កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៣​លើក នៃ​ពានរង្វាន់​ផ្សេងគ្នា រដូវ​កាល​នេះ​
17, Aug 2020 , 1:59 pm        
រូបភាព
Manchesrer United បាន​ធ្លាក់​ចេញពី​ពានរង្វាន់ Europa League ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​ចាញ់ Sevilla ក្នុង​លទ្ធផល ២-១​។ នេះ​ជា​បរាជ័យ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើក​ទី​៣​រដូវ​កាល​នេះ និង​ជាការ​បញ្ចប់​រដូវ​កាល​ដ៏​អាក្រក់​បំផុត​របស់​បិសាច​ក្រហម​ក្នុង​រយៈពេល​៣១​ឆ្នាំ​។​



Sevilla បាន​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ទី​២​អឺរ៉ុប តាមរយៈ​ការរក​គ្រាប់​បាល់​វាយបក​តាម​ឈ្នះ​របស់​ខ្សែប្រយុទ្ធ Suso និង​ខ្សែបម្រើ Luuk de Jong មុនពេល​ការនាំ​មុខ​របស់ Man Utd ដែល​ធ្វើបាន​ពី​ខ្សែបម្រើ Bruno Fernandes ដោយ​ការ​ទាល់​បាល់​ពិន័យ​១១​ម៉ែត្រ​។ ជំនួប​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ទាំងពីរ​ធ្វើឡើង​នៅ​ទឹកដី​កណ្តាល​នា​កីឡដ្ឋាន Bruno Fernandes ប្រទេស​អាល្លឺម៉ង់ នៅ​រាត្រី​ថ្ងៃទី​១៦ ខែសីហា​។​
 
​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer ក្រុម​បិសាច​ក្រហម បាន​ធ្លាក់​ចេញពី​ការ​ប្រជែង​ពាន​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា​ដល់​ទៅ​៣​លើក ក្នុងនោះ​រួមមាន League Cup (​ចា​ញ៉ Man City ), FA Cup (​ចាញ់ Chelsea) និង Europa League ក្រោម​ថ្វី​ជើង Sevilla នេះឯង​។​
  
​មិនតែប៉ុណ្ណោះ Sevilla បានធ្វើ​ឲ្យ​ក្រុម​យក្ស​អង់គ្លេស​មួយ​នេះ បញ្ចប់​រដូវ​កាល ២០១៩-២០ ដោយ​គ្នាន​ទទួលបាន​ពាន​អ្វី​ឡើយ ដែល​នេះ​ជា​រដូវ​កាល​ដ៏​អាក្រក​ក់បំ​ផុត​សម្រាប់​ក្រុម Man Utd ចាប់តាំងពី​ពួកគេ​ទទួលបាន​លទ្ធផល​ដូច្នេះ​ក្នុង​រយៈពេល​៤​រដូវ​កាល​ជាប់​គ្នា​ចាប់ពី​ឆ្នាំ​១៩៨៥ ដល់ ១៩៨៩​។​
 
​ដោយឡែក Sevilla ដែលមាន​លោក Julen Lopetegui ជា​អ្នកចាត់ការ បាន​បន្តដំណើរ​ឆ្ពោះទៅរក​កំណត់ត្រា​ថ្មី​មួយទៀត​ក្នុងនាម​ក្រុម​ដែល​ជោគជ័យ​បំផុត​សម្រាប់​ពានរង្វាន់ Europa League នេះ​។ ក្រុម​ពី​អេ​ស្ប៉ា​ញ​នេះ ឈ្នះ​ពាន​លំដាប់​ទី​២​អឺរ៉ុប​ច្រើនជាងគេ​ចំនួន​៥​លើក តាម​ពីក្រោយ​ដោយ Liverpool, Juventus, Inter Milan និង AT-Madrid ដែល​ធ្លាប់​ឈ្នះ ៣​លើក​ដូចគ្នា ចាប់តាំងពី​កកើត​ពាន​នេះ​ឡើង​រយៈពេល ៤៩​ឆ្នាំ​។​
 
Inter Milan នឹងត្រូវ​ប្រជែង​គ្នា​ជាមួយ Shakhtar Donetsk ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី​១៧ ខែសីហា​នេះ ដើម្បី​បាន​កៅអី​ឡើងទៅ​ប៉ះ Sevilla នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រាត្រី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០៕

 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com