កីឡាជាតិ
ជាតិ
លោក យ៉ែម វណ្ណៈ អ្នកវាយតម្លៃ​អាជ្ញាកណ្តាល​បាល់ទាត់ ទទួលមរណភាព​ក្នុង​វ័យ​៣៩​ឆ្នាំ​
16, Aug 2020 , 3:18 pm        
រូបភាព
ដោយ:
 លោក យ៉ែម វណ្ណៈ អ្នកវាយតម្លៃ​អាជ្ញាកណ្តាល​បាល់ទាត់ និង​ជា​គ្រូ​អប់រំ​កាយ​និង​កីឡា​នៅ​វិទ្យាល័យ​ច្បារអំពៅ​បានទទួល​មរណភាព​ក្នុង​វ័យ​៣៩​ឆ្នាំ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​។ សព​របស់លោក​កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ក្នុង​ខេត្តកំពង់ធំ​។​

 
​បើតាម​លោក កែវ សារ៉េត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក យ៉ែម វណ្ណៈ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នៅ​ថ្ងៃ​ព្រឹក​ទី​១៥ ខែសីហា ឆ្នាំ​២០២០ ក្រោយ​ជំងឺ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម និង​ទឹក​ដក់​ក្នុង​សួត​ធ្វើទុក្ខ​ខ្លាំង​។ ដោយសារ​មិនអាច​ទ្រាំទ្រ​នឹង​ជំងឺ​ទាំងនេះ លោក ក៏បាន​ទទួលមរណភាព​នៅ​យប់​ថ្ងៃទី​១៥ សីហា តែម្តង​។  
 
​អគ្គលេខាធិការ​រូបនេះ​បន្ថែមថា ក្រៅពី​អាជីព​ជា​មន្ត្រី​វាយតម្លៃ​អាជ្ញាកណ្តាល​បាល់ទាត់ អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ខាងលើ ក៏​ជា​អ្នក​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​បាល់ទាត់​មួយរូប​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផងដែរ​។ 
 
​លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ជា​មិត្តភក្តិ​ជិតស្និទ្ធ​ម្នាក់​របស់លោក យ៉ែម វណ្ណៈ បាន​រៀបរាប់​ពី​ប្រវត្តិ​ថា ដំបូង​ឡើយ​លោក យ៉ែម វណ្ណៈ ជា​អតីត​កីឡាករ​ជម្រើស​ប្រចាំខេត្ត​កំពង់ធំ​។ ក្រោយមក លោក ក៏បាន​ហៅ​លោក យ៉ែម វណ្ណៈ មក​ចូលរួម​ជាមួយ​ក្លិប​អគ្គ​ភស្តុភារ​ក្រសួងការពារជាតិ​(​កងយោធពល​ខេមរភូមិន្ទ​)​ជាមួយ​លោក​ក្នុងអំឡុង​ឆ្នាំ​២០០០​។  
 
​គ្រូបង្វឹក​រូបនេះ​បាន​បន្តទៀតថា ក្នុងអំឡុងពេល​រួមរស់​ជាមួយ​ក្លិប​នេះ លោក យ៉ែម វណ្ណៈ ត្រូវបាន​សហព័ន្ធ​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ជាច្រើនលើក​។ ប៉ុន្តែ​លោក​មិន​ចាំ​ឆ្នាំ​នោះទេ​។ ក្រោយ​លោក និង​លោក យ៉ែម វណ្ណៈ បាន​ពិភាក្សាគ្នា និង​ចូលរៀន​នៅ​សាលា​កីឡា បន្ទាប់​លោក យ៉ែម វណ្ណៈ ក៏បាន​ប្រឡង​ជាប់​ជា​គ្រូ​អប់រំ​កាយ​និង​កីឡា​រហូតមក​បច្ចុប្បន្ន​៕  
 

Tag:
 បាល់ទាត់​
  យ៉ែម វណ្ណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com