ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្ដូរ​ចិត្ត​លែង​សុំឱ្យ​UN ពន្យា​រពេល​ប​ញ្ចូ​ន​កងទ័ព​មួក​ខៀវ​មក​កម្ពុជា​វិញ​
17, Aug 2020 , 11:47 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរ​ចិត្ត​លែង​សុំឱ្យ​អង្គការសហប្រជាជាតិ ពន្យារ​ពេល​ប​ញ្ចូ​ន​កងទ័ព​មួក​ខៀវ​មក​កម្ពុជា​វិញ​ហើយ​។ ការប្ដូរ​ចិត្ត​របស់​សម្ដេច​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយពី​ប្រកាស​ស្នើ​ទៅ​អង្គការសហប្រជាជាតិ នៅក្នុង​ពិធី​សម្ពោធ​សួន​«​ទឹក​ហ្គា​ឌិន​ស៊ិ​ធី​» ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ សីហា​។​

«​ខ្ញុំ​បានសម្រេច​ឡើងវិញ គឺ​មិន​សុំ​ពន្យា​ពេល​ការវិលត្រឡប់​របស់​ក​ង​ទ័ព​មួក​ខៀវ​កម្ពុជា​និង​ការបញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ជំនួស​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​ទើប​ទទួលបាន​នូវ​ពេលវេលា​ជាក់លាក់​នៃ​ការវិលត្រឡប់​និង​ការផ្លាស់ប្តូរ​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។​
 
​កងទ័ព​មួក​ខៀវ​ដែល​ត្រូវផុត​អាណត្តិ ហើយ​ត្រឡប់មក​កម្ពុជា​វិញ​នោះ រួមមាន កងកម្លាំង​មកពី​ប្រទេស​ម៉ាលី ខែកញ្ញា​២០២០ ,​មកពី​ស៊ូដង់​ខាងត្បូង ខែតុលា​២០២០, មកពី​អាហ្វ្រិក​កណ្តាល ខែវិច្ឆិកា​២០២០ និង​លី​បង់ ខែមករា​២០២១​។ នេះ​បើតាម​ការរៀបចំ​ពេលវេលា​របស់​អង្គការសហប្រជាជាតិ ដែល​បាន​ផ្តល់ឱ្យ​កម្ពុជា ដើម្បី​ងាយស្រួល​រៀបចំ​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ទប់ស្កាត់​ការនាំ​ចូល​កូ​វីដ​១៩​មក​ក្នុងប្រទេស​។​
 
​សម្ដេច ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​សូមនាយ​ទាហាន នាយទាហានរង​និង​ពលទាហាន​ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ទាំង​៤​ខាងលើ​រៀបចំខ្លួន ដើម្បី​វិលត្រឡប់ និង​សូមនាយ​ទាហាន​នាយទាហានរង​និង​ពលទាហាន​ដែល​នឹងត្រូវ​ទៅ​ជំនួស​រៀបចំខ្លួន​ចេញដំណើរ តាម​ការចាត់ចែង​រប​ស់​ក្រសួងការពារជាតិ​និង​អង្គការសហប្រជាជាតិ​»​។​
 
​បើទោះបី​កម្ពុជា ជា​ប្រទេស​ក្រីក្រ​និង​កំពុង​ប្រឈម​ជាមួយ​កូ​វីដ​១៩​ក្តី ក៏​រាជរដ្ឋាភិបាល​កម្ពុជា​និង​កងទ័ព​របស់ខ្លួន មិន​បោះបង់ចោល​ភារកិច្ច​ក្នុងការ​ចូលរួម​ថែរក្សា​សន្តិភាព​នៅតាម​ប្រទេស​នានា​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​នោះឡើយ​។ នេះ​បើតាម​ការអះអាង​របស់​សម្ដេច ហ៊ុន សែន​៕
 

Tag:
 ហ៊ុន សែន​
  កងទ័ព​មួក​ខៀវ​
© រក្សាសិទ្ធិដោយ thmeythmey.com