ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​អ្នក​រិះគន់​រឿង​ព្រំដែន​ថា​«​បើ​អ្នកណា​ចង់​ជាប់គុក យើង​នឹង​បំពេញ​តាម​បំណងប្រាថ្នា​»
16, Aug 2020 , 9:53 am        
រូបភាព
​ភ្នំពេញ​៖ អ្នក​រិះគន់​បញ្ហា​ព្រំដែន នឹង​ប្រឈមមុខ​ចាប់ខ្លួន​បន្តទៀត​។ សម្ដេច ហ៊ុន សែន ប្រកាស​បែបនេះ ក្នុង​ពិធី​សម្ពោធ​សួន​«​ទឹក​ហ្គា​ឌិន​ស៊ិ​ធី​» ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ សីហា​នេះ​។​



​សម្ដេច ហ៊ុន សែន បាន​អះអាងថា រដ្ឋាភិបាល យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេសជិតខាង​ហើយ ប៉ុន្តែ​នៅតែមាន​អ្នក​រិះគន់​លើ​បញ្ហា​នេះ រួមទាំង​ចោទ​រដ្ឋាភិបាល​«​ក្បត់ជាតិ​»​ទៅវិញ​។ ពាក្យរិះគន់​រដ្ឋាភិបាល​ថា «​ក្បត់ជាតិ​»​ ដោយថា​គប់គិតដោះដូរ​ដី​ជាមួយ​ប្រទេសជិតខាង​នេះ ធ្វើឱ្យ​លោកនាយក​រដ្ឋមន្ត្រី មិន​សប្បាយចិត្ត​ឡើយ​។​
 
​ព្រោះតែការមិនសប្បាយចិត្ត​នេះហើយ ទើប​សម្ដេច ហ៊ុន សែន ប្រកាស​បន្ត​ចាប់ខ្លួន​អ្នក​រិះគន់​រឿង​ព្រំដែន​នេះ​ថែមទៀត​។ ប្រមុខ​រដ្ឋាភិបាល ដែល​និយាយ​ខ្លាំង​យ៉ាង​ដាច់​ណាត់ ក្នុង​ពិធី​សម្ពោធ​សួន​ទឹក នៅ​ព្រឹក​នេះ បានប្រកាសដូច្នេះ​ថា​៖ «​សុំ​ផ្ញើរ​សារ (​ទៅ​អ្នក​រិះគន់​)​ចេញមក​ប៉ុន្មាន​ចាប់​ប៉ុណ្ណឹង​»​។​
 
​កន្លងមក​មានការ​លើក​ឡើង​ថា ការរិះគន់​លើ​បញ្ហា​ព្រំដែន​នេះ គឺ​គ្រាន់តែ​ជាការ​តស៊ូ​មតិ ដើម្បី​ផល​ប្រ​យោ​ជ​ន័៍ជាតិ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្ដេច ហ៊ុន សែន មិន​យល់ឃើញ​បែបនេះ​ឡើយ​។ «​អ្នកខ្លះ​ថា (​បញ្ហា​ព្រំដែន​)​ជា​រឿង​តស៊ូ​មតិ (រឿង​ព្រំដែន)អត់​តស៊ូ​មតិ​ទេ។ វាជារឿងផ្លូវច្បាប់សុទ្ធសាធ ព្រោះវាមិនមែនជាពេលត្រូវការធ្វើប្រជាមតិ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​និយាយបែបផ្លែផ្កា​ទៅ​អ្នក​រិះគន់​រឿង​ព្រំដែន​ថា «​បើ​អ្នកណា​ចង់​ជាប់គុក យើង​នឹង​បំពេញ​តាម​បំណងប្រាថ្នា​»​។​
 
