ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំសេចក្តីព្រាង«ផែនទីចង្អុលផ្លូវ/Roadmap» ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិកូវីដ-១៩(Post- COVID-19)។ នេះជាការលើកឡើងរបស់លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយបញ្ជាក់ថា សេចក្តីព្រាង«ផែនទីចង្អុលផ្លូវ»នេះ នឹងអនុវត្តបន្តក្នុងដំណាក់កាលNew Normal នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១។
បើតាមប្រសាសន៍របស់លោក ថោង ខុន ក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងគណៈកម្មការទី៧នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៣សីហា សេចក្តីព្រាង«ផែនទីចង្អុលផ្លូវ»នេះ គ្រោងនឹងរៀបចំដាក់ចេញជាផែនការសកម្មភាព និងការងារសកម្មភាពរបស់តួអង្គសំខាន់ៗក្នុងវិស័យទេសចរណ៍កម្ពុជា ដើម្បីក្តាប់យកមកវិញនូវចំនួនភ្ញៀវទេសចរ ៧លាននាក់ ក្នុងឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានរៀបរាប់ថាសេចក្តីព្រាង«ផែនទីចង្អុលផ្លូវ»នេះ គឺផ្តោតលើគោលដៅយុទ្ធសាស្ត្រចំនួន៣ និងបែកចែកជា៣ដំណាក់កាលសំខាន់ៗ ដោយ ក្នុងនោះមាន យុទ្ធសាស្ត្រទី១៖ ជំនួយផ្នែកសេដ្ឋកិច្ចចំពោះវិស័យឯកជន និងការងារ(ពិសេសជួយដល់សហគ្រាសធន់តូចនិងមធ្យម[SME] និងការដាក់ចេញនូវStimulus Package)។ យុទ្ធសាស្ត្រទី២៖ ជាយុទ្ធសាស្ត្រទីផ្សារអទិភាពតាមដំណាក់កាល ដោយត្រូវបង្កើនភាពជឿទុកចិត្ត និងភាពជឿជាក់, កំណត់តម្លៃសមរម្យ ដែលត្រូវនឹងធនធាន លទ្ធភាពដែលភ្ញៀវទេសចរមាននៅក្នុងដំណាក់ថ្មី ពិសេសការសម្រួលដល់ការធ្វើដំណើរ និងយុទ្ធសាស្ត្រទី៣៖ គឺការរៀបចំអភិបាលកិច្ចទេសចរណ៍កម្ពុជាឡើងវិញ។
ដោយឡែក ដំណាក់ទាំង៣នៃការរអនុវត្តផែនទីចង្អុលផ្លូវនោះមាន ដំណាក់ទី១៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលNew Normal និងការរៀបចំផែនការសម្រាប់ស្តារវិស័យទេសចរណ៍ឡើងវិញ(ឆ្នាំ២០២០ ដល់ឆមាសទី១ឆ្នាំ២០២១) ដោយក្រសួងទេសចរណ៍ផ្តោតសំខាន់លើការជំរុញទេសចរណ៍ក្នុងស្រុក ដោយអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងរៀបចំ អនុវត្តរបៀងទេសចរណ៍សុវត្ថិភាព។ នេះបើតាមលោក ថោង ខុន ដោយលោកបានបន្តថា ដំណាក់ទី២ គឺជាការជំរុញ និងស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ (នៅឆមាសទី២ឆ្នាំ២០២១ដល់២០២៣)។
លោក ថោង ខុន មានប្រសាសន៍ដូច្នេះ៖«ទោះជារកឃើញរ៉ាក់សាំង[ការពារកូវីដ-១៩]ក៏ដោយ យើងក៏ត្រូវបន្តពិនិត្យ និងពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលជានិច្ច។ ដោយរំលឹកភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្ត និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល»។ បើប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ ក្រសួងទេសចរណ៍នឹងពិនិត្យលទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍នានា ដែលបានគ្រោងទុកក្នុងផែនការកាលពីដើមឆ្នាំ២០២០ ដូចជា៖ ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុន, អង្គរសង្ក្រាន្ត និងព្រឹត្តិការណ៍Mozart...ជាដើម។
លោកបានបន្តថា លើសពីនេះនៅឆ្នាំ២០២២ ក្រសួងនឹងត្រៀមរៀបចំព្រឹត្តិការណ៍ASEAN Summit, ការរៀបចំវេទិកាទេសចរណ៍អាស៊ាន(ATF), ការរៀបចំសន្និបាតក្លឹបឆ្នេរដែលស្អាតជាងគេបំផុតលើសកលលោក និងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់តំបន់ឆ្នេរ ជាដើម។ ពិសេសជាងនេះទៅទៀត នៅឆ្នាំ២០២៣ ដែលឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(The 32th SEA Game)នោះ ក្រសួងទេសចរណ៍ បានត្រៀមរៀបចំគោលដៅទេសចរណ៍ផ្ទះទី២(Second Home) តាមរយៈការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ត្រៀមទទួលប្រភេទភ្ញៀវតេសចរពិសេស(Green Travel Bubble)។
រីឯដំណាក់ទី៣វិញ គឺជាការរៀបចំឆ្ពោះទៅអនាគតថ្មី(ឆ្នាំ២០២៤-២០២៥)នៃវិស័យទេសចរណ៍កម្ពុជា ដោយសំដៅការទាញផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើនបំផុត ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ឱ្យបានលើសមុនមានវិបត្តិកូវីដ-១៩។ «ជារួម វិស័យទេសចរណ៍កម្ពុជា នឹងផ្តោតលើការបង្កើនភាពជឿទុកចិត្ត និងភាពជឿជាក់ របស់ភ្ញៀវទេសចរឡើងវិញ ដោយផ្សារភ្ជាប់នឹងការរក្សាភាពធន់ដល់មូលដ្ឋានអាជីវកម្មទេសរណ៍កម្ពុជា»។ នេះជាការអះអាងរបស់លោក ថោង ខុន។
របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ កម្ពុជាមានភ្ញៀវទេសចរអន្តរជាតិ ត្រឹម១,១៨លាននាក់ ប៉ុណ្ណោះ។ ចំនួននេះគឺបានធ្លាក់ចុះ៦៤,៦ភាគរយ បើធៀបមនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ ការធា្លក់ចុះនៃចំនួនភ្ញៀវទេសចរនេះដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍បិទទ្វារអស់ជាង ៣ពាន់ទីតាំង និងមនុស្សដែលធ្វើការងារផ្ទាល់ក្នុងវិស័យនេះ បាត់បង់ការងារចំនួន៥ម៉ឺននាក់ ដោយគិតត្រឹមតែដើមខែសីហានេះ ប៉ុណ្ណោះ៕