ជាតិ
សង្គមជាតិ
ក្រសួងសាធារណការ ស្នើពលរដ្ឋ កុំប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយផ្ទុកមនុស្សច្រើន ទិដ្ឋភាពពលរដ្ឋចេញដំណើរតាមរថយន្តសាធារណៈទៅស្រុកកំណើតកាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩ រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
×
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត ឬទៅកម្សាន្តលេងនៅតាមតំបន់ទេសចរណ៍ នាថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរ ដោយប្រើមធ្យោបាយរថយន្តខ្លួនឯងក្តី ឬរថយន្តឈ្នួលក្តី គឺត្រូវរក្សាគម្លាតពីគ្នា និងមានការប្រុងប្រយ័ត្នការពារពីជំងឺកូវីដ-១៩ជានិច្ច។
ក្រសួងសាធារណការ និងក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំរួមគ្នា ដល់ម្ចាស់រថយន្ត អ្នកបើកបរ ត្រូវសម្អាតរថយន្តដោយបាញ់ទឹកសម្លាប់មេរោគ ត្រូវមានទឹកអាល់កុល និងបើកបង្អួចឲ្យខ្យល់ចេញចូលឲ្យបានគ្រប់គ្រាន់ ជៀសវាងការប្រើម៉ាស៊ីនត្រជាក់ មុន និងក្រោយដឹកអ្នកដំណើរ។ ចំពោះអ្នកដំណើរក៏ត្រូវពាក់ម៉ាស់ លាងដៃជាមួយនឹងទឹកអាល់កុល និងជៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈដែលផ្ទុកមនុស្សច្រើន ហើយរក្សាគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ។
ក្រសួងទាំងពីរ ណែនាំឲ្យអ្នកបើកបរ ឬអ្នកធ្វើដំណើរដែលដឹងថាខ្លួនមានជំងឺផ្តាសាយ ក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ត្រូវផ្អាកការធ្វើដំណើរដើម្បីទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ ឬជំងឺផ្សេងៗ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថានាថ្ងៃឈប់សម្រាកនេះមន្ទីរសុខាភិបាលតាមបណ្តាខេត្តនីមួយៗនឹងនៅតែបន្តការជួយសង្គ្រោះ ពិនិត្យ ថែទាំ ព្យាបាលគ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ៕
Tag:
ពលរដ្ឋ
ដំណើរ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com