​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា រាល់​ការចាប់ខ្លួន​អ្នក​រិះគន់​បញ្ហា​ព្រំដែន​ទាំងអស់ គឺ​ក្រោម​ប​ទល្មើស​ជាក់ស្ដែង ដែល​ត្រូវ​ចាប់ខ្លួន​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​។ ​ប្រមុខ​រដ្ឋាភិបាល ដែលរំឭកត្រួសៗពីការចាប់ខ្លួនអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការរិះគន់រឿងព្រំដែនកន្លងមក បានលើកយកមកពន្យល់ដូច្នេះថា៖«​ការចាប់ខ្លួន ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា និង អ៊ុំ សំអាន អតីត​សមាជិក​រដ្ឋសភា គឺ​ចាប់​ក្នុង​បទល្មើស​ជាក់ស្ដែង​។ រឿង​អី​ស្នេហា​ជាតិ​តែឯង​»​។ 
 
​កាលពី​ថ្ងៃទី ១៤ សីហា សមត្ថកិច្ច បាន​ចាប់ខ្លួនលោក សួង សុ​ភ័​ណ្ឌ  ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ និង​ជា​អតីត​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ហេតុផល​ថា ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ពាក់ព័ន្ធ​នឹង​ការ​បំភ្លៃ​ការពិត លើ​បញ្ហា​ព្រំដែន​។ ការចាប់​លោក សួង សុ​ភ័​ណ្ឌ នេះ ធ្វើឡើង​ក្រោយពី​ប្រធាន​បក្ស​ខ្មែរ​ឈ្នះ​រូបនេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ ដោយ​ព្រមាន​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង លោក​រ៉ុង ឈុន ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រំដែន​នេះដែរ​។​
 
​លោក រ៉ុង ឈុន ដែលជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជា​មេ​សហជីព និង ជាទី​ប្រឹក្សា​នៃ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា ត្រូវបាន​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយ​លោក​រង​ការចោទប្រកាន់ថា បាន​បំផ្លើស​ខុស​ការពិត​ក្នុង​រឿង​ព្រំដែន​។​
 
​ទាំង​លោក រ៉ុង ឈុន និង​លោក សួង សោ​ភ័​ណ្ឌ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ​ញុះញង់​ឱ្យប្រព្រឹត្ត​អំពើ​បង្កឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង​តាម​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ តុលាការ ចាត់ទុក​បទល្មើស​រប​ស់លោក ថា​ជា​បទល្មើស​ជាក់ស្តែង​។​
​ដោយឡែក​អ្នក​ដែល​ចូលរួម​បាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នោះ ក៏​ត្រូវបាន​សមត្ថកិច្ច​រារាំង និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដែរ ដែល​សរុបមក​ដល់ពេល​នេះ មាន​ចំនួន​ជិត​១០​នាក់​ហើយ​។ សង្គម​ស៊ិ​វិល ចាត់ទុក​ការប្រើ​អំពើហិង្សា​ពី​កម្លាំង​អាជ្ញាធរ ទៅលើ​ក្រុមយុវជន​និង​ប្រជាពលរដ្ឋ ជាពិសេស​ទៅលើ​ស្ត្រី​ដែល​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នេះ​ថា ជាការ​រំលោភសិទ្ធិ​មូលដ្ឋាន​។​
 
​មិនតែប៉ុណ្ណោះ​អង្គការ​ជាតិ​និង​អង្គការ​អន្តរជាតិ​នានា អំពាវនាវ​ជាបន្តបន្ទាប់ឱ្យ​ទម្លាក់​បទ​ចោទ​ និង​ដោះលែង​លោក រ៉ុង ឈុន រួមទាំងអ្នក​រិះគន់​រឿង​ព្រំដែន​ដែរ​។ ពួកគេ យល់ថា ការចាប់ខ្លួន​ប្រធាន​សហជីព​រូបនេះ និងអ្នកពាក់ព័ន្ធ គឺជា​ការគំរាមកំហែង​ដោយផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ប្រើប្រាស់​សិទ្ធ​របស់ខ្លួន​ក្នុង​បញ្ចេញមតិ​៕
  
 
 
 
 

Tag:
 ហ៊ុន សែន
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com