អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នូ​វែ​ល​សេ​ឡង់ ពន្យារពេល​បោះឆ្នោត​ដល់​ថ្ងៃទី ១៧ តុលា ដោយ​បារម្ភ​ពី COVID-19
17, Aug 2020 , 9:30 pm        
រូបភាព
លោកស្រីJacinda Adern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់។ រូបភាព៖AFP
លោកស្រីJacinda Adern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់។ រូបភាព៖AFP
ដោយ:
​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លោកស្រី​Jacinda Arden នៅ​ថ្ងៃទី​១៧ សីហា​នេះ​បានប្រកាសថា​នឹង​លើក​ការបោះឆ្នោត រយៈពេល​៤​សប្តាហ៍ គឺ​រហូតដល់​ថ្ងៃទី​១៧ តុលា​។ មុន​ការប្រកាស​របស់លោក​ស្រី Jacinda Arden នូ​វែ​ល​សេ​ឡង់​ត្រូវ​បោះឆ្នោត​សាកល​នៅ​ថ្ងៃទី​១៧ កញ្ញា​។

 
«​ទីបំផុត​ទៅ ថ្ងៃទី​១៧ តុលា​ផ្តល់​ពេលវេលា​គ្រប់គ្រាន់ ដល់​គណបក្សនយោបាយ​ក្នុង​ការរៀប​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ចំពោះមុខ​ស្ថានការណ៍​(COVID-19)»​។ នេះ​ជាការ​លើកឡើង របស់លោក​ស្រី Arden នៅក្នុង​ស​ន្នី​សិទ​សារព័ត៌មាន​។​
 
​ការសម្រេច​ពន្យារពេល​បោះឆ្នោត​នេះ ធ្វើឡើង​ដោយមាន​ការពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ជាច្រើន និង​គណៈកម្មការ​បោះឆ្នោត​។​ប៉ុន្តែ​លោកស្រី អះអាងថា​លោកស្រី​នឹងមិន​លើក​ពេល​បោះឆ្នោត​ជាថ្មី​ឡើយ ទោះបីជា​ស្ថិតក្នុង​ស្ថានការណ៍​ណាក៏ដោយ​។ ការសម្រេចចិត្ត​នេះ​នាំ​ឲ្យ​គណបក្សនយោបាយ មាន​ពេល​៩​សប្តាហ៍​ក្នុង​ការធ្វើ​យុទ្ធនាការ និង​ផ្តល់​ពេល​គណៈកម្មការ​បោះ​ឆ្មោ​ត​នូវ​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​បោះឆ្នោត​។​
 
​ការព្រួយបារម្ភ​បានកើត​ឡើង​សារជាថ្មី នៅ​នូ​វែ​ល​ហ្សេ​ឡង់ បន្ទាប់ពី​ប្រទេស​នេះ​រកឃើញ​ករណី​COVID-19 ជាថ្មី​ក្រោយ​គ្មាន​ករណី​ឆ្លង​រយៈពេល​១០២​ថ្ងៃ​។ ករណី​ឆ្លង​ថ្មី​ជាពិសេស​នៅ​ទីក្រុង​Auckland នេះ បាន​ក្លាយជា​សម្ពាធ​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រី​ផ្អាក​ការបោះឆ្នោត​។​
 
​ការជោគជ័យ​ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​នៅក្នុង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ នាំ​ឲ្យ​លោកស្រី​Arden បាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​។ គេ​រំពឹងថា គណបក្ស​ពលករ​របស់​លោកស្រី​នឹង​ឈ្នះឆ្នោត​បង្កើត​រដ្ឋាភិបាល​បាន ដោយ​មិនចាំបាច់​រក​សម្លេង​ជាមួយ​គណបក្ស​តូចៗ​រួមមាន​គណបក្ស Greens និង New Zealand First ដូច​ក្នុង​អាណត្តិ​នេះ​។​
 
​គណបក្ស Greens និង New Zealand First ដែល​ស្ថិតក្នុង​រដ្ឋាភិបាល​សុទ្ធតែ​គាំទ្រ​ការពន្យារ​ពេលនេះ ខណៈ​បក្សប្រឆាំង National Party បានទាមទារ​ឲ្យ​ផ្អាក​ការបោះឆ្នោត​រហូតដល់​ចុងខែ​វិច្ឆិការ ឬ​ឆ្នាំក្រោយ​៕​ការទាមទារ​របស់​ប​ក្ស​ប្រឆាំង​ត្រូវបាន សហប្រធាន​បក្ស​Greens ចោទថា ចង់​ចំណេញ​នយោបាយ ដោយ​សង្ឃឹមថា​ផលប៉ះពាល់​ពី​ជំងឺឆ្លង​COVID-19 លើ​សេដ្ឋកិច្ច​នឹងធ្វើ​ឲ្យ​ប្រជាប្រិយភាព​រដ្ឋាភិបាល​ប​ច្ចុ​ប្បន្ន​ធ្លាក់ចុះ​៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com