អន្តរជាតិ
​បច្ចេកវិទ្យា
ហេតុអ្វី​អាមេរិក​កំណត់​អាយុ ២១ ឆ្នាំ​ដើម្បី​អាច​ពិសា​គ្រឿង​ស្រវឹង​?
16, Aug 2020 , 7:39 pm        
រូបភាព
 ​ចំពោះ​ប្រទេស​ភាគច្រើន អាយុ​ដែល​អាច​អនុញ្ញាត​ឲ្យ​ប្រជាជន​ពិសា​គ្រឿង​ស្រវឹង​បាន​គឺ​១៨​ឆ្នាំ​។ តែ​សម្រាប់​សហរដ្ឋអាមេរិក​វិញ គេ​បានកំណត់​ត្រឹម​អាយុ​២១​ឆ្នាំ​ឡើងទៅ​។ បើ​និយាយ​ឲ្យ​ខ្លី ដោយ​គេហទំព័រ Mental Floss ច្បាប់​មួយ​នេះ​ត្រូវបាន​គេ​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨៤​។ 

​រដ្ឋាភិបាល​ថ្នាក់លើ​បានប្រកាស​ឲ្យ​រដ្ឋ​នីមួយៗ​នៃ​សហរដ្ឋអាមេរិក បង្កើន​អាយុ​នៃ​ការបរិភោគ​គ្រឿង​ស្រវឹង​ទៅដល់​២១​ឆ្នាំ បើ​មិន​ដូច​ច្នេះ​នោះទេ រដ្ឋ​ទាំងនោះ​នឹង​ត្រូវបាន​កាត់បន្ថយ​ថវិកាជាតិ​របស់ខ្លួន​ស​ម្រា​ប់​ការសាងសង់​ផ្លូវ​រហូត​ទៅដល់​១០​ភាគរយ​។ តែមាន​ការលើកលែង​មួយចំនួន​ដូចជា ការ​ពិសា​គ្រឿងក្នុង​សកម្មភាព​សាសនា ការ​ពិសា​ក្រោម​ការ​មើលថែ​ពី​ក្រុមគ្រួសារ​ដែលមាន​អាយុ​លើសពី​២១​ឆ្នាំ ក្នុងន័យ​សកម្មភាព​វេជ្ជសាស្ត្រ ឬ​តាម​ការអនុញ្ញាត​នានា​។ 
 
​ចំពោះ​រដ្ឋ​នីមួយៗ ការ​កាត់​ថវិកាជាតិ​ចំនួន​១០​ភាគរយ​ទៅលើ​ការសាងសង់​ប្រព័ន្ធ​គមនាគមន៍​មិនមែនជា​រឿង​ធម្មតា​នោះឡើយ​។ ក្រោយមក រដ្ឋ​នានា​ក៏បាន​ចាត់វិធានការ​ក្នុងការ​អនុវត្ត​កិច្ចការ​នេះ​ឡើង គឺ​ការកំណត់​អាយុ​យ៉ាងតិច​២១​ឆ្នាំ​ដើម្បី​ពិសា​គ្រឿង​ស្រវឹង​។ 
 
​ចុះ​ហេតុអ្វី​បានជា​គេ​រើស​អាយុ​«២១»? វា​គឺជា​គំនិត​នៃ​សង្គម​អង់គ្លេស​អស់​ពេល​យ៉ាងយូរ​មកហើយ ដែល​គេ​កំណត់ថា អាយុ​២១​ជា​អាយុ​ដែល​មនុស្ស​មាន​ស្មារតី​ទទួលខុសត្រូវ​ច្បាស់លាស់​។ ក្នុងសម័យ​បុរាណ មនុស្ស​ប្រុស​អាច​បោះឆ្នោត និង​ចូល​បម្រើការ​ជា​ទាហាន​ពិសេស (Knight) បាន​ចាប់ពី​អាយុ​២១​ឆ្នាំ​ឡើងទៅ​។ ដូចនេះ គេ​ក៏បាន​កំណត់ថា ដើម្បី​ពិសា​គ្រឿង​ស្រវឹង​បាន​ដោយ​ទំនួល​ខុសត្រូវ មនុស្ស​ក៏ត្រូវ​បាន​អាយុ​ចាប់ពី​២១​ឆ្នាំ​ដែរ​។ 
 
