សង្គមអន្តរជាតិ​
អន្តរជាតិ
មហាសេដ្ឋី​ទាំង​១០ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​បំផុត​ក្នុងសម័យ COVID-19
17, Aug 2020 , 4:59 pm        
រូបភាព
លោក Jeff Bezos ស្ថាបនិកAmazon។ រូបភាព៖ Bloomberg
លោក Jeff Bezos ស្ថាបនិកAmazon។ រូបភាព៖ Bloomberg
 
COVID-19 បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​ពាន់​លាន​ដុល្លារ និង​មនុស្ស​ជាច្រើន​ត្រូវ​បាត់បង់​ការងារ​ធ្វើ​។ ស្របពេល​ជាមួយគ្នានេះ សេដ្ឋកិច្ច​របស់​ប្រទេស​ជាច្រើន កំពុងតែ​រងគ្រោះ​ដោយសារ​ការបិទ​តំបន់ ឬ​ទីក្រុង ឬ​ប្រទេស​ទាំងមូល​។ ផ្ទុយទៅវិញ ខណៈ​មនុស្ស​ជាច្រើន​កំពុងតែ​រងគ្រោះ មហាសេដ្ឋី​ជាច្រើន​នាក់ បែរជា​កើន​ទ្រព្យសម្បត្តិ​ជាច្រើន​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​របស់​ទស្សនា​វ​ដ្តី​អាមេរិក Forbes ​។

 
​ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី ដែលមាន​ជាងគេ​បង្អស់​ចំនួន ១០​រូប ក្នុងសម័យ COVID- 19។​

1.​ ​Jeff Bezos
​លោក Jeff Bezos គឺជា​ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លក់​អន​ឡាញ Amazon​។ បើទោះបី​ពិភពលោក​ស្ថិតក្នុង​វិបត្តិ​COVID-19 ក៏ដោយ ប៉ុន្តែ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​រូបនេះ មានតែ​កើនឡើង​ទៅវិញ​។ គិត​ត្រឹម​ថ្ងៃទី​៧ ខែមេសា ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​វ័យ​៥៦​ឆ្នាំ​រូបនេះ មាន​ចំនួន ១១៣​ពាន់​លាន​ដុល្លារ និង​កើន​ដល់​១៨៩​ពាន់​លាន​ដុល្លារ ត្រឹម​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។ 
​យ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិ​របស់លោក Bezos អាច​នឹង​បន្ត​កើនឡើង​បន្ថែមទៀត ដោយសារតែ​ការបញ្ជាទិញ​កាន់តែច្រើន ក្នុងអំឡុងពេល​ប្រជាជន​គោរព​តាម​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព និង​ការ​ស្នាក់​នៅផ្ទះ​ជាដើម​។ 
 
២. Bill Gates
​លោក Bill Gates គឺជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ដែល​ក្រុមហ៊ុន​លក់​កម្មវិធី​កុំព្យូទ័រ​ដ៏​ធំជាងគេ​មួយ​។ ក្នុង​បរិបទ COVID-19 ទ្រព្យសម្បត្តិ​របស់ Bill Gates ក៏មាន​ការកើនឡើង​ច្រើន​ដែរ​។ បើតាម​ការចុះផ្សាយ​រប​ស់ទ​ស្សាវ​ដ្តី Forbes មហាសេដ្ឋី​រូបនេះ បាន​កើន​ទ្រព្យសម្បត្តិ​ពី​៩៨​ពាន់​លាន​ដុល្លារ ទៅ ១១៣,៦​ពាន់​លាន​ដុល្លារ បើ​គិត​មក​ត្រឹម​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។ នៅក្នុង​ខែឧសភា​មូលនិធិ Bill និង​Melinda Gates បាន​និយាយថា ខ្លួន​នឹង​បរិច្ចាគ​ទឹកប្រាក់​ចំនួន ៣០០​លាន​ដុល្លារ​សម្រាប់​ការពា​របាល​អ្នកជំងឺ COVID-19 ការស្វែងរក និង​ការស្រាវជ្រាវ​វ៉ាក់សាំង COVID-19​។ 
 
៣. Bernard Arnault និង គ្រួសារ​
​លោក Bernard Arnault ជា នាយក និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន LVMH​។ ក្រុមហ៊ុន LVMH គឺជា​ក្រុមហ៊ុន​លក់​កាបូប ស្បែកជើង ខ្សែរ​ក្រវ៉ាត់ និង​សម្ភារ​មួយចំនួនទៀត ដែល​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក​។ ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី និង​គ្រួសារ​រូបនេះ បាន​កើនឡើង​ពីរ ៧៦​ពាន់​លាន​ដុល្លារ ទៅ​ជាង ១០៧​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។ 
 
