម្បី​ពង្រីក​សិប្បកម្ម​ផលិត​ចាន​ស្លឹកឈើ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដា និង​មានការ​ទទួលស្គាល់​នៅ​ទីផ្សារ​។ 
 
«​បើ​យើង​ធ្វើ​ហើយ គឺមាន​អ្នកគាំទ្រ​កាន់តែខ្លាំង​។ ក្រុម​របស់ខ្ញុំ​នឹង​ឈប់​ធ្វើ​ខ្លួនឯង តែ​ទៅ​បង្រៀន​តាម​ភូមិ ឲ្យ​គាត់​ធ្វើ​ហើយ ហើយ​ឲ្យ​គាត់​យកមក​ឲ្យ​យើង​លក់​។ យើង​នឹងធ្វើ​ទីផ្សារ​ឲ្យ​គាត់​វិញ​។ តម្លៃ​ចាន​ស្លឹកឈើ​មួយ​មានតម្លៃ​៣០០​រៀល​»​។ នេះ​ជាការ​រៀបរាប់​របស់​យុវ​សិស្ស ហា​ន្នី ដែល​សង្ឃឹមថា​ចាន​ស្លឹកឈើ​នេះ​នឹងមាន​ទីផ្សារ​នៅ​សហគមន៍​របស់ខ្លួន ហើយ​ជំរុញ​ឲ្យ​គ្រប់​តំបន់​អនុវត្តតាម ដើម្បី​បង្កើន​ចំណូល​ដល់​ពលរដ្ឋ​។ 
 
​ក្រោយពី​ការផលិត​ចាន​ស្លឹកឈើ​នេះ​ទទួលបាន​ជោគជ័យ និង​មាន​ថវិកា​គ្រប់គ្រាន់ ក្រុម​យុវ​សិស្ស​ទាំងនោះ នឹង​បន្ត​សិក្សា​ផលិត​កែវ និង​ស្លាបព្រា​ធ្វើ​ពី​ស្លឹកឈើ ឬ​វត្ថុធាតុដើម​ជាច្រើន​ប្រភេទ​ទៀតផង​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​យុវ​សិស្ស ហា​ន្នី​៕ 
 


 

 





Tag:
 យុវ​សិស្ស​
 ​ ចាន​
 ​ ស្លឹកឈើ​
 ​ សហគមន៍​
  ​ប្លា​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com