អន្តរជាតិ
បួនឆ្នាំមកនេះ លោក ត្រាំ ដកអាមេរិក ចេញពីស្ថាប័ន និងកិច្ចព្រមព្រៀងអន្តរជាតិអ្វីខ្លះ?
21, Aug 2020 , 8:29 am        
រូបភាព
ពាក្យស្លោក ក្នុងយុទ្ធនាការបោះឆ្នោតរបស់លោកត្រាំ។ រូបភាព៖AFP
ពាក្យស្លោក ក្នុងយុទ្ធនាការបោះឆ្នោតរបស់លោកត្រាំ។ រូបភាព៖AFP
ដោយ:
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោក ដូណាល់ត្រាំ បានចូលស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ ។ ចាប់តាំងតែពីនៅជាបេក្ខជនប្រធានាធិបតីមកម្ល៉េះ លោក ត្រាំ តែងសន្យាថានឹងដកអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយណា ដែលនាំឲ្យអាមេរិកខាតបង់ប្រយោជន៍ និងត្រូវបានប្រទេសដទៃកេងចំណេញ។ ក្នុងរយៈពេលជិតមួយអាណត្តិ តើលោកត្រាំដកអាមេរិកចេញពីកិច្ចព្រមព្រៀងសំខាន់ៗអ្វីខ្លះ?


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក(TPP)
 
នៅថ្ងៃទី២៧ មករាឆ្នាំ ២០១៧ មួយសប្តាហ៍ក្រោយពីកាន់តំណែងផ្លូវការ និងដូចអ្វីដែលលោកបានសន្យានាយុទ្ធនាការបោះឆ្នោត លោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក(Trans-Pacific Partnership)។ លោកអះអាងថា កិច្ចព្រមព្រៀងនេះបើទោះបីជាមិនទាន់ទទួលបានសច្ចាប័នពីសភាក្តី តែវានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យផលិតកម្ម ក៏ដូចជាឧស្សាហកម្មឱសថរបស់អាមេរិក។ កិច្ចព្រមព្រៀង TPP ជាគំនិតផ្តួចផ្តើមរបស់អាមេរិកក្រោមអាណត្តិលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។ កិច្ចព្រមព្រៀងនេះគ្របដណ្តប់៤០%នៃផលិតផលសរុបរបស់ពិភពលោក និងមានប្រទេសជាសមាជិកចំនួន១២។
 
អង្គការ UNESCO
 
នៅថ្ងៃទី១៧ តុលា ឆ្នាំ២០១៧ អាមេរិកបានប្រកាសដកខ្លួនពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៍របស់អង្គការសហប្រជាជាតិ(UNESCO)។ ការសម្រេចដកខ្លួននេះ ធ្វើឡើងរួមគ្នាជាមួយអ៊ីស្រាអែល ក្រោមហេតុផលចោទប្រកាន់ថា អង្គការUNESCO លម្អៀងកាន់ជើងប៉ាឡេស្ទីន ដោយអនុញ្ញាតឲ្យប៉ាឡេស្ទីនក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០១១ និងរិះគន់អ៊ីស្រាអែលចំពោះការកាន់កាប់ទីក្រុងហ៊្សេរុយសាឡឹមខាងកើត ដែលជាបេតិកភណ្ឌរបស់ប៉ាឡេស្ទីន។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ អាមេរិកបានចាកចេញជាផ្លូវការពីអង្គការនេះ។
 
ការដកខ្លួនរបស់អាមេរិកចេញពីអង្គការនេះ ក៏មិនមែនជារឿងលើកទី១ដែរ នៅឆ្នាំ១៩៨៤ រដ្ឋបាលរបស់លោក រ៉ូណាល់ រីហ្គេន បានចាកចេញពីអង្គការនេះដោយចោទថា ពុករលួយ គ្រប់គ្រងមិនបានត្រឹមត្រូវ និងមានទំនោរទៅកាន់សហភាពសូវៀត មុននឹងចូលជាសមាជិកជាថ្មីក្នុងឆ្នាំ២០០៣។ 
 
