ជាតិ
២៥ខេត្ត/រាជធានី
ក្រៅពី​ស្រូវ ដំឡូង​មី​ជាង​១​ម៉ឺន​ហិកតា​នៅ​បន្ទាយមានជ័យ ក៏​ប្រឈម​ខូចខាត​ដោយសារ​គ្រោះរាំងស្ងួត​
17, Aug 2020 , 3:30 pm        
រូបភាព
លោក ម៉ាក់ សឿន នាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៣ សីហា ២០២០
លោក ម៉ាក់ សឿន នាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៣ សីហា ២០២០
ដោយ:
​គ្រោះរាំងស្ងួត កំពុង​គំរាមកំហែង​ដល់​ដំណាំ​ដំឡូង​មី ប្រមាណ ១.៤​ម៉ឺន​ហិកតា របស់​ប្រជាកសិករ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​លោក ម៉ាក់ សឿន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ។​

 
​ក្រៅពី​ដំឡូង​មី ដំណាំ​ស្រូវ ប្រមាណ​៨​ម៉ឺន​ហិកតា នៅក្នុង​ខេត្តបន្ទាយមានជ័យ ក៏​កំពុងតែ​ប្រឈម​នឹង​ការ​ខូ​ត​ខាត​ដែរ ដោយសារ​គ្រោះរាំងស្ងួត​។ គិត​ត្រឹម​ថ្ងៃទី​១២ ខែសីហា មាន​ស្រូវ​តែ​ជាង​៦​ពាន់​ប៉ុណ្ណោះ ត្រូវបាន​ជួយសង្គ្រោះ​។ នេះ​បើតាម​លោក​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម  ដែល​លោក​បាន​បន្តថា ដំណាំ​ស្រូវ​នៅ​ខេត្តបន្ទាយមានជ័យ និង​ព្រៃវែង​ប៉ះពាល់​ច្រើនជាងគេ ដោយសារ​រាំងស្ងួត​។ ទោះជា​យ៉ាងនេះ​ក្តី ស្រូវ​ដែល​ប៉ះពាល់​នៅ​ខេត្តព្រៃវែង​ចំនួន ១៨​ពាន់​ហិកតា នោះ​ត្រូវបាន​សង្គ្រោះ​ទាំងស្រុង​ហើយ​។​
 
​បើតាម​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​ខេត្តបន្ទាយមានជ័យ បញ្ជាក់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា​៖ «​គិត​មកដល់​ថ្ងៃនេះ​ទាំង​ដំណាំ​ស្រូវ​អាច​សង្គ្រោះបាន​ច្រើន​ហើយ និង​ដំណាំ​ដំឡូង​មី បាន​សង្គ្រោះ ស្ទើ ១០០​ភាគរយ​ដោយសារ​ទឹកភ្លៀង នៅសល់​បរិមាណ​តិចតួច​ប៉ុណ្ណោះ​»​។ ទោះបី​មិន​បញ្ជាក់​ពី​តួលេខ តែ​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា គ្មានអ្វី​ជាការ​បារម្ភ​ទៀត​នោះទេ​។​
 
​តាម​របាយការណ៍​ប្រចាំខែ​កក្កដា របស់​ក្រសួងកសិកម្ម ការងារ​បង្កបង្កើនផល​ស្រូវវស្សា​ទូទាំងប្រទេស បាន​ជាង​២.២​លាន​ហិកតា ស្មើនឹង​ជិត​៩០​ភាគរយ​។ ក្នុងនោះ​គ្រោះ​រាំង​គ្រោះ​បានធ្វើ​ឲ្យ​ស្រូវ ជាង ១០​ម៉ឺន​ហិកតា នៅក្នុង​ខេត្ត​ចំនួន​៩ បាន​រង​ផលប៉ះពាល់ និង​ប្រមាណ ៣​ពាន់​ហិកតា បាន​ខូចខាត​។ 
 
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​គោលការណ៍​ថា​នៅត្រឹម​ឆ្នាំ​២០៣០  នឹង​ប្រែក្លាយ​
​ការធ្វើ​កសិកម្ម​នៅ​កម្ពុជា ទៅជា​កសិកម្ម​ទំនើប ដោយ​ជំរុញ​ការស្រាវជ្រាវ និង​ការផ្សព្វផ្សាយ និង​ការអនុវត្ត​បច្ចេកទេស ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​។​
 
​ដោយឡែក ការផលិត​បន្លែ​នៅ​កម្ពុជា អំឡុង​វិបត្តិ​កូ​វីដ​-១៩ ក្រសួងកសិកម្ម បាន​ជំរុញ និង​បង្កើន​ការដាំដុះ ការចិញ្ចឹម​សត្វ ក្នុងស្រុក ដើម្បី​កាត់បន្ថយ​ការនាំ​ចូល និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​គ្រួសារ​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​កម្ពុជា​នៅតែ​នាំចូល​បន្លែ​មួយចំនួន ដែល​ខ្លួន​មិនទាន់​អាច​ផលិត​បាន​គ្រប់​គ្រាប់​នោះដែរ ដូចជា​ស្ពៃក្ដោប ការ៉ុត និង​បន្លែ​តាម​រដូវ​មួយចំនួនទៀត​។ នេះ​បើតាម​បញ្ជាក់ របស់លោក​នាយករង នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com