៤. Mark Zuckerberg 
​លោក Mark Zuckerberg គឺជា​សហ​ស្ថាបនិក​, ជានា​យក និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Facebook​។ ធ្លាប់ជា​មហាសេដ្ឋី​លំដាប់​ទី​៧ របស់​ពិភពលោក លោក Zuckerberg បាន​ក្លាយជា​មហាសេដ្ឋី​លំដាប់​ទី​៤ បើ​គិត​មក​ត្រឹម​ថ្ងៃទី​៧ ខែសីហា​។ មហាសេដ្ឋី​វ័យក្មេង​រូបនេះ បាន​កើន​ទ្រព្យសម្បត្តិ​ពី ៥៤,៧​ពាន់​លាន​ដុល្លារ ដល់​៩៨​ពាន់​លាន​ដុល្លារ​។ 
 
៥. Mukesh Ambani 
​លោក Mukesh Ambani គឺជា​ជនជាតិ​ឥណ្ឌា ដែលជា​ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន Reliance Industries ។ ក្រុមហ៊ុន​របស់លោក រកស៊ី​លើ​វិស័យ​ថាមពល រោងចក្រ​កាត់ដេរ ធនធានធម្មជាតិ និង​ទូរគមនាគមន៍​ជាដើម​។ អតីត​មហាសេដ្ឋី​លំដាប់​ទី​២១​រូបនេះ បាន​កើន​ទ្រព្យសម្បត្តិ​ពី​៣៦,៨​ពាន់​លាន​ដុល្លារ ទៅ ៨០,៤​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។​
 
៦. Warren Buffett
​លោក​Warren Buffett គឺជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Berkshire Hathaway​។ លោក Warren Buffett បាន​កើន​ទ្រព្យសម្បត្តិ​ពី ៦៧,៥​ពាន់​លាន​ដុល្លារ មក​៧៩,២ ពាន់​លាន​ដុល្លារ​។ 
 
៧. Steve Ballmer 
​លោក Steve Ballmer គឺជា ម្ចាស់​ក្រុម​បាល់បោះ Los Angeles Clippers និង​ជា​អ្នកវិនិយោគ​មួយរូប​របស់​អាមេរិក​។ លោក Ballmer ក៏​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Microsoft ផងដែរ ចាប់ពី​ឆ្នាំ​២០០០ ដល់​២០១៤​។ ទ្រ​ព្ប​សម្បត្តិ​របស់លោក បាន​កើន​ពី ៥២,៧​ពាន់​លាន​ដុល្លារ ដល់ ៧២,៤​ពាន់​លាន​ដុល្លារ​។ 
 
៨. Larry Ellison 
​លោក Larry Ellison គឺជា ប្រធាន​បច្ចេកវិទ្យា (CTO) និង​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​កម្មវិធី Oracle​។ ទ្រព្យសម្បត្តិ​របស់លោក បាន​កើន​ពី ៥៩​ពាន់​លាន​ដុល្លារ ដល់ ៧១,៨​ពាន់​លាន​ដុល្លារ នៅក្នុង​អំឡុង​COVID-19 ។​
 
៩. Elon Musk 
​លោក Elon Musk គឺជា​ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន Tesla និង Space X ។ មួយរយៈ​ចុងក្រោយ​នេះ ក្រុមហ៊ុន Space X បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​។ នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​Space X បាន​ដឹកជញ្ជូន​អវកាសយានិក​អាមេរិក​ចំនួន ២​រូប​ទៅ​ស្ថានីយ​អវកាស​។ លើសពីនេះ Space X បាន​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​របស់​កូរ៉េខាងត្បូង បាន​ដោយ​ជោគជ័យ​ថែមទៀត​។ ទ្រព្យសម្បត្តិ​របស់ Elon Must បាន​កើន​ពី ២៤,៦​ពាន់​លាន​ដុល្លារ ដល់ ៦៩,៣​ពាន់​លាន​ដុល្លារ​។ 
 
១០. Larry Page 
​លោក Larry Page គឺជា​សហ​ស្ថាបនិក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុមហ៊ុន Alphabet ដែលមាន Google ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​។ ទ្រព្យសម្បត្តិ​របស់លោក បាន​កើន​ពី ៥០​ពាន់​លាន​ដុល្លារ មក ៦៧​ពាន់​លាន​ដុល្លារ បើ​គិត​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com