តើ​AK-47​មានន័យ​ដូចម្តេច​? បង្កើត​ដោយ​នរណា​ហើយ​ហេតុអ្វី​បានជា​ល្បី​ម្ល៉េះ​?
អន្តរជាតិ
​បច្ចេកវិទ្យា
តើ​AK-47​មានន័យ​ដូចម្តេច​? បង្កើត​ដោយ​នរណា​ហើយ​ហេតុអ្វី​បានជា​ល្បី​ម្ល៉េះ​?
15, Aug 2020 , 9:30 pm        
រូបភាព
​សម្រាប់​ប្រភេទ​អាវុធ លោកអ្នក​អាច​និយាយបានថា AK-47 ជា​ប្រភេទ​អាវុធ​មួយ​ដែលមាន​មនុស្ស​ស្គាល់​បាន​ច្រើនជាងគេ​។ មិន​ថា​នៅក្នុង​រឿងភាពយន្ត ឬ​ក្នុង​ហ្គេម​អាវុធ​បែប​កម្សាន្ត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នោះទេ AK-47 ភាគ​ត្រូវបាន​គេ​លើក​យកមក​និយាយ ឬ​បង្ហាញ​ជានិច្ច​។

 
​កាំភ្លើង​មួយ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Mikhail Kalashnikov ដែលជា​អតីត​ទាហាន​ជនជាតិ​រុស្ស៊ី​ម្នាក់​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២​។ លោក Mikhail កើត​នៅក្នុង​ឆ្នាំ​១៩១៩ ក្នុង​ត្រកូល​គ្រួសារ​កសិករ​។ លោក​ដំបូង​ឡើយ​ចង់​ក្លាយជា​អ្នកនិពន្ធ​កំណាព្យ​ទេ តែដោយសារ​ប្រទេស​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​សង្គ្រាម លោក​ជាមួយនឹង​ក្មេងប្រុសៗ​ដទៃទៀត​ត្រូវបាន​គេ​យកទៅ​បង្វឹក​ធ្វើជា​ទាហាន​។ 
 
​ក្រោយមក​លោក​បានក្លាយ​ទៅជា​នាយ​បញ្ជារ​រថក្រោះ តែ​ត្រូវ​រងគ្រោះ​រា​ង្គ​កាយ​ក្នុង​សង្គ្រាម ឯ​ឆ្នាំ​១៩៤១ នៅពេលដែល​លោក​ប្រយុទ្ធ​ជាមួយ​ទ័ព​ណា​ស៊ី អាល្លឺម៉ង់​។ ក្រោយមក លោក​ក៏បាន​យក​ពេលវេលា​មួយចំនួន​ដើម្បី​សិក្សា​ពី​លក្ខណៈ​នៃ​កាំភ្លើង​។ មិត្ត​របស់លោក​បាន​សួរ​លោក​ថា ហេតុអ្វី​បានជា​ទាហាន​រុស្ស៊ី មិនមាន​កាំភ្លើង​មួយ​ដែល​ល្អ​សម្រាប់​ប្រើប្រាស់ និង​ការពារ​ខ្លួន​ដូច​ទាហាន​ណា​ស៊ី​អ៊ីចឹង​។ លោក Kalashnikov បាន​ប្រើប្រាស់​ពេល​របស់លោក​ក្នុងការ​ច្នៃប្រឌិត​ផលិត​កាំភ្លើង​មួយ​ប្រភេទ​សម្រាប់​ប្រជាជន​ជន​រុស្ស៊ី​ក្នុងការ​ការពារ​ទឹកដី​។ 
 
​ក្នុង​ឆ្នាំ​១៩៤៧ លោក​បាន​បង្កើត​កាំភ្លើង AK-47 ជា​លើកដំបូង​។ ឈ្មោះ​ជា​ផ្លូវការ​របស់​វា​គឺ Avtomat Kalashnikova ក្នុង​ភាសា​រុស្ស៊ី ឬ Automatic Kalashnikov សម្រាប់​ភាសា​អង់គ្លេស​។ អក្សរ «AK» គឺជា​អក្សរ​កាត់​សម្រាប់​ឈ្មោះ​ជា​ភាសា​រុស្ស៊ី​ខាងលើ ចំណែកឯ​លេខ ៤៧ គឺជា​ឆ្នាំ​១៩៤៧ ដែល​លោក​បាន​បង្កើត​វា​ដំបូង​។ AK-47 ត្រូវបាន​គេ​ផលិត​សម្រាប់​ការបាញ់​ក្នុង​ចម្ងាយ​ជិតៗ​តែប៉ុណ្ណោះ តែ​អ្វីដែល​សំខាន់​គឺ​លក្ខណៈសាមញ្ញ​នៃ​គ្រឿង​របស់​វា​។ 
 
​ងាយស្រួល​ប្រើប្រាស់ ងាយស្រួល​ជួសជុល និង​អាច​ទុកចិត្តបាន ទោះបីជា​ប្រើប្រាស់​ក្នុង​កន្លែង​កខ្វក់ សម្បូរ​ទៅដោយ​កម្ទេច​ដី ឬ​នៅក្នុង​ដៃ​ទាហាន​ដែល​មិនសូវ​ចេះ​ថែទាំ​កាំភ្លើង​ក៏ដោយ ក៏ AK-47 អាច​បាញ់​មិន​ងាយ​គាំង​ដោយ​ស្រួលៗ​ដែរ​។ វា​មាន​អាយុ​ប្រើប្រាស់​រហូត​ទៅដល់​៤០​ឆ្នាំ​។ ក្នុងចំណោម​កាំភ្លើង​ដៃ​ទាំង​៥០០​លាន​គ្រឿងក្នុង​ពិភពលោក ដែល​គេ​ប្រើប្រាស់​សព្វថ្ងៃ ក្នុងនោះ​១០០​លាន​គឺជា​កាំភ្លើង AK-47 ឬ​កាំភ្លើង​ជំនាន់​ក្រោយ​ដែលមាន​ម៉ាក​ស្រដៀង​គ្នា​និង AK-47 ដែរ​។ 
 
​ដោយសារតែ​វា​មានតម្លៃ​ធូរ​ថ្លៃ ទើប​កាំភ្លើង​មួយ​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមមនុស្ស​ខុសច្បាប់​មួយចំនួន​ដូចជា​ក្រុម​ភេរវជន ឬ​ក្រុម​ជួញដូរ​គ្រឿងញៀន​។ នៅក្នុង​ពិធី​ខួបកំណើត​ទី​៩០​របស់លោក ក្រោយពី​ពេលដែល​មតិ​ជាច្រើន​បាន​និយាយថា AK-47 បាន​ក្លាយជា​កាំភ្លើង​ដែល​ភេរវជន​ជាច្រើន​ប្រើប្រាស់​លោក Mikhail បាន​ឆ្លើយតប​ទៅវិញ​ថា វា​មិនមែនជា​កំហុស​របស់លោក​ទេ បើ​លោក​បាន​បង្កើត​កាំភ្លើង​សម្រាប់​ការពារ​មាតុភូមិ​របស់លោក តែ​បែរជា​ត្រូវបាន​ធ្លាក់​ទៅកាន់​ដៃ​ជន​អាក្រក់​វិញ​នោះ​។ លោក Mikhail Kalashnikov បានទទួល​មរណភាព​ក្នុង​ឆ្នាំ​២០១៣ ឯ​ទីក្រុង Izhevsk ប្រទេស​រុស្ស៊ី​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com