​ចុះ​ហេតុអ្វី​បានជា​ផ្នែក​ខ្លះ​នៃ​សតវត្សរ៍​ទី​២០ អនុញ្ញាត​ឲ្យ​ប្រជាជន​ពិសា​គ្រឿង​ស្រវឹង​បាន​ត្រឹម​អាយុ​១៨? លោក​អតីត​ប្រធានាធិបតី​អាមេរិក Franklin Roosevelt បាន​បន្ថយ​អាយុ​របស់​ប្រជាជន​ពី​២១​ឆ្នាំ មក​ត្រឹម​១៨​ឆ្នាំ​វិញ ដើម្បី​ចូល​ប្រយុទ្ធ​កាលពី​សង្គ្រាមលោកលើកទី​២​។ តែ​ដោយសារតែ​ហេតុនេះ ប្រជាជន​មួយចំនួន​មិន​សប្បាយចិត្ត​នៅពេលដែល​ពួកគេ​អាច​ចូល​ធ្វើជា​ទាហាន​ក្នុង​អាយុ​១៨ តែ​មិនអាច​ចូលរួម​បោះឆ្នោត​បាន​ទាល់​តែមាន​អាយុ​២១​។ ក្នុង​ឆ្នាំ​១៩៧១ សហរដ្ឋអាមេរិក បានប្រកាស​បន្ថយ​អាយុ​បោះឆ្នោត​មក​ត្រឹម​១៨​ឆ្នាំ​វិញ ហើយ​អាយុ​ពិសា​គ្រឿង​ស្រវឹង​ក៏​មក​ត្រឹម​១៨​ឆ្នាំនេះ​ដូចគ្នា​ដែរ​។ 
 
​ក្រោយពី​ការអនុវត្ត​រឿង​ថ្មី​មួយ​នេះ ចំនួន​ករណី​គ្រោះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​នៅតាម​រដ្ឋ​ដែល​បាន​បន្ថយ​អាយុ​ពិសា​គ្រឿង​ស្រវឹង​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ជាមួយនឹង​ប្រជាជន​ដែលមាន​អាយុ​ចន្លោះ​១៨​ទៅដល់​២០​ឆ្នាំ​។ រដ្ឋ​ខ្លះ​បានកំណត់​អាយុ​អាច​ពិសា​គ្រឿង​ស្រវឹង​បាន​ពី​អាយុ​១៨​ឆ្នាំ ខ្លះ​១៩​ឆ្នាំ និង​ខ្លះទៀត​២០​ឆ្នាំ​។ ដោយសារតែ​ភាពខុសគ្នា​នេះ យុវជន​មួយចំនួន​បាន​បើកបរ​ពី​រដ្ឋ​របស់ខ្លួន​ដែលមាន​ច្បាប់​តឹង ទៅកាន់​រដ្ឋ​ផ្សេងទៀត​ដែលមាន​ច្បាប់​ធូរស្បើយ​ជាង​ក្នុងការ​ជាវ​ផលិតផល​គ្រឿង​ស្រវឹង មុននឹង​ត្រលប់​មកវិញ​។ 
 
​នេះ​ក៏​ជាហេតុ​មួយ​ដែល​បាន​បង្កើត​ឲ្យ​មាន​បញ្ហា​ចរាច​ណ៍​តាមផ្លូវ​ផងដែរ​។ ក្រុម​អង្គការ​មួយចំនួន​ដូចជា «Mothers Against Drunk Driving» ឬ «​ម្តាយ​ដែល​ប្រឆាំង​ការបើកបរ​ក្នុងពេល​ស្រវឹង​» ត្រូវបាន​គេ​បង្កើតឡើង​ក្នុងការ​ទប់ស្កាត់​បញ្ហា​ទាំងនោះ​ពី​ការបន្ត​កើតឡើង​បន្ថែមទៀត​។ លោក​អតីត​ប្រធានាធិបតី Ronald Reagan បាន​ចុះហត្ថលេខា​ក្នុងការ​អនុវត្ត​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិ​ទិ្ធ​ក្នុងការ​ពិសា​គ្រឿង​ស្រវឹង​គិតពី​ត្រឹម​អាយុ​២១​ឆ្នាំ នៅក្នុង​ឆ្នាំ​១៩៨៤​។ 
 
​ការចុះផ្សាយ​ស្ថិតិ​ស្តីពី​គ្រោះថ្នាក់​ចរាច​ណ៍​បាន​បង្ហាញថា នៅ​ចន្លោះ​ឆ្នាំ​១៩៨២ ទៅកាន់​ឆ្នាំ​១៩៩៨ ប្រមាណ​ជា​៦១​ភាគរយ​នៃ​គ្រោះថ្នាក់​ចរាច​ណ៍​ពាក់ព័ន្ធ​ជាមួយនឹង​គ្រឿង​ស្រវឹង​បាន​ធ្លាក់ចុះ ចំពោះ​អ្នកបើកបរ​ក្រោម​២១​ឆ្នាំ​។ ប៉ុន្តែ​មាន​ហេតុផល​មួយចំនួនទៀត​ក៏បាន​ជិះ​ឥទ្ធិពល​ក្នុងការ​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ទាំងនេះ​ដែរ ដែល​ក្នុងនោះ​មានដូចជា ការកើនឡើង​នៃ​ការប្រើប្រាស់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ពោង​សុ​វត្តិភាព​រថយន្ត​មាន​ចំនួន​កាន់តែ​ច្រើនឡើង ស្ថានភាព​ផ្លូវ​កាន់តែ​ល្អ ការយល់ដឹង​ពី​បញ្ហា​តាម​ការរៀនសូត្រ ការផាកពិន័យ និង​ការរើសអើង​ពី​មនុស្ស​ទូទៅ​នៅពេលដែល​បើកបរ​ជាមួយ​នឹង​គ្រឿង​ស្រវឹង​៕

© រក្សាសិទ្ធិដោយ thmeythmey.com