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
 
នៅខែមិថុនា ឆ្នាំ២០១៨ អាមេរិក បានសម្រេចដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយចោទប្រកាន់ថា ក្រុមប្រឹក្សានេះមាននិន្នាការប្រឆាំងអ៊ីស្រាអែល ព្រោះដោយតែងតែរិះគន់សកម្មភាពរបស់កងកម្លាំងអ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីននៅតំបន់ដែលខ្លួនកាន់កាប់។ អាមេរិកវិញ ក៏មិនពេញចិត្តក្រុមប្រឹក្សាដែលរិះគន់ចំពោះវិធានការចាប់បង្ខាំងកុមារនៅព្រំដែនអាមេរិក-ម៉ិកស៊ិកដោយអាជ្ញាធរអន្តោប្រវេសន៍អាមេរិក។ មុននឹងសម្រេចដកខ្លួក អាមេរិកបានទាមទារឲ្យមានកំណែទម្រង់ និងឲ្យដកប្រទេសដែលរំលោភសិទ្ធិមនុស្សចេញពីក្រុមប្រឹក្សានេះជាដើម។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ឺរ៉ង់ គឺជាកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង និងប្រទេសមហាអំណាចទាំង៥ រួមមានអាមេរិក បារាំង ចិន រុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ក្នុងការកំណត់ការស្តុក និងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលអាចប្រើប្រាស់ជាក្នុងការបង្កើតថាមពល ក៏ដូចជាអាវុធនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀងដែលចចារពីឆ្នាំ២០១៣ ដល់២០១៥ កំហិតអ៊ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញូមត្រឹមតែ៣ទៅ៤ភាគរយសម្រាប់វិស័យស៊ីវិលប៉ុណ្ណោះ ខណៈការចម្រាញ់សារធាតុអ៊ុយរ៉ាញូមដល់ទៅ៩០ភាគរយ ទើបអាចផលិតអាវុធបាន។ ជាថ្នូរមកវិញ សហគមន៍អន្តរជាតិនិងលើកទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់។
 
នៅខែសីហា ឆ្នាំ២០១៨ លោកត្រាំបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយចាត់ទុកថាវាជាកិច្ចព្រមព្រៀងដែលអាក្រក់បំផុត។ លោក ថាកិច្ចព្រមព្រៀងនេះមិនក្តោបសកម្មភាពម៉ីស៊ីលបាលីស្ទីក និងសកម្មភាពយោធារបស់អ៊ីរ៉ង់នៅមជ្ឈិមបូពា៍ បន្ថែមពីនេះលោកក៏បានដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ផងដែរ។
 
កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥
 
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អាមេរិកបានបញ្ជូនលិខិតមួយច្បាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយជូនជាដំណឹងថាអាមេរិកកំពុងតែដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុប៉ារីស។ តាំងតែពីឆ្នាំ២០១៧ លោក ត្រាំ តែងអះអាងថា កិច្ចព្រមព្រៀងអន្តរជាតិនេះធ្វើឲ្យប៉ះពាល់ប្រយោជន៍អាមេរិក និងធ្វើឲ្យប្រទេសផ្សេងទៀតចំណេញ និងថា បម្រែបម្រួលអាកាសធាតុគឺជាការបោកប្រាស់របស់ចិន។ លោកត្រាំ និយាយទៀតថា កិច្ចព្រមព្រៀងនេះនឹងប៉ះពាល់ឧស្សាហកម្មប្រង ធ្យូងថ្ម និងឧស្ម័នអាមេរិក។
 
កម្មវត្ថុរបស់កិច្ចព្រមព្រៀងនេះ គឺដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ទប់កុំឲ្យផែនដីកើនឡើងកម្តៅបន្ថែម២អង្សាសេនៅឆ្នាំ២១០០។ កិច្ចព្រមព្រៀងនេះក៏ដាក់ជាកាតព្វកិច្ចឲ្យប្រទេសបញ្ចេញផ្សែងពុលចម្បងៗដូចជាអាមេរិក កាត់បន្ថយការបញ្ចេញឧស្ម័នទាំងនោះ ក៏ដូចជាផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការទប់ស្កាត់ និងកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុផងដែរ។
 
អង្គការ WHO

នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០២០ លោក ត្រាំ បានផ្ញើសំបុត្រទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ពីការដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក(WHO)។ ការដកអាមេរិកក្នុងពេលការផ្ទុះជំងឺឆ្លង COVID-19 ធ្វើឡើង ក្រោមហេតុផលថា អង្គការនេះបំពេញការងារមិនបានត្រឹមត្រូវ និងកាន់ជើងចិនក្នុងការទប់ស្កាត់ជំងឺឆ្លង COVID-19 និងធ្វេសប្រហែសក្នុងកាទប់ស្កាត់ជំងឺឆ្លង ក៏ដូចជាទាមទារឲ្យមានកំណែរទម្រង់ផងដែរ។ ទោះជាយ៉ាងណាក្តី គេត្រូវចាំដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ទើបអាមេរិកចាកចេញពី WHO ជាផ្លូវការ៕

Tag:
 អាមេរិក
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com