ជាតិ
២៥ខេត្ត/រាជធានី
គម្រោង​ទេសចរណ៍​លើទឹក​ខេត្តសៀមរាប​អាច​បញ្ចប់​ក្នុង​ចុង​សប្ដាហ៍​នេះ​
16, Aug 2020 , 10:30 pm        
រូបភាព
ដោយ:
​គម្រោង​ទេសចរណ៍​លើទឹក​ស្ថិតក្នុង​ខេត្តសៀមរាប មានការ​ជិះទូក​លេង​កម្សាន្ត និង​ញ៉ាំ​ម្ហូប​ឆ្ងាញ់ៗ អាច​នឹង​បញ្ចប់​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ឲ្យ​ទាន់​ថ្ងៃ​ឈប់សម្រាក​នា​ថ្ងៃ​ខាងមុខ​។ នេះ​បើតាម​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តសៀមរាប​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០២០​។​

​គម្រោង​ទេសចរណ៍​បណ្ដែត​ទឹក​ខាងលើ​ជាការ​រៀបចំ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) រៀបចំឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ទេសចរ​ក្នុងស្រុក និង​បរទេស ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​ដូចជា​ម្ហូបអាហារ ការរស់នៅ របស់​ពលរដ្ឋ​កម្ពុជា​ជាដើម​។ គម្រោង​នេះ​បច្ចុប្បន្ន​សម្រេចបាន​ប្រមាណ ៨០​ភាគរយ និង​អាច​បញ្ចប់​នៅត្រឹម​ចុង​សប្ដាហ៍​នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តសៀមរាប​។​
 
​លោក សេង​កាក់ បាន​បញ្ជាក់ថា​៖ «​នេះ​មិនមែនជា​ផ្សារ​បណ្ដែត​ទឹក​ដូច​អ្នកលេង​ក្នុង​បណ្ដាញ​សង្គម​យល់​នោះទេ គឺជា​កម្សាន្ត​លើទឹក​ដោយមាន​ទូក​ខ្មែរ​ជាច្រើន​ចាំ​បម្រើ​អ្នកទេសចរ និង​មានការ​រៀបចំ​ម្ហូបអាហារ​នៅលើ​ទូក​កម្សាន្ត​នោះ​»​។  លោក​បញ្ជាក់ថា​អ្នកទេសចរ​អាច​កំណត់​ពេលវេលា​ក្នុងការ​ជិះទូក​កម្សាន្ត​នេះ ទៅតាម​ចិត្ត​របស់​អ្នកទេសចរ ប៉ុន្តែ​តម្រូវ​ឲ្យ​អ្នកទេសចរ​ទិញ​សំបុត្រ​ជាមុនសិន​។ ដោយឡែក​ពាក់ព័ន្ធ​តម្លៃ​សំបុត្រ លោក​មិនទាន់​អាច​បញ្ជាក់បាន​នោះទេ គ្រាន់តែ​លោក​បញ្ជាក់​ពី​ការរៀបចំ​ជា​ទេសចរណ៍​លើទឹក​នេះ មាន​របៀប​ជា​ខ្មែរ​។​
 
​បើតាម​រដ្ឋបាល​ខេត្តសៀមរាប ក្រៅពី​គម្រោង​កម្សាន្ត​បណ្ដែត​ទឹក​រដ្ឋបាល​ខេត្តសៀមរាប​បានរៀបចំ​ឲ្យ​មាន​កម្មវិធី​កម្សាន្ត​ជាច្រើន​នៅ​ថ្ងៃ​ឈប់សម្រាក​ចាប់ពី​ថ្ងៃទី ១៧ សីហា ដល់​ថ្ងៃទី ២១ សីហា ឆ្នាំ​២០២០ ដូចជា​៖ កម្មវិធី​សាសនា​,​ពិព័រណ៍​ផលិតផល​កសិកម្ម​,​កម្មវិធី​ប្រកួត​ម្ហូបអាហារ​,​កម្មវិធី​ជិះ​កង់​,​កម្មវិធី​កីឡា​វាយ​កូន​ហ្គោល​,​កម្មវិធី​ដើរ​ព្រៃ​, និង​ផ្ទាំងទស្សនីយភាព​សិល្បៈ​ជាដើម​។ 
 
​ក្នុងនោះដែរ លោក​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តសៀមរាប​ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត និង​ពង្រឹង​ពី​វិធានការ ការពារ​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល ពាក់​ម៉ាស ឧស្សាហ៍​លាង​សម្អាត​ដៃ និង​រក្សា​គម្លាត ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រាល​ត្បា​ត​ជំងឺ​កូ​វីដ​១៩​។​
 
​បើតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍​ក្នុង​ខែកក្កដា​កន្លងទៅ ខេត្តសៀមរាប​មាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន ៥ ២៧១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ៣ ៣៤០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ១ ៩៣១​នាក់​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com