ពលរដ្ឋរស់នៅបឹងទន្លេសាប បារម្ភពីជីវភាពនៅពេលដែលកម្ពស់ទឹកកាន់តែទាប
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋរស់នៅបឹងទន្លេសាប បារម្ភពីជីវភាពនៅពេលដែលកម្ពស់ទឹកកាន់តែទាប
19, Aug 2020 , 8:59 am        
រូបភាព
សៀមរាប៖ កម្រិតកម្ពស់ទឹកកាន់តែទាបពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រជានេសាទដែលពឹងអាស្រ័យផលក្នុងបឹងទន្លេសាប មានការព្រួយបារម្ភពីជីវភាព និងជីវិតរស់ពឹងផ្ទៃបឹងធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ។  បរិមាណទឹកកាន់តែទាប ផលនេសាទកាន់តែធ្លាក់ចុះ ដែលការណ៍នេះ ធ្វើឱ្យពលរដ្ឋរស់នៅតំបប់ទន្លេសាបក្នុងខេត្តសៀមរាប មានការព្រួយបារម្ភជាខ្លាំង ជាមួយអនាគតដែលពឹងផ្អែកលើភោគផលពីបឹងមួយនេះ។



ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖



 
កម្ពស់ទឹកបឹងទន្លេសាប ត្រូវបានគេមើលឃើញថា ធ្លាក់ចុះកម្រិតទាបមិនធ្លាប់មាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការធ្លាក់ចុះនេះ ត្រូវគេសន្និដ្ឋានថា ដោយសារការប្រែប្រួលអាកាសធាតុ បរិមាណទឹកពីអាងទន្លេមេគង្គដែលជាប្រភពបង្ហៀរចូលទន្លេសាបមានកម្រិតទាប រីឯបរិមាណទឹកភ្លៀងប្រចាំឆ្នាំក៏មានការថមថយ។
 
នាតំបន់ចុងឃ្នៀស ដែលមានចំងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងសៀមរាប សម្បូរទៅដោយប្រជាពលរដ្ឋរស់នៅនិងពឹងអាស្រ័យផលនេសាទ កំពុងបង្ហាញការព្រួយបារម្ភចំពោះការថមថយផលត្រី ពីបឹងដែលធ្លាប់ផ្ទុកត្រីរាប់លានតោនជាប្រចាំឆ្នាំ។ ប្រជានេសាទទាំងនោះមើលឃើញថា អនាគតពួកគេនឹងមានការផ្លាស់ប្ដូរ ប្រសិនបើទឹកទន្លេសាបបន្តប្រែប្រួល ឬកម្ពស់ទាបដូចប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
នៅចុងសប្ដាហ៍កន្លងទៅ ខ្ញុំបានចុះទៅពិនិត្យស្ថានភាពនៅតំបន់ចុងឃ្នៀស បន្ទាប់ពីមានភ្លៀងមួយមេកាលពីពេលយប់។ ខ្ញុំបានជួលទូកស្មាច់របស់សហគមន៍ជិះទស្សនា និងផ្តិតទិដ្ឋភាពទូទៅនៅតំបន់នេះ។ កម្ពស់ទឹកចាប់ផ្តើមឡើងបន្ដិចនៅតាមដងព្រែក ហើយតាមសងខាងព្រែកមានប្រជាពលរដ្ឋបង់សំណាញ់ និងអូសមោងផងដែរ។ 
 
នៅតំបន់ចុងកោះ នៅម៉ោងប្រមាណ១០កន្លះ លោកតាម្នាក់ និងចៅ២នាក់កំពុងបណ្ដែតមោងសំណាញ់ក្រឡាធំដែលមានទឹកត្រឹមចង្កេះ ខ្ញុំក៏បានឱ្យអ្នកបើកកាណូតស្មាច់ឈប់អែបជិតនោះ ដើម្បីថតសកម្មភាព ក៏ដូចជាបានជួបសម្ភាសដោយផ្ទាល់ពីមួយលោកតា  ឡាយ ណង វ័យ ៦៩ឆ្នាំ។ រស់នៅពឹងលើបឹងទន្លេសាបតាំងពីតូចមក លោកតា ឡាយ ណង ដែលមានស្បែកជ្រាវជ្រួញ និងខ្មៅរលោងដោយសារពន្លឺថ្ងៃ ប្រាប់ថា ទឹកទន្លេសាបចាប់ផ្តើមប្រែប្រួលខ្លាំងនារយៈពេល២ឆ្នាំចុងក្រោយនេះ ដែលហេតុការណ៍នេះលោកតាមិនធ្លាប់បានឃើញពីមុនមកទេ។ ចំណុចនេះ ធ្វើឱ្យរបររកត្រីមានការលំបាក ទិន្នផលត្រីធ្លាក់ចុះខ្លាំង ដែលពេលខ្លះលោកតារកមិនបានសម្រាប់ហូបផងក៏មាន។ 


 
លោកតា បន្ត៖ «យ៉ាប់រកមិនសូវបាន ពិសេសកាន់តែពិបាកកំឡុងកូវីដនេះ បឹងទន្លេសាបក៏គោក រកមិនសូវបាន...ក្រមានទឹក មិនសូវមានច្រើនដូចមុនៗទេ បើចឹងទៀត យ៉ាប់ហើយ ប៉ុន្មានឆ្នាំចុងក្រោងនេះទឹកទាបឆ្ងាយ»។ 
 
