COVID-19
អន្តរជាតិ
ករណីឆ្លងCOVID-19 សរុបនៅវៀតណាមមានជិត ១ពាន់ករណី និងអ្នកស្លាប់មាន ២៤នាក់ ពេទ្យវៀតណាម_ធ្វើតេស្តលើស្រ្តីម្នាក់_ដែលត្រលប់មកពីទីក្រុងដាណាងវិញ។
× គិតត្រឹមព្រឹកថ្ងៃទី១៨ ខែសីហា វៀតណាម មានករណីឆ្លងCOVID-19 សរុបចំនួន ៩៨៣ករណី និងអ្នកស្លាប់ចំនួន ២៤នាក់។ នេះបើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាម។
វៀតណាម បានរាយការណ៍ នៅព្រឹកថ្ងៃទី១៨ ខែសីហាថា មានករណីឆ្លង COVID-19 ថ្មីចំនួន ៧ករណីថ្មី។ ក្នុងនោះ៦ករណី គឺជាករណីឆ្លងក្នុងស្រុក និង១ករណីនាំចូលពីបរទេស។ តួលេខសរុបវៀតណាម មានករណីឆ្លង ៩៨៣ករណី និងអ្នកស្លាប់ ២៤នាក់។ តួលេខនេះ ត្រូវគេរំពឹងថា នឹងបន្តកើនឡើងថែមទៀត ខណៈវៀតណាមកំពុងប្រឹងប្រឹងទប់ស្កាត់ការរាតត្បាតនៅក្នុងស្រុក។
ភាគច្រើននៃករណីឆ្លងជិត ១ពាន់ករណីនេះ គឺមាននៅក្នុងទីក្រុងដាណាង និងតំបន់ជុំវិញ។ ចំណែកតំបន់ផ្សេងទៀត គឺមានករណីឆ្លងCOVID-19 តិចតួចប៉ុណ្ណោះ។ បើតាមការអះអាងរបស់ក្រសួងសុខាភិបាលវៀតណាម ប្រជាជនជាង ១០ម៉ឺននាក់ ត្រូវបានគេដាក់ចត្តាឡីស័ក ដើម្បីតាមដានស្ថានភាព ក៏ដូចជាទប់ស្កាត់COVID-19 ផង។
កន្លងមករដ្ឋាភិបាលវៀតណាម បានសម្រេចចុះឈ្មោះទិញវ៉ាក់សាំងរបស់រុស្ស៊ី ដែលទើបប្រកាសនាពេលថ្មីៗនេះ។ ទោះសម្រេចចិត្តទិញវ៉ាក់សាំងពីរុស្ស៊ីមែន ប៉ុន្តែវៀតណាម នៅតែបន្តអភិវឌ្ឍCOVID-19 ផ្ទាល់ខ្លួនដដែល។ បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកTuoi Tre វៀតណាមបានចុះឈ្មោះទិញវ៉ាក់សាំងពីរុស្ស៊ីចាប់ពី៥០ ទៅ ១៥០លានដូស។ វ៉ាក់សាំងខ្លះ គឺជាការបរិច្ចាគពីរុស្ស៊ី។
សូមបញ្ជាក់ថា កូរ៉ូណាវីរុស បានផ្ទុះឡើងនៅក្នុងទីក្រុងដាណាង កាលពីចុងខែកក្កដាកន្លងទៅ។ រដ្ឋាភិបាលវៀតណាម បានចាត់វិធានការយ៉ាងខ្លាំងលើបញ្ហានេះ ដើម្បីបង្ការការរាតត្បាតនៅក្នុងប្រទេស។ ការធ្វើតេស្តទ្រង់ទ្រាយធំ ការចេញបទបញ្ជាទប់ស្កាត់យ៉ាងរហ័ស ការបញ្ជូនពេទ្យជំនាញទៅតំបន់កំពុងរាតត្បាត និងការសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន គឺសុទ្ធតែជាវិធានការរបស់វៀតណាម ក្នុងការប្រយុទ្ធជាមួយជំងឺរាតត្បាតសកល៕
© រក្សាសិទ្ធិដោយ thmeythmey.com