ជាតិ
សង្គមជាតិ
លោក ឡុង កុសល​៖ សំណង់​ខុសច្បាប់​នឹង​ប្រឈម​ការរុះរើ​ទាំងស្រុង បើសិន​ពលរដ្ឋ​ឆ្លៀត​សង់​កំឡុងពេល​សម្រាក​នេះ​
15, Aug 2020 , 8:59 pm        
រូបភាព
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
 ​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ព្រមាន​ពី​ការរុះរើ​ដោយ​ពុំមាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ រាល់​សំណង់​ខុសច្បាប់​ទាំងឡាយណា ដែល​លួច​សាងសង់​កំឡុងពេល​ថ្ងៃ​ឈប់សម្រាក​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃ​២១ សីហា​។ បន្ថែម​ពីនេះ មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​ព្រមាន​ពី​វិធានការ​ផ្លូវច្បាប់​លើ​ជនខិលខូច​ដែល​លួច​ប្រើ​ឈ្មោះ​ស្ថាប័ន​នេះ ឆបោក​ពលរដ្ឋ​ឱ្យធ្វើ​សំណង់​ដោយ​ពុំមាន​ការស្នើសុំ​មក​ស្ថាប័ន​ជំនាញ​។​

 
«​សូម​មេ​ត្ដា កុំ​ធ្វើការ​សាងសង់​សំណង់​ខុសច្បាប់​ណាមួយ​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅពេលនេះ (​ថ្ងៃ​សម្រាក​) ព្រោះ​យើង​មិន​ចង់ឱ្យមាន​ការកើនឡើង​នូវ​សំណង់​ខុសច្បាប់​ដែល​បង្ក​ផល​លំបាក​ដល់​រមណីយដ្ឋាន​អង្គរ​ទេ រាល់​សំណង់​ខុសច្បាប់​ទាំងអស់ នឹងត្រូវ​ធ្វើការ​រុះរើ​ចេញ​វិញ ដែលនាំឱ្យ​ខូចខាត​ដល់​ផលប្រយោជន៍រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ខ្លួនឯង​ទៅវិញ​»​។ នេះ​ជា​សារ​ព្រមាន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​អង្គរ ពី​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល​។ បន្ថែម​ពីនេះ លោក ឡុង កុសល ស្នើឱ្យ​ពលរដ្ឋ​ទាំងអស់ កុំ​ស្ដាប់​ពាក្យ​ឆបោក​របស់​បុគ្គល​មួយចំនួន ដែល​អះអាង ធានា​រត់ការ​ដើម្បី​បា​នា​សាងសង់ ដែល​នេះ​ផ្ទុយ​ពី​គោលការណ៍​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​។​
 
​ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ និង​កិច្ចសហប្រតិបត្តិការ រូបនេះ​ពន្យល់ថា ប្រជាពលរដ្ឋ​ដែល​ចង់​រុះរើ​ផ្ទះ​ចាស់ សង់ផ្ទះ​ថ្មី និង​មាន​សំណើរ​ជួសជុលផ្ទះ​ជាដើម ត្រូវដាក់​ពាក្យស្នើសុំ​ទាំងនោះ​មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​តាម​អាជ្ញាធរ​មូលដ្ឋាន ហើយ​ការធ្វើ​ផ្ទុយ​ពីនេះ ចាត់ទុកជា​សំណង់​ខុសច្បាប់ និង​ប្រឈមមុខ​នឹង​ការរុះរើ​ដោយ​គ្មាន​លក្ខខណ្ឌ​។ លើសពីនេះ មន្ត្រី​រូបនេះ​ក៏​ស្នើសុំ​កិច្ចសហការ​ជាមួយ​ប្រជាពលរដ្ឋ ក្នុងការ​រាយការណ៍​ករណី​ដឹង​ពី​បុគ្គលិក​ឬ​សកម្មភាព​ខាងលើ ត្រូវ​ប្រញាប់​រាយការណ៍​មក​ស្ថាប័ន​ខ្លួន ដើម្បី​មាន​វិធានការ​ផ្លូវច្បាប់ ក៏ដូចជា​បង្ការ​ការខូចខាត​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ផ្ទាល់​។​
 
​គួរ​បញ្ជាក់ថា ជាទូទៅ​នៅ​រាល់​ពិធី​បុណ្យទាន​ម្ដងៗ តែងមាន​ករណី​លួច​សង់​សំណង់​ខុសច្បាប់ ហើយ​ការសាងសង់​នេះ​មាន​លក្ខណៈ​លឿន​បំផុត អាច​មួយ​យប់​បានកូន​ផ្ទះមួយ​ខ្នង ដែល​នេះ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​កត់សម្គាល់ថា សុទ្ធសឹង​មានការ​ត្រៀមលក្ខណៈ​ជាមុន​។ យ៉ាងណា សំណង់​ទាំងនោះ​តែងមាន​វិធាន​ការឱ្យ​ព្រមព្រៀង​រុះរើ និង​ករណីខ្លះ​ប្រឈម​ផ្លូវច្បាប់​ក៏មាន​៕
 
 

Tag:
 សំណង់​ខុសច្បាប់​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com