ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
លោក ចាន់វីរៈ ចង់ធ្វើឲ្យទីតាំងចិញ្ចឹមចៀមរបស់ខ្លួនក្លាយជាកសិដ្ឋានកសិទេសចរណ៍
× កម្ពុជាមិនទាន់មានអ្នកចិញ្ចឹមសត្វចៀមច្រើននៅឡើយទេ ដោយសារ ចៀម ជាប្រភេទសត្វរើសអាកាសធាតុ និងពិបាកថែទាំ។ ដោយឡែកយុវជន ប៊ុន ចាន់វីរៈ អាយុ ២៥ឆ្នាំ យល់ថាការចិញ្ចឹមចៀមមិនមានការលំបាក ហើយកម្ពុជាក៏អាចចិញ្ចឹមបាន។ លោក ចាន់វីរៈ សម្រេចចិត្តចាប់ផ្ដើមចិញ្ចឹមចៀម ក្នុងគោលបំណងច្នៃជាកសិដ្ឋានកសិទេសចរណ៍ មានបន្លែ និងចិញ្ចឹមសត្វ នៅក្នុងកសិដ្ឋានរបស់លោកក្នុងខេត្តកំពង់ឆ្នាំង។
«ចាប់ផ្ដើមចិញ្ចឹមចៀមកាលពីឆ្នាំ២០១៧ ត្រឹមមេ ១០ ក្បាល និងឈ្មោល ១ ក្បាល ហើយមូលហេតុសម្រេចចិត្តចិញ្ចឹមចៀម ព្រោះមានបំណងបង្កើតកន្លែងកសិទេសចរណ៍»។ នេះជាការអះអាងរបស់លោក ចាន់វីរៈ ដែលមានស្រុកកំណើតនៅស្រុកទឹកផុស ដោយបន្តថា គោលដៅរបស់ខ្លួនលោក កំពុងជោគជ័យជាមួយការចិញ្ចឹមសត្វចៀមលក់សាច់។ បច្ចុប្បន្នមានសត្វចៀមប្រមាណ ១០០ក្បាលក្នុងកសិដ្ឋានរបស់លោក និងកំពុងរៀបចំប្រព័ន្ធទឹកស្រោចស្រពដើម្បីដាំបន្លែជាគោលដៅប្រែក្លាយជាតំបន់កសិទេសចរណ៍។
ទោះបី មិនមានជំនាញកសិកម្មក៏ពិតមែន តែយុវជនរូបនេះបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្រាវជ្រាវពីវិធីសាស្ត្រចិញ្ចឹមសត្វច្រៀមពីបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។ លោក ធ្លាប់ជួបបញ្ហាមួយចំនួន ដោយមិនទាន់ស្គាល់ច្បាស់ពីការចិញ្ចឹមចៀម និងធ្វើឲ្យសត្វចៀមរបស់លោកងាប់។
យុវជន ប៊ុន ចាន់វីរៈ
លោក ចាន់វីរៈ បញ្ជាក់ថា បច្ចុប្បន្នគម្រោងកសិដ្ឋានទេសចរណ៍របស់លោកមិនទាន់ចេញជារូបរាងនោះទេ ប៉ុន្តែកំពុងជោគជ័យក្នុងការចិញ្ចឹមចៀមសាច់។ ដោយសារទីផ្សារចៀមទូលាយ ការផ្ដត់ផ្គង់សាច់ចៀមពីកសិដ្ឋាន លោកនៅមិនទាន់គ្រប់តាមតម្រូវការនោះ ជាហេតុលោកបដិសេដចំពោះការផ្គត់ផ្គង់សាច់ចៀម ១ ក្បាលក្នុងមួយថ្ងៃពីភោជនីយដ្ឋាននានា។ សម្រាប់ទីផ្សារសាច់ចៀមក្នុងកសិដ្ឋានរបស់លោកអាចលក់បានតម្លៃ ៧ ដុល្លារក្នុង ១គីឡូ (ចៀមឈ្មោល) និងតម្លៃ ៣០០ ដុល្លារក្នុង ១ ក្បាលសម្រាប់មេចៀមពូជ។
លោកបន្តថា មិនខុសគ្នាប៉ុន្មានពីការចិញ្ចឹមគោនោះទេ ប៉ុន្តែរយៈពេលការចិញ្ចឹមចៀមឆាប់ទទួលផលជាងត្រឹម ៦ខែ ទៅ ៨ខែនឹងអាចលក់បាន។ សម្រាប់កសិករដែលមានបំណងចង់ចិញ្ចឹមចៀមទាមទារត្រូវស្គាល់សត្វចៀមឲ្យបានច្បាស់ មានទីវាលទូលាយសម្រាប់ចិញ្ចឹម ចេះពីបច្ចេកទេសចិញ្ចឹម និងតម្រូវធនធានតាមទំហំនៃការចិញ្ចឹមផងដែរ៕
Tag:
ការចិញ្ចឹមចៀម
កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com