ឆ្នាំទៅ កម្ពស់ទឹកបឹងទន្លេសាបនៅតំបន់ចុងឃ្នៀសនាកំឡុងខែ សីហានេះ ចាប់ឡើងដល់កម្ពស់ពី៤ទៅ៥ម៉ែត្រ តែនៅឆ្នាំនេះ ទឹកនៅកម្រិតក្រោមមួយម៉ែត្រ គឺចាប់ផ្តើមឡើងក្រោយពេលមានភ្លៀងធ្លាប់ប៉ុន្មានមុនតែប៉ុណ្ណោះ។ លោក ឡាយ ណង បារម្ភខ្លាចទឹកឆាប់ស្រកទៅវិញនាពេលដ៏ខ្លីខាងមុខនេះ ដូចឆ្នាំទៅដែរ គឹក្រោយចេញវស្សាហើយ។
 
ខ្ញុំក៏បានបន្ដជិះកាណូតដើម្បីសង្កេតផ្ទៃបឹងទន្លេសាប ដែលមានពណ៌រៀងក្រហមល្អក់ ហើយកណ្ដាលបឹងគេអាចឃើញផ្ទះអណ្ដែតទឹក នៅជ្រុងម្ខាងទៀត គឺកាណូតទូកធំៗ ដែលនៅកឿង ដ្បិតកម្ពស់ទឹកនៅទាប មិនអាចឱ្យទូកទាំងនោះធ្វើចរាចរណ៍បាន។ កាណូតទាំងនោះ ច្រើនជាកាណូតដឹកទេសចរណ៍ធន់ធំៗ និងត្រូវផ្អាកធ្វើចរាចរណ៍ដោយសារវិបត្តិជំងឺកូវីដ១៩។
 
ខ្ញុំបានសួរនាំព័ត៌មានមួយចំនួនពីលោក ប៊ុនលី ដែលជាអ្នកបើកកាណូតស្មាច់ដែលខ្ញុំកំពុងជិះ។ ការមើលឃើញរបស់លោក ប៊ុនលី មិនខុសប៉ុន្មានពីលោក ឡាយ ណងនោះទេ លោកប្រាប់ថា ទឹកទន្លេសាបឆ្នាំនេះក្រឡើង គឺឡើងបន្ដិចបន្ដួចក្នុងខែ សីហានេះ ដែលពេលមុនៗចាប់ឡើងនៅអំឡុងខែ មិថុនា។ រស់នៅតំបន់ចុងឃ្នៀសតាំងពីឆ្នាំ ១៩៧៩ មក លោក ប៊ុនលី ដែលសព្វថ្ងៃមានរបរបន្ថែមជាអ្នកបើកកាណូតស្មាច់យល់ថា មូលហេតុដោយសារការកសាងទំនប់ទឹកច្រើនកន្លែងនៅផ្នែកខាងលើ ដូច្នេះទាល់តែផ្នែកខាងលើហូរហៀរទើបគេបើកទម្លាក់មកផ្នែកខាងក្រោម។ 


 
លោក ប៊ុនលី និយាយពីអ្នកភូមិមួយចំនួនដែលពឹងលើការរកត្រីតែមួយមុខ គឺមានភាពលំបាកខ្លាំង ពិសេសរកមិនសម្រាប់សងបំណុលធនាគារ។ លោកបន្ថែមថា គ្រួសារខ្លះកំពុងបារម្ភលើជីវិតរស់នៅពឹងអាស្រ័យផលបឹងទន្លេសាបនេះ នៅពេលដែលផលត្រីកាន់តែខ្សត់ទៅៗ។ លោកបន្ថែមថា៖« អ្នកខ្លះរកមិនទាំងហូបផង តែនៅចាប់ពីថ្ងៃទី៣ (សីហា) មកឃើញរកបានខ្លះគ្រាន់បើ ភាគច្រើនដាក់ប៉ មោង...បាន៣ទៅ៤ម៉ឺនរៀល...តាមកន្លែង ខ្លះដាក់បានច្រើន ខ្លះបានតិច...»។
 
តាមការមើលឃើញរបស់លោក ប៊ុនលី ការថមថយផលនេសាទក្នុងបឹងទន្លេសាប ក៏ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការនេសាទកំឡុងពេលបិទឡូតិ៍នេសាទ ដែលមន្រ្តីមួយចំនួនបើកដៃឱ្យចូលនេសាទខុសច្បាប់។ លោកបន្ថែមថា ប្រសិនបើអាជ្ញាធរលុបបំបាត់ឧបករណ៍ឆក់ ម៉ាញ់ នោះផលត្រីនឹងអាចបង្កើតកូនមានច្រើនឡើងវិញជាក់ជាមិនខាន។
 
លោក ប៊ុនលី បង្ហាញពីការបារម្ភបន្ថែមលើការថមថយផលនេសាទយ៉ាងដូច្នេះថា៖«បារម្ភដែរ ប្រឈមនឹងការលំបាកច្រើន ៤ ឬ៧ឆ្នាំមុនរៀងសម្បូរត្រី តែឆ្នាំនេះ ខ្សត់មែនទែន នៅសល់តែត្រីខ្លះដែលគេឆក់មិនដល់ វាពងកូនមកវិញ តែបំបាត់ឆក់ និងម៉ាញ់ ដឹងតែមានវិញ...»៕
 
លោក ឡាយ ណង៖«...ខ្ញុំអត់មានរកខុសច្បាប់នឹងគេទេ យើងចាស់ហើយ ណាមួយធ្វើឧបករណ៍អស់លុយច្រើន ប្រឈមហានិភ័យគេរឹបអូស  ចាស់ហើយ ពិបាកគ្មានកម្លាំង»៕









Tag:
 ទន្លេសាប
  ផលនេសាទ
  ចុងឃ្នៀស
© រក្សាសិទ្ធិដោយ thmeythmey.com